សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​ស្នើ​អាជ្ញាធរ​ពន្លឿន​ផ្តល់​ដី​ត្រៀម​បម្រុង

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ភូមិ​សាមុត្រលើ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី មិន​ទទួល​បាន​លទ្ធផល​ជាក់លាក់​ទាក់ទិន​ការ​ស្នើសុំ​កាត់​ដី ២​ពាន់​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ទុក​ជា​ដី​ត្រៀម​បម្រុង​សហគមន៍។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រី​ជំនាញ​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ក្រុមហ៊ុន ព្យាយាម​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​វេទិកា​តុ​សន្តិភាព​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។

តំណាង​សហគមន៍​ជាង ២០០​គ្រួសារ​នៅ​ភូមិ​សាមុត្រលើ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​នីតិវិធី​កាត់​ចេញ​ដី ២​ពាន់​ហិកតារ ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ទុក​ជា​ដី​ត្រៀម​បម្រុង​របស់​ជនជាតិ​ដើម​ភាគ​តិច​សម្រាប់​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​វេទិកា​តុ​សន្តិភាព​ដោះស្រាយ​វិវាទ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ រត្ន សាខន នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី មិន​ផ្តល់​លទ្ធផល​ដល់​ពលរដ្ឋ។

ប្រធាន​សហគមន៍​ភូមិ​សាមុត្រលើ លោក ទុយ ញ៉េប សម្ដែង​ទុទ្ទិដ្ឋិនិយម​ខ្លាច​ក្រែង​សំណើ​សុំ​ដី​ត្រៀម​បម្រុង​សហគមន៍​មិន​បាន​ជោគជ័យ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈម​ទៅ​នឹង​កង្វះ​ដី​ត្រៀម​បម្រុង​កូន​ចៅ​ទៅ​ថ្ងៃ​អនាគត និង​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ។ លោក​កត់​សម្គាល់​ថា ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៤ រហូត​មក​ទល់​បច្ចុប្បន្ន ផល​ប៉ះពាល់​ជាច្រើន​បាន​កើត​មាន​ចំពោះ​សហគមន៍ គ្រា​ដែល​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន និង​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ដាំ​ដំណាំ​កសិឧស្សាហកម្ម៖ «សហគមន៍​គាត់​សំណូមពរ​ពី​អូរ​ណងម៉ាល់ មក​ដល់​ត្រពាំង​ណងខាងណីង ពីព្រោះ​សហគមន៍​មាន​សញ្ញា​សម្គាល់​លើ​ដី​នោះ។ បើ​អាជ្ញាធរ​គិតគូរ​ដូច​កន្លង​មក សហគមន៍​នៅ​តែ​កង្វល់​រហូត​មាន​ការ​ចុះ​បញ្ជី​សមូហភាព​បន្ត»

ក្រុមហ៊ុន រត្ន សាខន ទទួល​បាន​ដី​សម្បទាន ៩​ពាន់​ហិកតារ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្រោម​ការ​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន។ ចាប់​តាំង​ពី​ក្រុមហ៊ុន​ផ្ដើម​ឈូស​ឆាយ​ដី​តាម​គម្រោង​ផែនការ​របស់​ក្រសួង ជម្លោះ​កើត​មាន​ជា​បន្តបន្ទាប់ ដោយសារ​សហគមន៍​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា​ឈូស​ឆាយ​ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ដែល​អភិរក្ស​ព្រៃ​ឈើ​ដីធ្លី​តំបន់​នោះ​ជា​លក្ខណៈ​ប្រពៃណី ហើយ​ច្បាប់​ក៏​បាន​ទទួល​ស្គាល់​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​អនុផល​ព្រៃ​ឈើ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នេះ​ដែរ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​សេដា លោក ធូន សុណ្ណ ទទួល​ស្គាល់​ថា អាជ្ញាធរ​បាន​ចូលរួម​សម្របសម្រួល​ជម្លោះ​ច្រើន​លើក និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​រវាង​សហគមន៍ និង​ក្រុមហ៊ុន។ លោក​កត់​សម្គាល់​ដែរ​ថា បេសកជន​តំណាង​រាជ​រដ្ឋាភិបាល លោក លី ធុច កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក៏​បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​កាត់​ចេញ​ដី ២​ពាន់​ហិកតារ​នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​មាន​ទីតាំង​ក្បែរ​ភូមិ ប្រគល់​ជូន​សហគមន៍ ជា​ថ្នូរ​ប្រគល់​ដី​ត្រៀម​បម្រុង​សហគមន៍ ២​ពាន់​ហិកតារ ឋិត​នៅ​តំបន់​ឆ្ងាយ​ពី​ភូមិ ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ ក៏ប៉ុន្តែ​ការ​សម្របសម្រួល​នោះ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ទៅ​លើ​ដី​ដែល​សហគមន៍​ស្នើសុំ​កាត់​ចេញ​ពី​ក្រុមហ៊ុន​ដដែល។

