៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU

ក្រោយ​ការ​ធ្វើ​ប្រជា​មតិ​ផ្ដាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​​ចក្រភព​អង់គ្លេស ​​​​​បាន​​បង្ក​ឲ្យ​មាន​ផល​​ប៉ះ​ពាល់​ដល់​ពិភព​លោក​ ជា​ពិសេស​នយោបាយ​ និង​សេដ្ឋកិច្ច។ មក​ទល់​ពេល​នេះ សារព័ត៌មាន​ BBC បាន​បង្ហាញ​ពី​ភាព​​ស្ថានភាព​​​មួយ​ចំនួន​នៅ​ចក្រភព​អង់គ្លេស​ក្រោយដំណើរការ​ចាក​ចេញ​ដែល​ហៅ​ថា Brexit ។​​​​​

 

៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU

១. តើ​ពេល​​ណា​​​ចក្រភព​​អង់គ្លេស​​​​ចាក​ចេញ​​​ពី​សហភាព​អឺរ៉ុប?
ពុំ​ធ្លាប់​មាន​ប្រទេស​​សមាជិក​ណា​មួយ​​​​​បាន​ចាក​ចេញ​​ពី សហភាព​អឺរ៉ុប​ឡើយ​ ដូច​នេះ​ចក្រភព​អង់គ្លេស​អាច​ជា​ករណី​ទី​១។ អង់គ្លេស​​អាច​ដក​ខ្លួន​​​​ចាក​ចេញ​​ពី​ EU ​​បាន​ដោយ​​​ប្រតិបត្តិ​តាម​មាត្រា​​ ៥០​ នៃ​សន្ធិសញ្ញា​​ទី​ក្រុង Lisbon​​​​។ យោង​តាម​​មាត្រា​ចូល​ជា​ធរមាន​នា​ឆ្នាំ​២០០៩​​នោះ ប្រទេស​សមាជិក​​ណា​មួយ​សម្រេច​ថា​ដើរ​ចេញ​ពី EU ត្រូវ​ធ្វើ​​ការ​បញ្ជាក់​ដោយ​ផ្ញើ​លិខិត​ជា​ផ្លូវ​ការ ឬ​ជូន​ដំណឹង​​​ដល់​​ប្រមុខ​រដ្ឋ​សមាជិក EU។

អង់គ្លេស​មាន​ពេល​២​ឆ្នាំ​​ដើម្បី​ធ្វើ​កិច្ច​​ចរចា​ជា​មួយ​ប្រទេស​​សមាជិក​ EU ដទៃ​ដើម្បី​​​ដក​ខ្លួន​​ពី​ EU។ យ៉ាង​ណា​មិញ​​ដំណើរ​ការ​​​នោះ​​អាច​អូស​បន្លាយ​ពេល​វេលា​យូរ​ថែម​ទៀត ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron ប្រកាស​ថា​នឹង​លា​លែង​ពី​តំណែង​​នា​ខែ​តុលា​ខាង​មុខ​ ចំណែក​​អ្នក​ចូល​​កាន់​តំណែង​ថ្មី​​​នឹង​ជា​អ្នក​សម្រេច​​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ មាត្រា​​ ៥០​ នៃ​សន្ធិសញ្ញា​​ទី​ក្រុង Lisbon។

 

២. ដំណើរ​ការ​ Brexit អាច​​បង្ក​ឲ្យ​ចក្រភព​អង់គ្លេស​បែក​បាក់​ឬ​ទេ?
ចក្រ​ភព​អង់គ្លេស​ដែល​​រួម​មាន​ប្រទេស អង់គ្លេស ស្កុតឡែន​ វែល និង​អៀរឡង់​ខាង​ជើង នៅ​ក្នុង​ដំណើរ​​​ការ​ធ្វើ​ប្រជាមតិ​​​ផ្ដាច់​ខ្លួន​ពី​​ EU ក្នុង​នោះ​​អង់គ្លេស​ និង​វែល សម្រេច​ចាក​ចេញ ដោយ​ឡែក​ ស្កុតឡែន និង​អៀរឡង់​ខាង​ជើង​​បោះ​ឆ្នោត​ចង់​នៅ។

