មេធាវី ប្តឹង​ប្រឆាំង​សាលក្រម ដែល​ឲ្យ​សកម្មជន​CNRP៣​នាក់ ជាប់ពន្ធនាគារ​៧​ឆ្នាំ​ និពន្ធដោយ : ម៉ៅ សុផា       June-28-2016, 3:15 pm         96

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេធាវី ប្តឹង​ប្រឆាំង​សាលក្រម ដែល​ឲ្យ​សកម្មជន​CNRP៣​នាក់ ជាប់ពន្ធនាគារ​៧​ឆ្នាំ​​មេធាវី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ ដែល​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍ នៅ​សប្តាហ៍​ក្រោយ​។ បណ្តឹងឧទ្ធរណ៍​នេះ គឺ​ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ 

​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​នាក់ គ្រោង​ដាក់​លិខិត​ប្តឹងទៅ​សាលាឧទ្ធរណ៍​ក្នុង​សប្តាហ៍​នេះ តែ​លោក បែរជា​ខកខាន​ទៅវិញ ដោយសារតែ​ការជាប់រវល់​។ លោក សំ សុ​គង់ អះអាង​សាជាថ្មី​ថា ការ​បណ្តឹងឧទ្ធរណ៍​នេះ នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ឯណោះ​។

​យ៉ាងណាក៏ដោយ មេធាវី​រូបនេះ នៅតែ​មិនអាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ណាមួយ​នោះទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សំ សុ​គង់ គ្រាន់តែ​បង្ហើប​ដូច្នេះ​ថា​៖«​ប្រហែលជា​សប្តាហ៍​ក្រោយ បាន​ខ្ញុំ​រៀបចំ​ដាក់​លិខិត ព្រោះ​វា​មិនទាន់​ហួសពេល​នោះទេ​»​។

​បើតាម​ការពន្យល់​រប​ស់លោក សំ សុ​គង់ កន្លងមក ការសម្រេចចិត្ត​ប្តឹង​ឧទ្ធរណ៍​នេះ គឺ​ដោយសារតែ​រូបលោក រួមទាំង​កូនក្តី​របស់ខ្លួន មិន​ពេញ​ចិត្តនឹង​តុលាការ​រាជធានី​ភ្នំពេញ ដែល​កាត់ក្តី​ប្រកបដោយ​ភាពអយុត្តិធម៌​។ យ៉ាងណា​ក៏ដោយចុះ លោក សំ សុ​គង់ មិនអាច​ព្យាករ ឬ​បង្ហាញ​ការ​ជឿជាក់ថា កូនក្តី​របស់លោក នឹង​ទទួលបាន​យុត្តិធម៌ ពី​ការប្តឹង​ឧទ្ធរណ៍​នោះទេ​។ លោក​គ្រាន់តែ​បញ្ជាក់ថា សាលាដំបូង​រា​ធានី​ភ្នំពេញ មិនមែនជា​អាទិទេព​ឡើយ ហើយ​ការកាត់ក្តី​របស់​តុលាការ​ជាន់​ទាប​មួយ​នេះ ក៏​មិន​ប្រាកដថា​ត្រឹមត្រូវ​ទាំងអស់​ដែរ ដូច្នេះ​ក្នុងនាម​ជា​មេធាវី រូបលោក ត្រូវតែ​តស៊ូ​ឲ្យ​អស់​លទ្ធភាព ទៅតាម​ផ្លូវច្បាប់​។

 
​សំណុំរឿង​របស់​សកម្ម​ជន​បក្សប្រឆាំង​ទាំង​៣​នាក់​នេះ នឹង​អាចឈាន​ទៅដល់​តុលាការ​កំពូល ប្រសិនបើ​សាលាឧទ្ធរណ៍ យល់ស្រប​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បន្ថែម​របស់លោក សំ សុ​គង់ ដែល​ធ្លាប់​លើកឡើង​កាលពីមុន​។ 
 
​សូមបញ្ជាក់ថា សកម្មជន​បក្សប្រឆាំង​ទាំង​៣​នាក់​នោះ គឺ លោក​រឿន ចិ​ត្រា​, លោក យន់ គឹមហួន និង​លោក យា ថុង ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ចេញ​សាលក្រម សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ក្នុង​ម្នាក់ៗ កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ។ ពួកគេ​ទាំង​៣​នាក់ ត្រូវបាន​ចោទ​ពីបទ​ចូលរួម​ធ្វើ​កុបកម្ម​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ។​
 
​បើទោះបីជា​រង​បទ​ចោទ​បែបនេះ​ក៏ដោយ ប៉ុន្តែ​សកម្មជន​បក្សប្រឆាំង​ទាំង​៣​នាក់ ធ្លាប់​លើកឡើង​នៅក្នុង​សវនាការ​ថា ពួកគេ មិនបាន​នាំគ្នា​ទៅធ្វើ​កុបកម្ម​ឡើយ ពោលគឺ​អ្នក​ទាំងនោះ គ្រាន់តែ​ចូលរួម​បញ្ចេញមតិ​តែប៉ុណ្ណោះ​។ ជន​ទាំង​៣​នាក់​នោះ ធ្លាប់​អះអាង​ទៀតថា​ថា អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤ គឺ​កើតឡើង​ពី​ក្រុម​សន្តិសុខ មិនមែន​ពួកគេ ជា​អ្នកបង្ក​ឡើយ​៕