ព្រឹក​មិ​ញ » ផ្អើល​ផ្ទះល្វែង​បើក​អ៊ី​ន​ធើ​រ​ណេ​ត​យីហោ​«HYPER Internet 24h»

ខេត្តកំពង់ចាម ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ផ្ទះល្វែង​បើក​អ៊ី​ន​ធើ​រ​ណេ​ត​យីហោ​«HYPER Internet 24h»​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​ជា​ថ្មី​ម្តងទៀត ព្រោះតែ​ច្បាប់​បាន​ហាម​មិន​ឲ្យ​អ្នកមាន​អាយុ​ក្រោម​១៨​ឆ្នាំ ប៉ុន្តែ​ម្ចាស់​នៅ​តែ​ផ្គើន​អនុញ្ញាត​ឲ្យ​ចូល​លែង​ដដែល ។

លោក​វរសេនីយ៍ត្រី ស៊ឹង ចាន់​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មាន​កម្លាំង​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក លោក​ក៏​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​សហការ​ជាមួយ​និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ចាម​ជា​ច្រើន​នាក់ ចុះ​ទៅ​កាន់​ផ្ទះល្វែង​បើក​អ៊ី​ន​ធើ​រ​ណេ​ត​យីហោ «HYPER internet 24 h» ដែល​ម្ចាស់​ឈ្មោះ ពៅ សុផល ភេទ​ស្រី គឺ​បានឃើញ​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ដាក់​នៅ​ខាង​មុខ​ផ្ទះ​ពេញ​ត្រៀប​ត្រាតែ​ម្តង ។

លោក​វរសេនីយ៍ត្រី ស៊ឹង ចាន់​អូន បាន​ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​ទៅ​ដល់​ផ្ទះ​នោះ​បានឃើញ​សិស្សសាលា​តូច​ធំ​ជា​ច្រើន​នាក់​បាន​កំពុង​តែ​លេង​សប្បាយ ហើយ​បាន​ហៅ​អ្នកលេង​ទាំងនោះ​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដើម្បី​សួរនាំ ព្រមទាំង​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ ដោយ​ហៅ​ឪពុក​ម្តាយ​ឲ្យ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម បញ្ជាក់​ថា នា​ពេល​កន្លង​មក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ចាម​ធ្លាប់​ហៅ​ម្ចាស់​អ៊ី​ន​ធើ​ណេ​ត​នេះ​មក​ធ្វើ​កិច្ចសន្យា​ម្តង​ហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ចូល​លេង​ហ្គេ​ម​នោះ​ទេ ប៉ុន្តែ​ម្ចាស់ផ្ទះ​នេះ​នៅ​តែ​ផ្គើន​មិន​ព្រម​ស្តាប់​ទាល់តែ ទើប​ហៅ​ម្ចាស់​មក​ព្រមាន​ជា​លើក​ទី​២ ហើយ​បើសិនជា​មាន​លើក​ទី​៣​ទៀត​នោះ ច្បាប់​នឹង​ត្រូវ​ចុះ​បិទ​ដោយ​ស្វ័យប្រវត្តិ ព្រោះថា​ល្បែង​ហ្គេ​ម​បាន​ពង្វក់​ក្មេង​ឲ្យ​គេច​ពី​សាលារៀន​និង​បាត់បង់​អនាគត់ ៕