ដេកទ្រេតខ្លួនលើដុំថ្ម ក្រោមកម្តៅព្រះអាទិត្យ ជួយឲ្យមានសុខភាពល្អ ឬបង្កហានិភ័យដល់ជីវិត?

ចិន៖ ថ្មីៗនេះគេសង្កេតឃើញថា ស្រ្តីវ័យចំណាស់រស់នៅក្នុងទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន នាំគ្នាដេកសណ្តូកខ្លួនលើផ្ទាំងដុំថ្មធំៗ។

បើតាមប្រភពបានឲ្យដឹងថា ស្រ្តីវ័យចំណាស់ ប្រមាណជា៣ទៅ៤នាក់ ឲ្យតែពេលរសៀលៗ ត្រូវបានគេប្រទះឃើញឧស្សាហ៍មកដេកទម្រេតខ្លួន នៅលើផ្ទាំងដុំថ្មធំៗ នៅក្នុងទីក្រុង ជាប្រចាំក្រោមកម្តៅព្រះអាទិត្យ ដោយឆ្ងល់មិនដឹងថាមកពីមូលហេតុអ្វី។

បើតាមការឲ្យដឹងពីស្រ្តីម្នាក់ ក្នុងចំណោមស្រ្តីទាំងអស់នោះ បានរៀបរាប់ប្រាប់ថា គាត់និងម្តាយរបស់គាត់ បានមកដេកទម្រេតខ្លួននៅលើផ្ទាំងដុំថ្មក្តៅៗនេះ ដើម្បីបានស្រូបយកដម្តៅពីដុំថ្មមកវិញ ពោលគឺពួកគាត់ទាំងពីរទទួលបានអារម្មណ៍ថា ពិតជាមានផាសុកភាពល្អ និងស្រួលខ្លួនជាទីបំផុត។ មិនត្រឹមប៉ុណ្ណោះ គាត់បានប្រាប់ប្តីរបស់គាត់ ឲ្យធ្វើដូច្នេះដែរ តែត្រូវបានគាត់បដិសេធមិនធ្វើតាមឡើយ ព្រោះប្តីរបស់គាត់មានអារម្មណ៍ថា ការធ្វើដូចនោះគឺមិនល្អ ហើយអាចធ្វើឲ្យរលាកខ្នងបាន។

ទន្ទឹមនឹងនោះផងដែរ ស្រ្តីចំណាស់វ័យប្រហែលជា ៧០ឆ្នាំមួយរូបទៀត ក៏បានរៀបរាប់ប្រាប់មកកាន់សារព័ត៌មានដែរថា រូបគាត់បានមកដេកទម្រេតខ្លួន នៅលើផ្ទាំងដុំថ្មក្តៅៗនេះ ម្តងៗគឺចំណាយពេលយូរគួរសម ជាការជួយធ្វើចលនា សម្រួលសរសៃផ្នែកខាងក្នុង។ គាត់ក៏មិនដែលទៅស្វែងរកឱសថ ឬថ្នាំកែរោគណាមួយឡើយ ព្រោះគាត់គិតថាធ្វើដូចនេះមានសុខភាពល្អ  និងមានប្រសិទ្ធិភាពមែន។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់ គ្រូពេទ្យម្នាក់មកពីទីក្រុង Xi’an បានឲ្យដឹងថា ការព្យាបាលដោយប្រើវិធីសាស្រ្តបែបនេះ ក្នុងរយៈពេលយូរ គឺមិនមែនជារឿងត្រឹមត្រូវ ឬជាការល្អឡើយ។ គ្រូពេទ្យដទៃទៀតបានអះអាងថា «យើងដឹងហើយថា ការប្រើប្រាស់ឱសថកែរោគរបស់ចិន ពិតជាជួយឲ្យយើងមានសុខភាពល្អមែន ប៉ុន្តែឱសថកែរោគមួយចំនួនទៀត​  មិនគួរឲ្យជឿទុកចិត្តផងដែរ ហើយសម្រាប់ការដេកសណ្តូកខ្លួន នៅលើផ្ទាំងថ្មក្តៅៗ ក្រោមកម្តៅព្រះអាទិត្យនេះវិញ វាក៏អាចបង្កឲ្យមានការរលាកផងដែរ។ លើសពីនេះ កម្តៅទាំងអស់នោះអាចធ្វើឲ្យយើង កើតទៅជាជំងឺដាច់សរសៃឈាមក្នុងខួរក្បាល  និងជំងឺមហារីកថែមទៀតផង» ។

លោកគ្រូពេទ្យបញ្ជាក់បន្ថែមថា ជាការពិតណាស់ វិធីល្អហើយត្រឹមត្រូវបំផុតនោះ ដើម្បីទទួលបានរូបរាងស្លីមស្អាត  និងសុខភាពល្អ គ្រាន់តែយកដុំថ្មដែលសមល្មម ដាក់ទូលលើក្បាល ហើយដើរនៅក្រោមកម្តៅព្រះអាទិត្យទៅគឺបានហើយ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បុរសចំណាស់មាឌធំជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានភាពងឿងឆ្ងល់លើរូបគាត់ជាខ្លាំង ។

