ស្វាគមន៍​ការលេច​រូបរាង​ថ្មី​​សួន​ច្បារ​ព្រះ​សត្យ​​មុនី​​ចេ​តី​យ៍​

រាជធានី​ភ្នំពេញ ៖ ​សួន​ច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ ​ស្ថិត​នៅ​មុខ​ស្ថានីយរថភ្លើង ​ក្នុង​សង្កាត់​ស្រះ​​ចក ខណ្ឌដូនពេញ ដែល​រដ្ឋបាល​រាជ​ធានី​ភ្នំពេញបាន​ជួសជុល និង​កែ​លម្អ​ឡើង​វិញ​នោះ ពេល​នេះ​ស្ថាបនា​រួចរាល់​ហើយ បើ​មិន​មានការ​ប្រែប្រួល​ទេ​​នោះ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០១ កក្កដា​ ​២០១៦ ​ខាង​មុខ​នេះ ។ នេះ​បើ​តាម​​ការ​អះអាង​ពី​មន្ត្រី​រដ្ឋបាលសាលា​រាជធានី​ភ្នំពេញ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញឱ្យ​​ដឹង​ថា សួនច្បារ​ព្រះ​សត្យ​មុនី​ចេ​តី​យ៍ ត្រូវ​បានធ្វើការ​ជួសជុល និង​កែ​លំឲ្យ​មាន​សោ​ភ័ណ​​ភាព​ឡើង​វិញ កាលពី​ពេល​កន្លង​មក ។ ហើយ​មក​ដល់​ពេល​នេះ ស្ថាបនា​រួចរាល់​ហើយ ហើយ​ក្រុមការងារ​បាន និង​កំពុង​រុះរើរបង​ការដ្ឋាន​ចេញ និង​ការងារ​បោ​សសម្អាត​ ដើម្បី​ត្រៀម​ធ្វើ​ពិធី​សម្ពោធ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក​បន្ត​ថា ចំពោះ​ការងារ​ជួសជុល និង​កែ​លំអមានការ​ស្ថាបនា​អាង​បាញ់​ទឹក​ជុំវិញ​ ព្រះ​សត្យ​មុនី​ចេ​តី​យ៍បំពាក់​ដោយ​ភ្លើង LED រៀប​កំរាល​ថ្ម​ក្រា​នី​ត រៀបចំ​សួនច្បារ ដាំ​ស្មៅ ផ្ការំដួល​ចំនួន២០​ដើម ដាំ​ដើម​ជ្រៃដើម​តែ និង​ផ្កាកូឡាប​ក្រហម និង​មាន​ដាក់​បង់​សម្រាប់​ប្រជាពលរដ្ឋ​អង្គុយ​លេង​ផង​ដែរ ។