ទូរស័ព្ទស្មាតហ្វូនថោកបំផុត លើពិភពលោក ត្រឹមតែ៤ដុល្លារ ត្រៀមចែកចាយលក់ ទូទាំងប្រទេសឥណ្ឌា

ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូរស័ព្ទស្មាតហ្វូន ផលិតនៅក្នុងប្រទេសឥណ្ឌា មានតម្លៃថោកបំផុតលើពិភពលោកត្រឹមតែ ៤ដុល្លារអាមេរិក កំពុងតែត្រៀមចែកចាយលក់ ក្នុងសប្តាហ៍នេះហើយ នៅទូទាំងប្រទេសឥណ្ឌា ដើម្បីតភ្ជាប់ទំនាក់ទំនងទៅកាន់តំបន់ក្រីក្រ នៃប្រទេសមួយនេះ។

ទូរស័ព្ទស្មាតហ្វូន តម្លៃត្រឹមតែ ៤ដុល្លារអាមេរិក ម៉ូដែល Freedom 251 នឹងដាក់លក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ហើយនឹងលក់ឲ្យ តែអ្នកប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា តែប៉ុណ្ណោះ ខណៈគេមានគោលបំណង អនុញ្ញាតឲ្យប្រជាជន រាប់លាននាក់ នៅទូទាំងប្រទេសឥណ្ឌា អាចប្រើប្រាស់អ៊ីនធឺណែតបាន ក្នុងតម្លៃសមរម្យមួយ។

ទូរស័ព្ទស្មាតហ្វូន ម៉ូដែល Freedom 251 នេះ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យា Ringing Bells ដែលមានមូលដ្ឋាន ក្នុងទីក្រុង Noida ប្រទេសឥណ្ឌា ហើយទូរស័ព្ទចំនួនជាង ២០០,០០០គ្រឿង នឹងត្រូវបានលក់ ក្នុងអំឡុងដំណាក់កាលដំបូង នៃការចែកចាយ។

ទូរស័ព្ទស្មាតហ្វូន Freedom 251 មានបំពាក់អេក្រង់ទំហំ ៤អ៊ីញ កាមេរ៉ាក្រោយទំហំ ៨MP និងមានកាមេរ៉ាមុខទំហំ ៣.២MP ផងដែរ។ ជាមួយគ្នានេះដែរ វាមាន Memory ទំហំ ៨MP និងប្រើប្រាស់អង្គចងចាំ (RAM) ទំហំ ១GB ថែមទាំងប្រើប្រាស់ CPU ទំហំ ១.៣GHz ប្រភេទ Quad-Core ទៀតផង ខណៈថ្មរបស់វា គឺប្រភេទ ១៨០០mAh។ អ្វីដែលកាន់តែពិសេសនោះ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android Lollipop ៥.១ ដែលអាចឲ្យអ្នកប្រើប្រាស់ ប្រើប្រាស់នូវកម្មវិធីបានជាច្រើន ដូចជា Facebook, YouTube, Google Play និង WhatsApp ជាដើម។ Freedom 251 មាន២ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ស និងពណ៌ខ្មៅ។

គួរឲ្យដឹងផងដែរថា ទូរស័ព្ទស្មាតហ្វូន Freedom 251 នេះ បានដាក់បង្ហាញដំបូង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ហើយមានមនុស្សចំនួន ៧លាននាក់ បានចុះឈ្មោះទិញវាក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ធ្វើឲ្យគេហទំព័ររបស់ក្រុមហ៊ុនគាំង ក្រោយពេលក្រុមហ៊ុនប្រកាសឲ្យចុះឈ្មោះទិញ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនត្រូវសងប្រាក់ ចំពោះការបញ្ជាទិញ ជាង ៣០,០០០ និងពន្យាពេលដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ននេះ។

ឥណ្ឌាជាប្រទេសមួយ ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ចំពោះទីផ្សារទូរស័ព្ទស្មាតហ្វូននៅអាស៊ី ដោយទូរស័ព្ទស្មាតហ្វូនចំនួនជាង ១០៣លានគ្រឿង ត្រូវបានលក់ចេញនៅក្នុងឆ្នាំ២០១៥។ ប្រជាជនឥណ្ឌាភាគច្រើន នៅតែទិញទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃថោកៗ ដូចជាក្រោម ២០០ដុល្លារអាមេរិកជាដើម៕

ខាងក្រោមនេះ គឺជាលក្ខណៈពិសេស របស់ទូរស័ព្ទស្មាតហ្វូន ម៉ូដែល Freedom 251

ទម្ងន់ : ១៣០ក្រាម

ប្រព័ន្ធប្រតិបត្តិការណ៍ : Android ៥.‌១

CPU : ១.៣ GHz Quad-Core

RAM : ១GB

កាមេរ៉ាក្រោយ : ៨MP

កាមេរ៉ាមុខ : ៣.២MP

អេក្រង់ : ៤អ៊ីញ

Memory : ៨GB (អាចបង្កើនរហូតដល់ ៣២GB)

ប្រភេទថ្ម : ១៨០០ mAh

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទូរស័ព្ទស្មាតហ្វូនថោកបំផុត លើពិភពលោក ត្រឹមតែ៤ដុល្លារ ត្រៀមចែកចាយលក់ ទូទាំងប្រទេសឥណ្ឌា
ទូរស័ព្ទស្មាតហ្វូន តម្លៃត្រឹមតែ ៤ដុល្លារអាមេរិក ម៉ូដែល Freedom 251

ទូរស័ព្ទស្មាតហ្វូនថោកបំផុត លើពិភពលោក ត្រឹមតែ៤ដុល្លារ ត្រៀមចែកចាយលក់ ទូទាំងប្រទេសឥណ្ឌា

ទូរស័ព្ទស្មាតហ្វូនថោកបំផុត លើពិភពលោក ត្រឹមតែ៤ដុល្លារ ត្រៀមចែកចាយលក់ ទូទាំងប្រទេសឥណ្ឌា