KOICA និង CDC នឹង​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​ធ្វើ​អង្កេត​លើ​សំណើសុំ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​2018

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​ថា CDC នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្ដី​ពី​ការ​ធ្វើ​អង្កេត​លើ​សំណើសុំ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៨ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី KOICA ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ មិថុនា ម្សិលមិញ ។

សិក្ខាសាលា​នេះ នឹង​ប្រារព្ធ​ធ្វើ​នា​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៦​ខាង​មុខ នៅ​វិមាន​រដ្ឋាភិបាល (​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​) ក្នុង​រាជធានី​ភ្នំពេញ ដែល​សហការ​រៀបចំ​ដោយ​គណៈ​កម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឈៀង យ៉ា​ណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី ប៊ែ​ក ស៊ុ​ក​ហ៊ី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ  ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​គោលនយោបាយ និង​គោលការណ៍​រដ្ឋបាល​ទាក់ទង​នឹង​ជំនួយ​នៃ​ការ​អភិវឌ្ឍ​សម្រាប់​គម្រោង​ជំនួយ​ឥត​សំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ និង​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​របៀប​រៀបចំ​សំណើ​គម្រោង ។

ដោយ​អនុលោម​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨, គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥ និង​ផែនការអភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ផ្តល់​ជំនួយ​ដោយ​ផ្តោត​ទៅ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូច​ជា ការ​អភិវឌ្ឍ​ជនបទ សុខភាព ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ។

គួរ​រំលឹក​ថា កូយ​កា គឺជា​ដៃគូ​ដ៏​ជិត​ស្និទ្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង​២០​ឆ្នាំ ។ ក្នុង​ខណៈ​ពេល​ដែល​មិត្តភាព និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ជ្រាលជ្រៅ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​បុ​៉​ន្មា​ន​ឆ្នាំ​ថ្មី​ៗ​នេះ ជំនួយ​ឥត​សំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​សម្រាប់​កម្ពុជា ក្នុង​ចន្លោះ​ឆ្នាំ​១៩៩១ និង​ឆ្នាំ​២០១៦ កើន​ដល់​ទឹកប្រាក់​សរុប​២០៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​ឆ្នាំ​២០១៦ ជំនួយ​ឥត​សំណង​របស់​កូយ​កា សម្រាប់​កម្ពុជា​មាន​ចំនួន​ប្រមាណ​២៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុង​អំ​ទ្បុ​ង​ពេល​សិក្ខាសាលា ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​សិក្ខាសាលា​ស្តី​ពី​ការ​ធ្វើ​អង្កេត​លើ​សំណើសុំ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៨ នឹង​ត្រូវ​បង្ហាញ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ដូច​ជា គោលនយោបាយ​ជំនួយ​អភិវឌ្ឍន៍ អាទិភាព វិស័យ និង​គោលការណ៍​រដ្ឋបាល​របស់​គោលនយោបាយ ព្រមទាំង​គោលការណ៍​រដ្ឋបាល​ទាក់ទង​នឹង​ជំនួយ​នៃ​ការ​អភិវឌ្ឍ​សម្រាប់​គម្រោង​ជំនួយ​ឥត​សំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ។ បន្ទាប់​មក​ទៀត នឹង​មានការ​បង្ហាញ​ដោយ​គណៈ​កម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដូច​ជា ព័ត៌មាន​អំពី​ដំណើរការ និង​បែបបទ​នៃ​ការ​ធ្វើ​អង្កេត​លើ​សំណើសុំ​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ទាំងមូល ៕