៦ខែនេះប្លន់២ដង! ចាប់អត់បានទាំង២ដង!​

ខេត្តស្ទឹងត្រែង ៖ ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ បាន​ប្រើប្រាស់​កាំភ្លើង​វែង-​ខ្លី​​ រួម​ជាមួយ​ដែក​ស្បែង​​ចូល​​គាស់​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​យក​ព្រ​ទ្យ​សម្បត្តិ​យ៉ាងច្រើន​ ទៅ​ដោយ​សុវត្ថិភាព​ ។​ សម្រាប់​៦​ខែ​ ​ដើមឆ្នាំ​២០១៦​នេះ ​គេ​កត់​សម្គាល់ថា​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​​កើតឡើង​ចំនួន​២​លើក​ នៅ​ទីតាំង​ខុស​គ្នា​ ក្នុង​ខេត្តស្ទឹងត្រែង ​។ ករណី​ទី​មួយ ​កើតឡើង​​កាលពី​យប់​ថ្ងៃ​ទី​១៦ ​មីនា ​២០១៦​​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ​ក្នុង​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន និង​ថ្មី​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​ជា​១១​យប់ ​​ថ្ងៃ​ទី​២៧​មិថុនា ស្ថិតនៅចំណុច​ផ្លូវជាតិ​លេខ៩ ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។​

​ប្រ​ភព​ពី​​​សមត្ថកិច្ច​ចម្រុះ​បាន​និយាយ​ថា ​ករណី​ប្លន់​ប្រដាប់​អាវុធ​នោះ​ អាច​ផ្តើម​ចេញពី​ការ​រៀបចំ​គម្រោង​ជា​មុន​ ធ្វើ​សកម្មភាព​ជា​ក្រោយ ហើយ​ករណី​ប្លន់​ប្រដាប់​អាវុធ​ទាំង២​លើក​នោះ ​ក្រុម​ជនសង្ស័យ​ក៏​​អាច​មាន​ការ​សិក្សា​ច្បាស់​លាស់អំពី​ទីតាំង ​ព្រមទាំង​ទី​កន្លែង​គេចខ្លួន​នោះ​​ដែរ​។​   

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​លោក ជា ពេជ្រ បាន​ប្រាប់ឱ្យ​​ដឹង​ថា ​ក្រុម​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​ អាច​ជា​ក្រុម​តែ​មួយ​ ពាក់ព័ន្ធ​ការ​ប្លន់​ប្រដាប់​អាវុធ​លើ​ថៅ​កែ​ទិញ​ដំឡូង​មី​ កាលពី​យប់​ថ្ងៃ​ទី​១៦ ​មីនា​ ២០១៦ ​កន្លង​នោះ​ដែរ ​ដោយ​ក្រុម​មុខសញ្ញា​ប្លន់​នោះ ​បាន​ប្រើប្រាស់​អាវុធ​វែង​-ខ្លី​ និង​ដែក​ស្បែង​ដូច​គ្នា ​គ្រាន់តែ​ខុសពេល​វេលា​បន្តិច​ប៉ុណ្ណោះ​ ។