ទីប្រឹក្សា​សម្ដេច​ប្រធាន​សភា​នាំ​យក​ទៀន​ព្រះវស្សា ប្រគេន​វត្ត​ចំនួន ៨ នៅ​ស្រុក​កោះធំ

ទីប្រឹក្សា​សម្ដេច​ប្រធាន​សភា​នាំ​យក​ទៀន​ព្រះវស្សា ប្រគេន​វត្ត​ចំនួន ៨ នៅ​ស្រុក​កោះធំ



កណ្ដាល ៖ លោក​ឧកញ៉ា ហេង ជាវ ទីប្រឹក្សា​សម្ដេច អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធាន រដ្ឋសភា​នៃ ព្រះរាជា ណាចក្រកម្ពុជា និង​លោកស្រី កាយ ហ៊ួ​ត ព្រមទាំង​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ មាន​សទ្ធា​ជ្រះថ្លា ក្នុង​ព្រះពុទ្ធសាសនា បាន​ប្រារព្ធ​ពិធី​វេរ​ទៀន ព្រះវស្សា​រួម​នឹង​គ្រឿង​បរិក្ខារ ក្នុង​វត្ត​ចំនួន​៨​វត្ត នៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល ដែល​ពិធី​នេះ បាន​ប្រារព្ធ ធ្វើ​នៅ​វត្ត​ព្រែក​តា​ដួង នៅ​ព្រឹក​ថ្ងៃទី​៨​រោច ខែជេស្ឋ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦។

វត្ត​ទាំង​៨ ដែល​ត្រូវ​បាន​ទទួល​ទៀន​ព្រះវស្សា និង​គ្រឿង​បរិក្ខារ ពី​លោក​ឧកញ៉ា ហេង ជាវ និង លោកស្រី កាយ ហ៊ួត នា​ពេលនេះ រួមមាន​វត្ត ព្រែក​តា​ដួង វត្ត​សំប៉ាន វត្ត​កំពង់​គរ វត្ត​មង្គល​បូរី វត្ត​ពុទ្ធពរ​ត្រៃ​និគម វត្ត​កំពង់​សំបួរ វត្ត​ព្រែក​អំបិល វត្ត អន្លង់​តាសេធ និង​វត្ត​ព្រែក​ថ្មី ដោយ​ក្នុង​មួយ​វត្តៗ ទទួល​បាន​ទៀន​ព្រះវស្សា​១​គូ ទឹក​សុទ្ធ​៣​កេះ ទឹក ក្រូច​៣​កេះ ទឹកត្រី ទឹក​ស៊ីអ៊ីវ មី អង្ករ​៥០​គីឡូក្រាម ស្ករស​៥០​គីឡូក្រាម ទឹកដោះគោ ៥០​កំប៉ុង ប្រេងម៉ាស៊ូត​៣០​លីត្រ និង​បច្ច័យ​ចំនួន​៣០​ម៉ឺន​រៀល​។ ប្រគេន​ព្រះសង្ឃ​៨​អង្គ ក្នុង​មួយ​អង្គ បច្ច័យ​៨​ម៉ឺន រៀល រួម​នឹង​សាដក​១ លោក​អាចារ្យ​៨​នាក់ ក្នុង​ម្នាក់ៗ ថវិកា​២​ម៉ឺន​រៀល​។

ជាមួយ​នេះ ឆ្លើយតប​ទៅ​នឹង សំណូមពរ​បិណ្ឌបាត​របស់​ព្រះចៅអធិការ​វត្ត ពុទ្ធពរ​ត្រៃ​និគម លោក​ឧកញ៉ា ហេង ជាវ និង​លោកស្រី កាយ ហ៊ួ​ត បាន​ប្រគេន​ដែក​១​តោន​ ដែល​មាន​តម្លៃ ៦៥០​ដុល្លារ​អាមេរិក សម្រាប់​ចូលរួម​ក្នុង​ការ​កសាង ព្រះវិហារ​វត្ត​ពុទ្ធពរ​ត្រៃ​និគម​ផង​ដែរ៕
ទីប្រឹក្សា​សម្ដេច​ប្រធាន​សភា​នាំ​យក​ទៀន​ព្រះវស្សា ប្រគេន​វត្ត​ចំនួន ៨ នៅ​ស្រុក​កោះធំ