វះ​បេះដូង​រួច គួរ​ញ៉ាំ​អាហារ​បែបណា​?

វះ​បេះដូង​រួច គួរ​ញ៉ាំ​អាហារ​បែបណា​?


វះ​បេះដូង​រួច គួរ​ញ៉ាំ​អាហារ​បែបណា​?

​បើសិន​ជា​អ្នក ទើបតែ​ធ្វើ​ការវះកាត់​បេះដូង នា​ពេល​ថ្មីៗ​នេះ​ទេ គ្រូពេទ្យ​ត្រូវតែមាន​តួនាទី ណែនាំ​អំពី​របប​អាហារ ដែល​អ្នក​ត្រូវ​តែ​ធ្វើតាម​។ លើសពីនេះទៅទៀត មាន​រឿង​មួយ​ចំនួន​ដែរ​ដូចជា អ្នក​មិន​ត្រូវ​ញ៉ាំ​បន្លែ​ពណ៌​បៃតង ឬ​ទឹកដូង​ឡើយ ព្រោះ​វា​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ទេ​។ ពី​នេះ​តើ​មាន​របប​អាហារ​អ្វី​ទៀត ដែល​អ្នកជំងឺ​ក្រោយពី​វះកាត់​បេះដូង​រួច ត្រូវតែ​ធ្វើ​តាម​ជា​ដាច់ខាត​នោះ​?

​បើសិនជា​អ្នក​ធ្វើ​ការវះកាត់​បេះដូង ដោយ​ប្តូរ​ប្រឹស​ក្នុង​បេះដូង និង​ត្រូវ​ការប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម នោះ​អ្នក​ត្រូវតែ​ចៀសវាង​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង ជាដាច់ខាត​តែម្តង​។ នេះ​ដោយសារ​តែ បន្លែ​ប្រភេទ​នេះ មិន​ត្រឹមតែ​បន្ថយល្បឿន នៃ​ការរំលាយ​អាហារ​ទេ តែ​ក៏​ធ្វើឲ្យ​ដំណើរ​នៃ​ការរំលាយ​កំណ​កឈាម​ខ្លាំង​ជាង​មុន​ពី ៤ ទៅ ៥ ដង​ឯណោះ ដូច្នេះ អ្នក​អាច​ប្រឈម​ខ្លាំង​នឹង​ការ​ហូរឈាម​។

បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ព្រមទាំង​លើស​សម្ពាធ​ឈាម​ទៀត​នោះ ត្រូវតែ​និយាយ​ថា​ទេ​ចំពោះ​ទឹកដូង ឬ​ផលិតផល​ធ្វើ​ពី​ដូង​ជា​រៀង​រហូត​តែ​ម្តង​។ ជាមួយគ្នានេះដែរ ផ្លែឈើ​ដូចជា ចេក និង​ល្ហុង គឺជា​រឿង​ដែល​អ្នក​ត្រូវ​ចៀសវាង​ដែរ ព្រោះ​ថា​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម ឡើង​ខ្ពស់​បាន​គ្រប់ពេល ហើយ​ក៏​ធ្វើ​ឲ្យ​បេះ​ដូង​មាន​បញ្ហា​ទៀត ក្រោយ​ពី​វះកាត់​រួច​។

បើសិន​ជា​អ្នក​មាន​បញ្ហា​តម្រង​នោម ចូរ​ប្រាកដថា អ្នក​បាន​កាត់បន្ថយ​ការ​ញ៉ាំ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ហើយ ព្រោះ​ប្រូតេអ៊ីន​កាន់តែច្រើន កាន់តែ​ដាក់​សម្ពាធ​ខ្លាំង​ទៅលើ​តម្រង​នោម ដូច្នេះ បញ្ហា​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បេះដូង ក៏​កាន់តែ​មិន​មាន​សុខភាព​ល្អ​ទៀត​ដែរ​។

មិន​ត្រូវ​ញ៉ាំ​អាហារ​នៅក្រៅ​ផ្ទះ យ៉ាងហោច​ណាស់​បី​ខែ ក្រោយ​ពី​វះកាត់​រួច​។ ក្រោយ​ពី​បី​ខែ​ហើយ ចូរ​ប្រាកដថា អ្នក​ញ៉ាំ​អាហារ​តិចៗ នៅពេល​ញ៉ាំ​អាហារ​ក្រៅ ហើយ​ក៏​ត្រូវ​កាត់បន្ថយ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រេង​ដែរ​។ អ្នក​អាច​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​ម្តង​ក្នុង​មួយ​ខែ ឬ​រយៈពេល ១៥ ថ្ងៃ អាស្រ័យ​ទៅ​តាម​សុខភាព​បេះដូង​។

ក្រោយ​ពី​វះកាត់​រួច អ្នកជំងឺ​ត្រូវតែ​ញ៉ាំ​អាហារ​រាវៗ រយៈពេល​ពីរ​ថ្ងៃ​ដំបូង​។ ក្រោយមកទៀត យក​ល្អ គួរតែ​បង្កើន​ការ​ញ៉ាំ​អាហារ​ទឹក​ដូចជា ស៊ុប ដើម្បី​ងាយស្រួល​ដល់​ការរំលាយ​អាហារ​។ រយៈពេល​មួយ​សប្តាហ៍​ក្រោយ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​តិចៗ ៤ ទៅ ៥ ដង​ក្នុង​មួយថ្ងៃ​។ ការធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​អ្នក​ឆ្អែត ហើយ​ក៏​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល​ដែរ​។ ចូរ​ប្រាកដថា របប​អាហារ​មាន​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រាត​គ្រប់គ្រាន់ និង​ខ្លាញ់​តិច​៕

អត្ថបទ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។