ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចង់​ធ្វើ​ស្ពាន​ឆ្លង​បឹង តែ​អាជ្ញាធរ​មិន​ឱ្យធ្វើ

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចង់​ធ្វើ​ស្ពាន​ឆ្លង​បឹង តែ​អាជ្ញាធរ​មិន​ឱ្យធ្វើ



ខេត្តកំពត ៖ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បឹង​លំ​ពូ ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច គ្រោង​ធ្វើ​ស្ពាន​តូច​មួយ​សម្រាប់​ឆ្លង​បឹង​លំ​ពូ ប្រវែង​១៣០​ម៉ែត្រ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យធ្វើ​នោះ​ទេ ។

លោក វ៉ែន ម៉ៅ ប្រធាន​គណៈកម្មការ​វត្ត​លំ​ពូ បាន​ប្រាប់​ឱ្យ​ដឹង​ថា ទំនប់​បឹង​លំ​ពូ នេះ​មាន​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​បឹង​លំ​ពូ ចូល​មក​វត្ត​ឬ​ទៅ​ផ្សារ​កំពង់ត្រាច​ក៏​បាន​ដោយ​មនុស្ស​រាប់រយ​នាក់ ធ្វើ​ដំណើរ​ឆ្លងកាត់​រាល់ថ្ងៃ ។ ប៉ុន្តែ​ទំនប់​ប្រវែង​១៣០​ម៉ែត្រ​បាន​ខូចខាត​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ជា​ពិសេស​នៅ​រដូវវស្សា​ដែល​មានទឹក​ពេញ​ពោរ​បឹង​តែ​ម្តង ។

តាម​ការ​ពិនិត្យ​ឃើញ​ថា នៅ​លើ​ខ្នង​ទំនប់​មាន​ចាក់​បេតុង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដែរ តែ​សម័យ​ប៉ុ​ល ពត ត្រូវ​បានវាយ​បំផ្លាញ​អស់​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​លំបាក​ឆ្លងកាត់ ។

ព្រះ​តេជគុណ​ទៀប ភឿន ចៅអធិការ​វត្ត​លំ​ពូ មាន​ថេរ​ដីកា​ថា ពលរដ្ឋ​រាប់​ពាន់​នាក់​ចង់បាន​ស្ពាន​ឆ្លង​បឹង​លំ​ពូ​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិនដឹង​ធ្វើ​យ៉ាងណា​ឱ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន ជាទី​គោរព​លោក​ដឹង​ទេ ។ ក្រោយមក​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​ឯកភាព​គ្នា​ផ្តើមគំនិត​ធ្វើ​ស្ពាន ឬ​ក៏​ដាច់​លូ​កន្លែង​ទំនប់​ដាច់​នោះ ដើម្បី​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន តែ​អាជ្ញាធរ​មិន​ឱ្យធ្វើ ។ ព្រះ​តេជគុណ​ចៅអធិការ​មាន​ថេរ​ដីកា​បន្ត​ថា ឱ្យ​តែ​អាជ្ញាធរ​អនុញ្ញាត​ឱ្យធ្វើ​គឺ​វត្ត និង​សប្បុរសជន ព្រមទាំង​ពុទ្ធបរិស័ទ​រួម​គ្នា​ធ្វើ​ទៅ​អាច​នឹង​ដំណើរការ​បាន​ហើយ ។

លោកតា​ម្នាក់​មក​ពី​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ដែល​ក្នុង​ដៃ​មាន​យួរ​ចានស្រាក់​យក​ចង្ហាន់​ទៅ​វត្ត​លំ​ពូ បាន​ប្រាប់​ថា ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បឹង​នេះ​ទៅ​វត្ត ឬ​ទៅ​ផ្សារ​កំពង់ត្រាច ទាមទារ​ចង់បាន​ស្ពាន​ឆ្លង​បឹង​លំ​ពូ​នេះ​ស្ទើរ​គ្រប់​គ្នា​។

លោក កែវ សុខា មេឃុំ​អង្គ​សុ​ភី បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​៣​ឃុំ​ពិតជា​ចង់បាន​ស្ពាន​ឆ្លង​ត្រង់​ទំនប់​ដាច់​នៅ​បឹង​លំ​ពូ​នោះ​មែន ប៉ុន្តែ​ស្ពាន​ទំនប់​បឹង​លំ​ពូ​នេះ ជា​គម្រោង​របស់​ថ្នាក់​ជាតិ​ជា​អ្នក​ធ្វើ បើ​យើង​នាំ​គ្នា​ធ្វើ​ខុស​បច្ចេកទេស ទឹក​អាច​លិច​ភូមិឋាន​ខាងលើ​បាន ។ ដូច្នេះ​ត្រូវ​តែ​មានការ​សិក្សា​តាម​បទដ្ឋាន​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ដឹង​ថា តើ​ត្រូវធ្វើ​ស្ពាន​ក្នុង​កម្រិត​បែប​ណា ទើប​មិន​មាន​ហានិភ័យ​កើតឡើង ។

ទោះជា​បែប​ណា នេះ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ដែល​ត្រូវ​តែ​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ៕​