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ចិន ដែល​បច្ចុប្បន្ន​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ក្រុមហ៊ុន រត្ន សាខន លោក វ៉ាង ស៊ី ថ្លែង​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​ប៉ះពាល់​ដី​សហគមន៍​ភូមិ​សាមុត្រលើ ដែល​កំពុង​អាស្រ័យ​ផល​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​ប្រតិបត្តិការ​ទៅ​លើ​ដី​សម្បទាន​ដែល​ក្រសួង​បរិស្ថាន វិនិយោគ​ឲ្យ​ក្រុមហ៊ុន និង​អនុវត្ត​តាម​ផែនការ​មេ​ត្រឹមត្រូវ។ លោក​ថា សំណើ​សុំ​កាត់​ដី​សម្បទាន​ជា​ថ្នូរ​ដី​ត្រៀម​បម្រុង​សហគមន៍ គឺ​ឋិត​ក្រោម​ការ​សម្រេច​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ក្រុមហ៊ុន​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ឡើយ៖ «បើ​សិន​ជា​បង​ប្អូន​យើង​គិត​ថា ក្រុមហ៊ុន​ឈូស​ឆាយ​ប៉ះពាល់​ដី​បង​ប្អូន ប្រជាពលរដ្ឋ​ឲ្យ​យក​ក្រដាស​ចេញ​មក ក្រុមហ៊ុន​ឈូស​ប៉ះពាល់​កន្លែង​ណា»

តំណាង​អង្គការ​សង្គម​ស៊ីវិល មាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​បណ្ដាញ​ការពារ​ជនជាតិ​ដើម​ភាគ​តិច អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) សុទ្ធតែ​បាន​ចូលរួម​ចំណែក​សង្កេតការណ៍ និង​ប្រឹក្សា​ផ្នែក​ច្បាប់ រួម​ទាំង​អប់រំ​គោលការណ៍​សិទ្ធិ​មនុស្ស​ដល់​សហគមន៍ ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​អហិង្សា និង​ផ្អែក​ទៅ​លើ​ច្បាប់។

មេធាវី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី ថ្លែង​ថា អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​តួនាទី​សំខាន់​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​វិវាទ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ផ្តល់​យុត្តិធម៌​ដល់​ភាគី​វិវាទ។ លោក​ថា ការ​កៀរគរ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​សហគមន៍ គឺ​ជា​ចំណុច​សំខាន់​ដើម្បី​បញ្ចប់​វិវាទ​មួយ​នេះ​ឲ្យ​បាន​ឆាប់៖ «យើង​មើល​ឃើញ​ថា លទ្ធផល​ជា​ដុំ​កំភួន​ថ្ងៃ​នេះ អត់​ទាន់​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​យ៉ាង​ណា កម្មវិធី​យើង​ថ្ងៃ​នេះ​ក៏​វា​អាច​ទាញ​អារម្មណ៍​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ឲ្យ​ចាប់​អារម្មណ៍​លើ​បញ្ហា​ដែល​កំពុង​កើត​មាន ហើយ​ព្យាយាម​ដោះស្រាយ​តាម​ជាក់ស្តែង​ដូច​កន្លង​មក គាត់​ធ្លាប់​ទទួល​យក​សំណូមពរ​កាត់​ចេញ​ដី ២​ពាន់​ហិកតារ​ជូន​ដល់​សហគមន៍»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​គាំទ្រ​ជនជាតិ​ដើម​ភាគ​តិច ខេត្ត​រតនគិរី អ្នកស្រី ង៉ា ចាន់ថន កត់​សម្គាល់​ដែរ​ថា ការ​ផ្តល់​ដី​ត្រៀម​បម្រុង​សហគមន៍ គឺ​ជា​គោល​នយោបាយ​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព និង​ជា​គោល​នយោបាយ​ការពារ​ឲ្យ​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​បាន​នៅ​គង់វង្ស៖ «យើង​មើល​ហេតុផល​មួយ​ចំនួន សហគមន៍​គឺ​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់ គឺ​គាត់​ពឹង​ផ្អែក​លើ​ដី​បម្រុង​ទុក​ហ្នឹង​ហើយ។ អ៊ីចឹង​វា​អាច​ជះ​ឥទ្ធិពល​ខ្លះ​ដែរ»

ទាក់ទិន​ករណី​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី លោក អន សំណាង ថ្លែង​ថា រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​គោល​នយោបាយ​ស្បែក​ខ្លា​ឆ្វៀល​ដី​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​ថា នឹង​ធ្វើ​របាយការណ៍​ស្ដីពី​សំណូមពរ និង​ការ​បារម្ភ​របស់​សហគមន៍ ជូន​ក្រុមប្រឹក្សា​ខេត្ត ពិនិត្យ និង​សម្រេច​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​អនុវត្ត៖ «ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុច លោក​បាន​ចុះ​មក​ឃើញ​ផ្ទាល់។ គាត់​បាន​ចូលរួម​ផ្ទាល់។ គាត់​បាន​យក​បញ្ហា​ទាំងអស់​ហ្នឹង​រាយការណ៍​ជូន​រាជ​រដ្ឋាភិបាល​ហើយ។ មិន​មែន​ត្រឹម​ខេត្ត​ទេ គឺ​តំណាង​នាយក​រដ្ឋមន្ត្រី។ អ៊ីចឹង​រឿងរ៉ាវ​ទាំងអស់ កង្វល់​ទាំងអស់​ក្នុង​រង្វង់​ប្រតិបត្តិការ​របស់​គាត់ ត្រូវ​តែ​រាយការណ៍​ជូន​រាជ​រដ្ឋាភិបាល»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍ លោក ទុយ ញ៉េ សំណូមពរ​ដោយ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ប្រញាប់​ដោះស្រាយ​វិវាទ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​សហគមន៍​មាន​ដី​ត្រៀម​សម្រាប់​ចុះ​បញ្ជី​ដី​នា​ពេល​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។