ឆេះ​ផ្ទះ​នៅ​បឹង​ទំពុន​រសៀល​នេះ​អស់​៣៣​ខ្នង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង ២​និង​១៥​នាទី ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ ២០១៦​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង​ចំនួន​៣៣​ខ្នង​ផ្ទះ ស្មើ​នឹង ៧៨​គ្រួសារ ហើ​យ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១៥​គ្រឿង (​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ១២​គ្រឿង PM​រាជធានី​ភ្នំពេញ ២​គ្រឿង និង​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​១​គ្រឿង​) ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា​អគ្គី​ភ័យ​នេះ​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ ហើយ​ថា​អគ្គិភ័យ​នេះ​មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ ប៉ុន្តែ​មូលហេតុ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ដោយ​អាជ្ញាធរ​កំពុង​ស៊ើបសួរ ៕