ឃាត់ខ្លួន​ក្មេង​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ម្នាក់ ដកហូត​បាន​គ្រឿងញៀន​១៩​កញ្ចប់​

ឃាត់ខ្លួន​ក្មេង​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ម្នាក់ ដកហូត​បាន​គ្រឿងញៀន​១៩​កញ្ចប់​



ភ្នំពេញ ​៖ ​កម្លាំង​មាន​សមត្ថកិច្ច​របស់​ប៉ូលិស​ប៉ុស្តិ៍​បឹង​កក់​ទី​២ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ម្នាក់ ដោយ​ក្នុង​ការ​ឃាត់ខ្លួន​នោះ​ប៉ូលិស​ដកហូត​បាន​គ្រឿងញៀន​១៩​កញ្ចប់​ផង​ដែរ។

ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ប្លុក​រោងចក្រ​ឆ្នាំង ក្រោយ​ផ្ទះសំណាក់​ស្រែ​លាភ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក។ ជន​សង្ស័យ​ត្រូវ​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់​ឈ្មោះ​ឌី ចាន់​ដេ​ត ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់នៅ ​កន្លែង​កើតហេតុ​ខាងលើ។ ក្នុង​ការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ដកហូត​បាន​គ្រឿងញៀន​១៩​កញ្ចប់ ខណៈ​ពេល​ដែល​ជនសង្ស័យ​ចេញ​ពី​ផ្ទះ​ដើរ​ចែកចាយ។

មន្ត្រី​​​នគរបាល​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប៉ូលិស​ប៉ុស្តិ៍​បឹង​កក់​ទី​២ សហ​ការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​៣ ជិះ​ម៉ូតូ​ដើរ​ល្បាត​នៅ​កន្លែង​កើតហេតុ​ ហើយ​ស្រប​ពេល​ដែល ជនសង្ស័យ​ដើរ​ចេញ​ពី​ផ្ទះ​គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​ក៏បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​សួរនាំ​និង​ឆែកឆេរ ទើប​ឃើញ​ថ្នាំញៀន​១៩​កញ្ចប់​នេះ​នៅ​ជាប់​ខ្លួន​ជនសង្ស័យ​តែម្តង។

ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​ថ្នាំញៀន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់៕
ឃាត់ខ្លួន​ក្មេង​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ម្នាក់ ដកហូត​បាន​គ្រឿងញៀន​១៩​កញ្ចប់​