ប្រភពបានឲ្យដឹងថា បុរសជនជាតិចិនវ័យ ៥៤ឆ្នាំ លោក Cong Yan ត្រូវបានគេប្រទះឃើញដើរទៅមកតាមដងផ្លូវមួយកន្លែងក្នុងខេត្ត Jilin ភាគខាងជើងប្រទេសចិន ដោយដោយមានទូលដុំថ្មនៅលើក្បាលរបស់គាត់ទៀតផង។

យ៉ាងណាមិញ បើតាមការឲ្យដឹងពីបុរសចំណាស់រូបនេះ គាត់បានប្រាប់ថា វាជារឿងអាថ៌កំបាំងនៃការហាត់ប្រាណមួយ ដែលគាត់ធ្វើបែបនេះអាចជួយឲ្យស្រកគីឡូបាន និងរក្សារាងស្លីមស្អាតផងផង។

ប្រភពបន្តថា កាលពី៣ឆ្នាំមុន លោក Cong Yan មានទម្ងន់ ១១៥គីឡូក្រាម និងមានកម្ពស់ ១,៦៣សង់ទីម៉ែត្រ ដែលជាការគំរាមកំហែង ដល់សុខភាពគាត់យ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះវិញ គាត់ស្រកអស់ ៣០គីឡូក្រាម ពោលគឺមានទម្ងន់ ៨៥គីឡូក្រាម។

លោក Cong បានពន្យល់ប្រាប់ថា «ខ្ញុំមិនចង់យកផលិតផលថ្នាំសម្រកទម្ងន់ មកធ្វើជារបបអាហារទទួលទានជាប្រចាំថ្ងៃឡើយ ដូច្នេះហើយទើបខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកវិធីសាស្រ្តហាត់ប្រាណជំនួសវិញ» ។

លោកបន្តថា ដំបូងឡើយលោកដើរហាត់ប្រាណ ដោយយកដុំថ្មស៊ីម៉ង់ទម្ងន់ត្រឹមតែ ១៥គីឡូក្រាម មកទូលលើក្បាលប៉ុណ្ណោះ តែក្រោយមកទៀត ការទូលដុំថ្ម ទម្ងន់៤០គីឡូក្រាមឯណោះ ហើយរូបគាត់នៅតែអាចទូលវាដើរបានក្នុងចម្ងាយប្រមាណ ៣គីឡូម៉ែត្រផងដែរ។ លោក Cong បន្ថែមទៀតថា «វាដូចជាការធ្វើការងារមួយអីចឹង! បន្ទាប់ពីរយៈពេល៣ឆ្នាំកន្លងមក ការអនុវត្តន៍បែបនេះជាប្រចាំ ធ្វើឲ្យខ្ញុំស្រកបានរហូតដល់ទៅ ៨៥គីឡូក្រាមឯណោះ» ។

គួរបញ្ជាក់ថា ការទូលដុំថ្មនេះ ធ្វើឡើងដោយការដើរជុំវិញ អគារចំនួន ២២ជុំ និង ឡើងចុះ កាំជណ្តើរ ដែលមាន៥០កាំ ចំនួន៦ដង ផងដែរ។

ជាមួយគ្នានេះដែរ លោក Cong មានបំណងចង់ស្នើសុំដាក់វិធីសាស្រ្ត ហាត់ប្រាណសម្រកទម្ងន់ទូលដុំថ្មនេះ ជាវិធីសាស្រ្តហាត់មួយ ដែលរកឃើញដោយខ្លួនឯងនោះ ចូលទៅក្នុងកំណត់ត្រាពិភពលោក “Guinness World Record” ផងដែរ។

យ៉ាងណាមិញ រូបគាត់ក៏បានផ្តល់ជាអនុសាសន៍ចុងក្រោយថា វាក៏មិនមែនជារឿងមួយដែលល្អ ក្នុងការហាត់ប្រាណបែបនេះនោះទេ ព្រោះវាក៏អាចបណ្តាលឲ្យយើងឈឺចាប់ឆ្អឹងកង.ក នៅពេលដែលយើងចាស់ទៅផងដែរ។ ហេតុនេះហើយគាត់មិនបានណែនាំឲ្យអ្នកផ្សេងទៀត យកតម្រាប់តាមនោះទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដេកទ្រេតខ្លួនលើដុំថ្ម ក្រោមកម្តៅព្រះអាទិត្យ ជួយឲ្យមានសុខភាពល្អ ឬបង្កហានិភ័យដល់ជីវិត?

ដេកទ្រេតខ្លួនលើដុំថ្ម ក្រោមកម្តៅព្រះអាទិត្យ ជួយឲ្យមានសុខភាពល្អ ឬបង្កហានិភ័យដល់ជីវិត?

ដេកទ្រេតខ្លួនលើដុំថ្ម ក្រោមកម្តៅព្រះអាទិត្យ ជួយឲ្យមានសុខភាពល្អ ឬបង្កហានិភ័យដល់ជីវិត?

ដេកទ្រេតខ្លួនលើដុំថ្ម ក្រោមកម្តៅព្រះអាទិត្យ ជួយឲ្យមានសុខភាពល្អ ឬបង្កហានិភ័យដល់ជីវិត?