​កូន​អ្នក​ខេត្ត​បាត់ដំបង​ម្នាក់ ​មិន​ប្រាថ្នា​ជា​អ្នក​មាន ​សុំ​ត្រឹម​ប្រមូល​សំរាម​បង្កើត​សាលា​ឲ្យ​ក្មេង​រៀន​(វីដេអូ)​

រាជធានីភ្នំពេញ៖ បុរសម្នាក់មានវ័យជាង៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង រម្លឹកអំពីប្រវត្តិចូលរៀនរបស់លោកបន្តិច មិនដែលបញ្ចប់ឆ្នាំទី៤ទេ បើទោះជារៀនពីរមហាវិទ្យាល័យក្នុងពេលតែមួយ ប៉ុន្តែសរុបមកបានត្រឹមឆ្នាំទី៣ គឺខ្ពស់បំផុតហើយ ម្យ៉ាងទៀតក៏មិនប្រាថ្នាបញ្ចប់មហាវិទ្យាល័យណាមួយដែរ ព្រោះលោកជាមនុស្សស្រឡាញ់ពេលវេលា ចូលចិត្តធ្វើការងារជួយដល់សង្គមជាជាងទុកពេលវេលាឲ្យកន្លងទៅឥតប្រយោជន៍។
លោក អ៊ុក វណ្ណដេ អាយុ ៣១ឆ្នាំ ដើមកំណើតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នមកបង្កើតសាលាបង្រៀនក្មេងៗទីទាល់ក្រ នៅលើកោះដាច់ ស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ភាពអស្ចារ្យក្នុងសាលាដែលលោកបានបង្កើត ដើម្បីបង្រៀនក្មេងៗនៅទីនោះ គឺទី១ ជួយបង្រៀនដោយឥតគិតថ្លៃ ប៉ុន្តែយកសំរាម ទី២ សាងសង់សាលា ដោយយកសំរាមមកកែច្នៃ និងបណ្ដុះបណ្ដាលកុមារឲ្យចេះស្រឡាញ់សំរាម ព្រោះសំរាមមានប្រយោជន៍ច្រើន ដែលមនុស្សជាច្រើននឹកស្មានមិនដល់។
មហិច្ឆតាទៅថ្ងៃអនាគតរបស់បុរសរូបនេះ មិនចង់ក្លាយជាអ្នកមានដោយសារការចូលរួមអភិវឌ្ឍន៍សង្គមដែលលោកកំពុងធ្វើសព្វថ្ងៃនោះទេ គឺលោកគ្រាន់តែចង់ប្រមូលសំរាមមកបង្កើតសាលា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះ ជាពិសេសក្មេងៗទីទាល់ក្រ ដែលឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនកូនៗទៅរៀនសាលាល្អក្នុងទីក្រុង ដូចជាក្មេងៗតំបន់កោះដាច់សព្វថ្ងៃនេះជាដើម។
ដើម្បីជ្រាបថា មូលហេតុអ្វីទើបលោកបង្កើតសាលាបង្រៀនក្មេង ដោយឆ្នៃពីសំរាមនោះ សូមទស្សនាវីដេអូកិច្ចសម្ភាសខាងក្រោមនេះ រវាងលោក ចេង ចំរើន អ្នកយកព័ត៌មានគេហទំព័រ Kqube.net និងលោក អ៊ុក វណ្ណដេ ផ្ទាល់តែម្ដង ដោយមានរយៈពេលត្រឹមតែជាង ១១នាទីប៉ុណ្ណោះ ក្នុងនោះសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់អស់លោកអ្នក ដើម្បីទស្សនាជាមួយព័ត៌មាននៃគេហទំព័រយើងខ្ញុំផងដែរ៕

ប្រភព៖ kqube

  • ​កូន​អ្នក​ខេត្ត​បាត់ដំបង​ម្នាក់ ​មិន​ប្រាថ្នា​ជា​អ្នក​មាន ​សុំ​ត្រឹម​ប្រមូល​សំរាម​បង្កើត​សាលា​ឲ្យ​ក្មេង​រៀន​(វីដេអូ)​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/28  Category:កំសាន្ត
Tags: