ចំណេះដឹង ៖ អាហារ​7​យ៉ាង​ដែល​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​ទូទឹកកក

នេះ​ជា​ដំណឹង​ថ្មី​មួយ​ដែល​លោក​អ្នក​គួរ​យល់​ដឹង​។ ជា​ទូទៅ បន្លែ ផ្លែ​ឈើ និង​អាហារ​ភាគច្រើន លោក​អ្នក​តែងតែ​រក្សា​ទុក​ក្នុង​ទូទឹកកក ដើម្បី​ឲ្យ​វា​ត្រជាក់ និង​នៅ​ស្រស់ ប៉ុន្តែ​លោក​អ្នក​ពិតជា​មិន​ច្បាស់​ថា បន្លែ ផ្លែ​ឈើ និង​អាហារ​ណាខ្លះ គួរ​រក្សា​ទុក​ក្នុង​ទូទឹកកក ឬ​គួរ​ចៀសវាង​នោះ​ទេ ។ ក្រោយ​ពី​អាន​អត្ថបទ​នេះ លោក​អ្នក​ប្រហែលជា​បានដឹង​ខ្លះ​ៗ​ថា អាហារ​ខ្លះ​យើង​មិន​ចាំបាច់​រក្សា​ទុក​ក្នុង​ទូទឹកកក​ទេ ព្រោះ​ពេល​ខ្លះ​បើ​យើង​រក្សា​ទុក​នៅ​ខាងក្រៅ វា​ប្រសើរ​ជាង ។

១-​ផ្លែ​ចេក ៖
ការ​ដាក់​ផ្លែ​ចេក​ចូល​ក្នុង​ទូទឹកកក អាច​ធ្វើ​ឱ្យ​សំបក​របស់​វា​ប្រែជា​ពណ៌​ត្នោត ឬ​ឡើង​ក្រ​ម៉ៅ ព្រមទាំង​ធ្វើ​ឱ្យ​ចេក​ផ្លាស់​ប្តូរ​គុណភាព​។ ប្រសិនបើ​ចេកទុំ​ជោរ​នោះ លោក​អ្នក​គួរ​យក​វា​ធ្វើ​ជា​បង្អែម​ផ្សេង​ៗ វា​ល្អ​ជាង​ដាក់​ក្នុង​ទូទឹកកក​។

២-​នំ​បុ័ង ៖
ក្លា​សេ​នំ​បុ័ង​ក្នុង​ទូទឹកកក​អាច​ធ្វើ​ឱ្យ​វា​ឆាប់​រឹង​លឿន​ជាង​ធម្មតា ។ ភាព​ត្រជាក់​បណ្តាល​ឱ្យ​នំ​បុ័ង​ឆាប់​រឹង​លឿន​ជាង​ការ​ទុកដាក់​នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា ។ យោង​តាម​របាយការណ៍​របស់ Serious Eats បាន​លើក​ឡើង​ថា ប្រសិនបើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​នំ​បុ័ង ហើយ​ចង់​រក្សា​ទុក​វា​ឱ្យ​បាន​យូរ អ្នក​អាច​ទុក​វា​នៅ​ក្នុង​ប្រអប់​សម្រាប់​ដាក់​នំ​បុ័ង តែ​សូមកុំ​ភ្លេច​មើល​កាលបរិច្ឆេទ​កំណត់ ដើម្បី​ធានា​គុណភាព​របស់​វា ។

៣-​ប៊ឺ ៖
អ្នក​អាច​រក្សា​ប៊ឺ​ឱ្យ​នៅ​មានគុណ​ភាពល្អ​ក្នុង​ទូទឹកកក​បាន លុះត្រាតែ​អ្នក​បិទ​គម្រប​វា​ឱ្យ​ជិត ការពារ​ពី​ពន្លឺ​ថ្ងៃ និង​កុំឱ្យ​ខ្យល់​ចូល ។ អ្នកជំនាញ​ផ្នែក​ចំណីអាហារ និង​ឱសថ ក៏​បាន​និយាយ​ថា អ្នក​អាច​ទុក​ប៊ឺ​នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា​បាន​រយៈពេល​២​ថ្ងៃ​ផង​ដែរ ។

៤-​កាហ្វេ ៖
កាហ្វេ​អាច​នឹង​បាត់បង់​រសជាតិ​របស់​វា ប្រសិនបើ​អ្នក​ទុក​ក្នុង​ទូទឹកកក ។ អ្នក​គួរតែ​ទុក​វា​នៅ​កន្លែង​ស្ងួត ជា​ជាង​កន្លែង​ត្រជាក់ ឬ​មាន​សំណើម ។

៥-​ផ្លែ​ឪឡឹក ៖
អ្នក​គួរតែ​បញ្ឈប់​ការ​ក្លា​សេ​ផ្លែ​ឪឡឹក​ក្នុង​ទូទឹកកក ព្រោះថា ភាព​ត្រជាក់​អាច​ធ្វើ​ឱ្យ​សាច់​ឪឡឹក​រឹង ក្រៀម ប៉ុន្តែ​អ្នក​អាច​ទុក​វា​ទាំងមូល​បាន នៅ​កន្លែង​ត្រជាក់​បង្គួរ វា​អាច​រក្សា​គុណភាព​ល្អ​បាន​រយៈពេល​៣ ទៅ​៥​ថ្ងៃ ។

៦-​ម្ទេស ៖
កសិករ​ម្នាក់​ឈ្មោះ Almanac បាន​អះអាង​ថា ការ​រក្សា​ម្ទេស​ក្នុង​ទូទឹកកក​អាច​ធ្វើ​ឲ្យ​បាត់បង់​គុណភាព ។ បើ​លោក​អ្នក​ចង់​ទុក​វា​ឲ្យ​បាន​យូរ អ្នកជំនាញ​ខាង​ចំណីអាហារ​បាន​ណែនាំ​ថា គួរ​រក្សា​វា​នៅ​ក្នុង​ប្រអប់​ពណ៌​ត្នោត​នៅ​លើ​ធ្នើរ​ក្នុង​ផ្ទះបាយ​វិញ​ល្អ​ជាង ហើយ​បើ​ចង់​បន្ទុំ​វា​ឲ្យ​បាន​លឿន គួរ​ដាក់​ប៉េងប៉ោះ​ទុំ​មួយ​នៅ​ក្នុង​ប្រអប់​នោះ ព្រោះ​ប៉េងប៉ោះ​នឹង​បញ្ចេញ​ឧស្ម័ន​ដែល​ងាយ​ឲ្យ​វា​ឆាប់​ទុំ ។

៧-​ប៉េងប៉ោះ ៖
សីតុណ្ហភាព​ត្រជាក់​អាច​ធ្វើ​ឱ្យ​ប៉េងប៉ោះ​រឹង​ខ្សោះ​ជីវជាតិ ។ ដូច្នេះ អ្នក​គួរតែ​ទុក​វា​នៅ​ខាងក្រៅ​ល្អ​ជាង ។ របាយការណ៍​របស់ Eat by Date សម្គាល់ថា ប៉េងប៉ោះ​ខូចគុណភាព គឺ​មាន​សភាព​ទន់ ដែល​បណ្តាល​ឱ្យ​ចេញ​ទឹក​មក​ក្រៅ ៕