បើក​រថយន្ត​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ពេល​ដេញ​ចាប់​រថយន្ត​បង្ក​មួយ​គ្រឿង​

បើក​រថយន្ត​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ នៅ​ពេល​ដេញ​ចាប់​រថយន្ត​បង្ក​មួយ​គ្រឿង​



ភ្នំពេញ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង ​បាន​ខូចខាត​អស់​ផ្នែក​ខាងមុខ នៅ​ពេល​ដែល​រថយន្ត​មួយ​គ្រឿង​នេះ​ បើក​ដេញ​តាម​រថយន្ត​ទួរីស​មួយ​គ្រឿង​ទៀត ​ដែល​បាន​បើក​បុក​រថយន្ត​របស់​ខ្លួន​ពីក្រោយ​ហើយ​មិន​ទទួលខុសត្រូវ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ព្រូស​បើក​ដេញ​តាម​រហូត​បុក​របាំ​ង​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​តែម្តង។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតមានឡើង ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិតខាង​ត្បូង ស្ដុក​ទេព​ផន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​ទួលគោក។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ទួ​រី​ស​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-4149 តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បណ្តាល​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-1552 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ស្រប​ទិស​គ្នា​) រួច​មិន​ព្រម​ដោះស្រាយ ហើយក៏​ជិះ​រត់គេច​ខ្លួន។ ស្របគ្នា​នោះ​ត្រូវ​បាន​ភាគី​រថយន្ត​ព្រូស​បើក​តាម​ពីក្រោយ ខណៈ​មកដល់​ចំណុច​កើតហេតុ រថយន្ត​ព្រូស​ក៏​កៀរ​រថយន្ត​ទួ​រី​ស​កៀប​ជាប់​នឹង​របាំ​ថ្ម​ពុះ​ចែក​ទ្រូង បណ្ដាល​ឲ្យ​រថយន្ត​ទៅមុខ​លែង​រួច។

ក្រោយពេល​កើតហេតុ​ភាគី​រថយន្ត​ទួរីស​ព្យាយាម​សម្របសម្រួល ជាមួយ​ភាគី​រថយន្ត​ព្រូស តែ​ដោយ​រថយន្ត​ទាំង​២​បុក​នឹង​របាំង​ថ្ម​ ពុះ​ចែក​ទ្រូងផ្លូវ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ជើងគោក​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី៕