កម្ពុជា ឡាវ ឯកភាព​ពង្រឹង​ការ​ងារ​នៅ​តាម​ព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧មិថុនានេះ បានទទួលជួបនាយករដ្ឋមន្ត្រីឡាវថ្មី គឺលោក ថោងលូន ស៊ីស៊ូលីដ ដែលកំពុងបំពេញទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ដល់២៨មិថុនា។ នៅជំនួបនោះ ភាគីទាំងពីរឯកភាពពង្រឹងការងារមួយចំនួននៅតាមព្រំដែនប្រទេសទាំងពីររួមមាន៖ ប្រយុទ្ធប្រឆាំងការរត់ពន្ធឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ ការដោះស្រាយបញ្ហាព្រំដែន ការបើកច្រកព្រំដែនមួយបន្ថែមទៀត រួមនឹងការបើកកុងស៊ុលនៅខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់។

បន្ថែមពីលើការឯកភាពនេះប្រមុខរដ្ឋាភិបាលទាំងពីរ កម្ពុជា ឡាវ បានកត់សម្គាល់ ពីកិច្ចសហការគ្នាល្អក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម អំពើរត់ពន្ធឆ្លងដែន ការជួញដូរខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ រវាងក្រសួងសន្តិសុខ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា នៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីឡាវក៏បានស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែខ្លាំងបន្ថែមទៀត ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ និងប្រជាជន។ និងជំរុញឲ្យមានការវិនិយោគផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឡាវ។ ក្នុងនោះប្រមុខរដ្ឋាភិបាលទាំងពីរបន្តជំរុញ ឲ្យមានការដោះស្រាយបញ្ហាព្រំដែនឲ្យបានឆាប់រហ័ស រួមទាំងការស្នើឲ្យមានការបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីបង្កលក្ខណៈដល់ប្រជាជន ដែលរស់នៅតាមព្រំដែនអាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក។ ដែលជាផ្នែកមួយដើម្បីជួយលើកស្ទួយពាណិជ្ជកម្ម និងទេសចរណ៍ នៅតាមព្រំដែនរវាងប្រទេសទាំងពីរទៀត។ បន្ថែមពីលើនេះ ប្រទេសទាំងពីរក៏នឹងបើកកុងស៊ុលនៅខេត្ត ស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាជនទាំងពីរប្រទេស។

សម្រាប់កម្ពុជា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវ នេះគឺឆ្លុះបញ្ចាំងពីការគោរព និងការយកចិត្តទុកដាក់មកលើប្រទេសដែលមានព្រំប្រទល់ជាប់ភូមិផងរបងជាមួយគ្នា។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវមកកាន់កម្ពុជានៅពេលនេះបន្ទាប់ពីលោកចូលកាន់តំណែងបានជាងពីរខែ។ លោកធ្លាប់បានដឹកនាំក្រុមបាល់ទាត់ All Stars របស់ឡាវ មកប្រកួតនៅកម្ពុជាក្នុងខណៈជាមន្ត្រីជាន់ខ្ពស់របស់ឡាវម្ដងរួចមកហើយ៕

ប្រភពៈ RFI