អនុប្រធានាធិបតីអាមេរិក ព្រមានចិនថា ជប៉ុន អាចធ្វើអាវុធនុយក្លេអ៊ែបានត្រឹមតែមួយយប់

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយណ្តាញ PBS អនុប្រធានាធិបតីអាមេរិក លោក ចូ ប៊ីឌិន បាននិយាយថា ក្នុងអំឡុងពេលលោកជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង លោកបានព្រមានថា ជប៉ុន អាចទទួលបានអាវុធនុយក្លេអ៊ែត្រឹមតែមួយយប់ប៉ុណ្ណោះ។

លោក ប៊ីឌិន បានព្រមានបែបនេះដើម្បីជម្រុញឱ្យចិន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសកូរ៉េខាងជើង ដោយសារតែការអភិវឌ្ឍ និងធ្វើតេស្តនុយក្លេអ៊ែ។

លោកបញ្ជាក់ថា ចិន គឺជាប្រទេសដែលមានសមត្ថភាពដ៏អស្ចារ្យតែមួយគត់ ដែលមានឥទ្ធិពលទៅលើកូរ៉េខាងជើង ដោយការកាត់បន្ថយ (ឧទាហរណ៍ដូចជា A, B, C, D) ជាដើម។

កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែ ដែលអាចវាយប្រហារមិនត្រឹមតែប្រទេសជិតខាងដូចជា កូរ៉េខាងត្បូង ចិន ជប៉ុន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចវាយប្រហារដល់ដែនដីអាមេរិកទៀតផង។

លោក ប៊ីឌិន បានប្រាប់លោក ស៊ី ជិនពីងថា ដោយការប្រឈមមុខនឹងការគម្រាមនុយក្លេអ៊ែពីកូរ៉េខាងជើង អាមេរិកនឹងចល័តប្រព័ន្ធការពារមីស៊ីល THAAD។ ប៉ុន្តែក្នុងកិច្ចសន្ទនានោះ លោក ស៊ី បាននិយាយថា «ទេ ទេ ទេ រង់ចាំមួយភ្លេតសិន យោធារបស់ខ្ញុំគិតថាអ្នកកំពុងព្យាយាមឡោមព័ទ្ធយើងហើយ»។

លោក ប៊ីឌិន បានលើកយកសម្តីរបស់លោក ស៊ី ដែលបានិយាយថា «តើអ្នកនឹងធ្វើអ្វី? តើអ្នកគិតថា យើងជាអ្នកឈរពីក្រោយកូរ៉េខាងជើងមែនទេ? តើមានអ្វីកើតឡើងប្រសិនបើយើងមិនធ្វើអ្វីមួយរួមគ្នាដោះស្រាយទៅលើបញ្ហាកូរ៉េខាងជើង? តើមានអ្វីកើតឡើងប្រសិនបើជប៉ុន អាចមាននុយក្លេអ៊ែ នៅថ្ងៃស្អែក?»

កាលពីថ្ងៃសុក្រសប្តាហ៍មុន អនុប្រធានគណៈរដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោក Hiroshige Seko បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ជប៉ុន មិនអាចមានអាវុធនុយក្លេអ៊ែជារៀងរហូត។ លោកថា គោលការណ៍គ្មាននុយក្លេអ៊ែចំនួនបី គឺមិនផលិត មិនមានឬមិនអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែនៅលើទឹកដីជប៉ុន គឺជាគោលនយោបាយគ្រឹះដ៏សំខាន់មួយនៃរដ្ឋាភិបាលជប៉ុន។

បច្ចុប្បន្ននេះ ជប៉ុនមានសារធាតុភ្លុយតូញូម ច្រើនជាង ៤៧ម៉ែត្រតោន ដោយប្រហែលនឹងគ្រាប់បែកនុយក្លេអ៊ែចំនួន ៦ពាន់គ្រាប់។ អ្នកជំនាញថា ជប៉ុនអាចបង្កើតគ្រាប់បែកនុយក្លេអ៊ែនៅក្នុងពេលវេលាខ្លីមួយ៕

ប្រភពៈ mylekha