រដ្ឋ​មន្ត្រី​ទី​១​នៃ​ស្កុតឡែន​ Nicola Sturgeon បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ប្រជាមតិ​​​លើក​ទី​២​​អំពី​​​ឯករាជ្យ​​​ស្កុតឡែន​ ៦០​ភាគ​រយ​នៃ​ប្រជាជន​ស្កុតឡែន​ចង់​ចាក​ចេញ​ពី​ចក្រភព​អង់គ្លេស​​ដើម្បី​​អាច​នៅ​ជា​សមាជិក​នៃ EU។

ដោយ​ឡែក​អនុរដ្ឋមន្ត្រី​ទី​​១​នៃ​​អៀរឡង់​ខាង​ជើង Martin McGuinness បាន​អំពាវ​នាវ​​​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​មួយ​​ផង​ដែរ​ដើម្បី​រួប​រួម​អៀរឡង់​​ខាង​ជើង​និង​ខាង​ត្បូង​ ដែល​​អាច​ចាក​ចេញ​ពី​ចក្រ​ភព​អង់គ្លេស និង​​នៅ​ជា​សមាជិក​របស់ EU។

 

៣សំណួរ​សំខាន់​ៗ​ក្រោយចក្រភព​អង់គ្លេស ធ្វើ​ប្រជាមតិ​ផ្ដាច់​ខ្លួន​ពី EU

​​​​​​​​​​​​​៣.តើ​នយោបាយ​ចក្រភព​​អង់គ្លេស​កំពុង​ធ្លាក់​ចុះ​ដុន​ដាប​ឬ?
ចាប់​តាំង​​ពី​ថ្ងៃ​​បោះ​ឆ្នោត​ធ្វើ​ប្រជា​មតិ​ផ្ដាច់​ខ្លួន​ពី​ EU នយោបាយ​​អង់គ្លេស​​ចាប់​ផ្ដើម​ប្រែ​ប្រួល ដោយ​រដ្ឋាភិបាល​និង​​គណបក្ស​ប្រឆាំង​​បាន​បង្កើត​ជា​ភាព​វឹកវរ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​អង់គ្លេស​​​​​។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ប្រកាស​​​ថា​នឹង​ចុះ​ចេញ​​ពី​តំណែង​នា​ខែ​តុលា​។

*** មក​ទល់​ពេល​នេះ អង់គ្លេស​​មាន​ត្រឹម​តែ​លទ្ធផល​ប្រជាមតិ​​ តែ​អង់គ្លេស​មិន​ទាន់​បាន​ជូន​ដំណឹង​​ផ្លូវ​ការ​ទៅ​សហភាព​អឺរ៉ុប​​នៅ​ឡើយ ដូច​នេះ​​នីតិ​វិធី​ផ្ដាច់​ខ្លួន​​ពី EU នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ និង​ស្ថិត​ក្នុង​ដំណាក់​កាល​ច្រើន​ដើម្បី​ចាក​ចេញ​។ ទោះ​ជា​យ៉ាង​ណា​ បណ្ដា​ថ្នាក់​​ដឹក​នាំ​ជាន់​ខ្ពស់​​នា​​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​​​មួយ​ចំនួន​ ដូច​ជា​បារាំង អាល្លឺម៉ង់​​ ​បាន​ជំរុញ​​ឲ្យ​អង់គ្លេស​ធ្វើ​​​​ដំណើរ​ការ​ចាក​ចេញ​ពី​ EU ឲ្យ​បាន​ឆាប់​ៗ ដើម្បី​​កុំ​ឲ្យ​បង្ក​ឲ្យ​មាន​ការ​លំបាក​​​​ទន្ទឹង​រង់​ចាំ និង​ដើម្បី​​ឲ្យ​ EU រៀប​ចំ​​បោស​សម្អាត​ផ្ទះ៕​​​

 

ចុចអាន៖  អង់គ្លេស​ ​ចេញ​ពី​អឺរ៉ុប​ ​តើ​អាស៊ី​ប៉ះពាល់​អ្វីខ្លះ​ ​?​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, dailymail ​​​​​​