សវនាការ​​ជំនុំជម្រះ​​ទោស​សកម្ម​​ជន​​អង្គការ​មាតាធម្ម​ជាតិ​​ចាប់​ផ្ដើម​ហើយ​នៅ​​ក្នុង​ខេត្ត​កោះកុង​

សវនាការដែលគេទន្ទឹងរង់ចាំជាយូរមកហើយនៅក្នុងការជំនុំជម្រះទោសសកម្មជនបរិស្ថានបីនាក់ ដែលជាប់ចោទពីបទគំរាមបង្កការខូចខាតដល់សាឡង់បូមខ្សាច់មួយកាលពីឆ្នាំមុននោះ បានចាប់ផ្ដើមហើយនៅក្នុងខេត្តកោះកុងកាលពីម្សិលមិញ ខណៈអ្នកគាំទ្ររាប់សិបនាក់ប្រមូលផ្ដុំគ្នាដើម្បីតវ៉ានៅខាងក្រៅតុលាការ។ សកម្មជនអង្គការមាតាធម្មជាតិទាំងបីនាក់ដែលមានឈ្មោះ ស៊ីម សំណាង អាយុ២៩ឆ្នាំ ទ្រី សុវិជ្ជា អាយុ២៦ឆ្នាំ និង សាន់ ម៉ាឡា អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ពាក់ព័ន្ធយុទ្ធនាការរបស់ពួកគេដើម្បីបញ្ឈប់ការបូមខ្សាច់តាមព្រែកនានាក្នុងខេត្តកោះកុង ដែលប្រជាពលរដ្ឋមូលដ្ឋានបន្ទោសថា បានបំផ្លាញបរិមាណត្រី។ ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ បន្ទាប់ពីពួកគេឡើងលើសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន Direct Access ហើយប្រាប់កម្មករបូមខ្សាច់ថា ខ្លួននឹងដុតបំផ្លាញសាឡង់នោះចោល ប្រសិនបើពួកគេមិនព្រមបញ្ឈប់សកម្មភាពបូមខ្សាច់ទេនោះ។ លោក អុីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង មានប្រសាសន៍ថា សវនាការជំនុំជម្រះកាលពីម្សិលមិញបានចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់ម៉ោង៥និង២០នាទីល្ងាច ហើយនឹងបន្តនៅថ្ងៃនេះទៀត។ លោកបានបន្តថា “យើងបានបញ្ចប់ការសាកសួរជនជាប់ចោទនៅថ្ងៃនេះ ហើយយើងនឹងបន្តសាកសួរសាក្សីមួយចំនួននៅថ្ងៃស្អែក”ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតទេ។ ចៅក្រម មីន មករា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ចំណែកឯមេធាវីរបស់ចុងចោទដែលផ្ដល់ដោយអង្គការសិទ្ធិមនុស្សលីកាដូមិនអាចទាក់ទងបានឡើយ។ លោក អុិន គង់ចិត្រ មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បានមានប្រសាសន៍ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងសាលសវនាការទេ ប៉ុន្តែដឹងថា ចៅក្រមក៏បានជំនុំជម្រះសក្ខីកម្មរបស់តំណាងក្រុមហ៊ុន Direct Access និងអាជ្ញាធរស្រុកបទុមសាគរដែរ។ លោក សួន ស៊ីថា អភិបាលរងស្រុកបទុមសាគរបានបញ្ជាក់ថា លោកបានផ្ដល់សក្ខីកម្មកាលពីម្សិលមិញ។ […]

The post សវនាការ​​ជំនុំជម្រះ​​ទោស​សកម្ម​​ជន​​អង្គការ​មាតាធម្ម​ជាតិ​​ចាប់​ផ្ដើម​ហើយ​នៅ​​ក្នុង​ខេត្ត​កោះកុង​ appeared first on The Cambodia Daily.