អស្ចារ្យ​ម្ល៉េះ ! នៅ​ក្នុង​គុក​ហើយ​ជួញដូរ​បាន​ទៀត

ខេត្តក្រចេះ ៖ មន្ត្រី​សាលាដំបូង​បាន​បញ្ជាក់​ថា តុលាការ​នឹង​ដាក់ទោស​បន្ថែម​ទៅ​លើ​ទណ្ឌិត​២​នាក់​ដែល​កំពុង​តែ​អនុវត្ត​ទោស​ជិត​បញ្ចប់ ក្រោយ​ពី​រក​ឃើញ​ថា ពួក​គេ​ទាំង​២​នាក់​ជាប់​សង្ស័យ​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ។

ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត លោក ធុ​ច បញ្ចៈ​សន្តិភាព បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មានការ​ឃាត់ខ្លួន និង រក​ឃើញ​មាន​គ្រឿងញៀន​ជិត​៤០​កញ្ចប់​តូច​-​ធំ ជនសង្ស័យ​ជា​ទណ្ឌិត​ទាំង​២​នាក់​ត្រូវ​តុលាការ​កំពុង​តែ​សាកសួរ​ដើម្បី​បន្ត​នីតិវិធី ។

សូម​បញ្ជាក់​ថា មានការ​ចុះ​បង្ក្រាប​គ្រឿងញៀន​មួយ​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ពី​សំណាក់​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន សហការ​ជាមួយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ ។

នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន លោក​វេស​នី​យ៍​ទោ គង់ ស៊ី​ដ​ន បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​សមត្ថកិច្ច​បាន​ឆែកឆេរ រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​មាន​ចំនួន​៣៩​កញ្ចប់​តូច​-​ធំ ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ក្នុង​នោះ​ដែរ​នគរបាល​បាន​ចាប់​ឃាត់​ទណ្ឌិត​២​នាក់​ម្នាក់​ឈ្មោះ តែ លី​ទី អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សៀង សុភា អាយុ​៣១​ឆ្នាំ ទណ្ឌិត​ទាំង​២​នាក់ សព្វថ្ងៃ​កំពុង​តែ​អនុវត្ត​ទោស​ជាប់ចោទ​ករណី​ជួញដូរ​គ្រឿងញៀន និង​ក៏​អនុវត្ត​ជិត​បញ្ចប់​ទោស តែ​ត្រូវ​បាន​ឃាត់ខ្លួន​សារ​ជា​ថ្មី​ទៀត លើ​ករណី​ជួញដូរ​គ្រឿងញៀន​ក្នុង​ពន្ធនាគារ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ទណ្ឌិត​ជាប់​សង្ស័យ​ទាំង​២​នាក់​មិន​បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ពួក​គេ​ទាំង​ពីរ​បាន​យក​មក​ពី​ប្រភព​ណា​នោះ​ទេ ។
តែបើ​តាម​លោក​ឧត្តម​អគានុរក្ស​ត្រី ក្វា សា​រ៉​ន ប្រធាន​ពន្ធនាគារ​ខេត្ត បាន​សន្និដ្ឋាន​ថា គ្រឿងញៀន​ទាំងនេះ​អាច​ត្រូវ​បក្សពួក​របស់​ទណ្ឌិត​ទាំង​២​នាក់​បោះ​ចូល​រំលង​របង​ពន្ធនាគារ​ឲ្យ​មក​ពួក​គេ​ដើម្បី​ចែកចាយ ព្រោះថា អគារ​របង​ពន្ធនាគារ​សព្វថ្ងៃ​ជា​របង​ចាស់ មិនសូវ​ខ្ពស់ ហើយ​ពន្ធនាគារ​ក៏​ស្ថិត​នៅ​កណ្តាល​ទីប្រជុំជន ហើយ​នៅ​ជុំវិញ​របង​ជា​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ ទើប​ធ្វើ​ឲ្យ​ជនល្មើស​ងាយ​នឹង​ផ្តល់​សម្ភារ​ល្មើស​ឲ្យ​ទៅ​បក្សពួក​ដែល​កំពុង​តែ​ឃុំខ្លួន ៕