ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​កូ​ឡុំ​ប៊ី​ស្លាប់​ទាហាន​17​នាក់

កងទ័ព​កូ​ឡុំ​ប៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ មិថុនា ថា ទាហាន​១៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​ពួក​គេ​ជិះ ហើយ​គ្រោះថ្នាក់​នេះ​អាច​បណ្តាល​មក​ពី​ធាតុអាកាស​អាក្រក់ ។

កងទ័ពជើងគោក​កូ​ឡុំ​ប៊ី​បញ្ជាក់​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់ ដើម្បី​ប្រមូល​សាកសព​ទាហាន​ដែល​ស្លាប់​សរុប​១៧​នាក់ ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​៥​នាក់ ។ គ្រោះថ្នាក់​កើត​មាន​នា​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ។ ឧទ្ធម្ភាគចក្រ​នេះ​បាត់​ការ​ទាក់ទង ពេល​កំពុង​ហោះហើរ​រួច​ធ្លាក់​នៅ​ឃុំ PENSILVANIA ភាគ​កណ្តាល​ប្រទេស ។

យោង​តាម​កងទ័ព​ថា ការ​សន្និដ្ឋាន​ដំបូង​គ្រោះថ្នាក់​នេះ​អាច​ទាក់ទិន​នឹង​ធាតុអាកាស​អាក្រក់ ក៏​ប៉ុន្តែ​ពួក​អ្នកឯកទេស​ត្រូវ​ធ្វើការ​បញ្ជាក់​។ ចំណែក​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល សាន់​តូ​ស បញ្ជាក់​ថា បណ្តា​ទាហាន​ដែល​ស្លាប់ គឺ​ពេល​កំពុង​បំពេញបេសកកម្ម​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ឧទ្ទាម ELN ក្នុង​ខេត្ត CHOCO ភាគ​ពាយ័ព្យ​ប្រទេស ។ គឺ​នៅ​តំបន់​នោះ​ហើយ​ដែល​ពួក​ឧទ្ទាម​៣​នាក់​នៃ​កងកម្លាំង​រំដោះជាតិ ELN បាន​ត្រូវ​ស្លាប់ ហើយ​ពាណិជ្ជករ​ម្នាក់​ត្រូវ​ក្រុម​ឧទ្ទាម​នោះ​ចាប់ពង្រត់​ចាប់តាំងពី​១៥​ថ្ងៃ​មក​ហើយ​ត្រូវ​បាន​រំដោះ ។

កាលពី​ខែសីហា ឆ្នាំ​២០១៥ ប៉ូលិស​កូ​ឡុំ​ប៊ី​១៦​នាក់​បាន​ស្លាប់ ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​ដែរ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​ប្រឆាំង​ក្រុម​រត់ពន្ធ​គ្រឿងញៀន ៕