ឈើ​ដឹក​​ទាំង​ឡាន​​អត់​​ចាប់ទេ​ មក​ឆែក​ឈើ​​ទុក​ធ្វើ​ផ្ទះទៅ​វិញ​

ខេត្តកំពង់ស្ពឺ ៖ ឈើ​គ្រឿងផ្ទះ​មាន​ដូច​ជា​ឃ្នៀប និង​ក្តារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​ធ្វើការ​ត្រួតពិនិត្យ ​ដោយសារ​តែ​មាន​សេចក្តីរាយការណ៍​ថា មាន​ចំនួន​ច្រើន​ ព្រម​​ទាំង​បង្កប់​ឈើ​ប្រណីត​ពី​ក្រោម​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ក្នុង​នោះ​ម្ចាស់ផ្ទះ​ ក៏​បាន​យល់​ព្រម​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ដែរ ដោយ​លើក​​ឡើង​ថា ឈើ​ទាំងនេះ​ គាត់​​ទិញ​ទុក​ធ្វើ​ផ្ទះ ជា​ឈើក្រហម​ធ​ម្មតា​ មិន​មាន​បង្កប់​ឈើ​ប្រណីត​​ឡើយ​ ។

មន្ត្រី​រដ្ឋបាល​មួយ​រូប​​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​តាម​បញ្ជា​ថ្នាក់ដឹកនាំ ព្រោះតែ​មាន​សេចក្តីរាយការណ៍​ថា ជា​ឈើ​ខុស​ច្បាប់ ​ព្រមទាំង​មាន​បង្កប់​ឈើ​ប្រណីត​ទៀត​ផង ។ ប្រភព​បន្ត​ថា ពេល​នេះ ​ជំនាញ​ព្រមទាំង​កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ស្រង់​ឈើ​ចេញ​ពី​ក្នុង​ទឹកស្រះ ដើម្បី​ពិនិត្យ​​ថា តើ​ជា​ឈើ​ស្របច្បាប់ ឬ​ជា​ឈើ​ខុសច្បាប់ ​ដូច​សេចក្តីរាយការណ៍ ។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ២០១៦ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ ហើយ​ឈើ​ដែល​ស្រង់​ចេញ​បាន​ជំហាន​ដំបូង មាន​ចំនួន​តិចតួច​នៅឡើយ រង់ចាំ​ធ្វើការ​បន្ត​ទៀត គឺ​យើង​ត្រូវ​ស្រង់​ចេញពី​ក្នុង​ស្រះ​ទឹក​ឱ្យ​អស់ ដើម្បី​អាច​វាស់វែង​នូវ​ចំនួន​ពិតប្រាកដ ។

ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ពៅ ម៉ា​ឡា ភេទ​ស្រី អាយុ​២៧​ឆ្នាំ បាន​លើក​ឡើង​ថា ឈើ​ទាំងអស់​ គឺ​គាត់​ទិញ​យក​មក​ត្រាំ​ទឹក ​កុំឱ្យ​មេ​ស៊ី គឺ​ទុក​ធ្វើ​ផ្ទះ​នៅ​ឆ្នាំ​ក្រោយ ។ ស្ត្រី​ដដែល​បន្ត​ថា នៅ​ក្នុង​ស្រះ​ទឹក គឺ​ពុំ​មាន​ឈើ​ប្រណីត​ ដូច​កាល​លើក​ឡើង​របស់​បុគ្គល​មួយ​ចំនួន​នោះ​ទេ ។ រឿង​នេះ​ មាន​មនុស្ស​ខិលខូច​ចង់​ធ្វើបាប​គាត់ ព្រោះតែ​គេ​មក​គោះ​លុយ​គាត់​មិន​បាន ។ ឈើ​ត្រាំ​ទឹក​សម្បុរ​ទៅ​ជា​ខ្មៅ អស់ហើយ គេ​បែរជា​រាយការណ៍​ថា ឈើ​ទើប​យក​មក​ទម្លាក់ ធ្វើ​នេះ​​ដូច​ជា​ហួសហេតុ​ពេក​ហើយ ប្រជាពលរដ្ឋ​ទិញ​យក​មក​ទុក​ធ្វើ​ផ្ទះ បែរជា​ចោទ​ថា ខុសច្បាប់ ។ រីឯ​ឈើ​ដែល​ឈ្មួញ​ដឹក​ទាំង​ឡាន​ៗ ​គេ​មិន​ដែល​ឃើញ​អស់លោក ឬ​ក៏​អ្នក​ដែល​ទាំង​ខ្លួនឯង​ថា ជា​ឯកឧត្តម​ចេញ​មុខ​បង្ក្រាប​ឡើយ ឃើញ​តែ​ដង្ហែ​គ្នា​ស៊ីចុក​គ្រប់ពេលវេលា ។

បញ្ហា​នេះ ថ្នាក់លើ​ក៏​គួរ​ពិនិត្យ​សកម្មភាព​នេះ​ដែរ កុំ​បណ្តែតបណ្តោយ​ឱ្យ​មនុស្ស​មួយ​ក្រុម​នេះ ដើរ​ធ្វើ​សកម្មភាព​បែប​នេះ​ទៀត ប្រជា​ពលរដ្ឋ ហាក់បីដូចជា​អស់ជំនឿ​យ៉ាង​ខ្លាំង ។ ចំណេ​ក​បុរស​ម្នាក់​ជា​សាច់ញាតិ​ម្ចាស់ផ្ទះ​បាន​លើក​ឡើង​ថា មុន​ពេល​កើត​បញ្ហា​នេះ ឡើង ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ជិះឡាន​២ ទៅ​៣​គ្រឿង​ មក​ក្រវែល​ទារ​លុយ តែ​ម្ចាស់ផ្ទះ​មិន​ឱ្យ ព្រោះ​ជា​ឈើ​ទុក​សម្រាប់​សង់​ផ្ទះ  គ្មាន​ឈើ​ប្រណីត​ខ្មោចលង​អី​ទេ ។