ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​នៅ​ខេត្ត​កំពង់ចាម​ចោទ​មន្ត្រី​ពន្ធនាគារ​ថា​​វាយ​អ្នក​ទោស​ឱ្យ​របួស​ធ្ងន់

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ថា បាន​វាយដំ​អ្នក​ទោស​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ។ ការ​លើក​ឡើង​នេះ ក្រោយពេល​មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​តែ​មាន​មន្ត្រី​នៅ​ពន្ធនាគារ​វាយដំ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា។ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ចាម បាន​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​គ្រួសារ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អ្នកទោស​ដែល​កំពុង​ជាប់​ឃុំ។ ពួកគេ​ថា ប្រសិនបើ​នៅតែ​បណ្ដោយ​ឱ្យ​មាន​សកម្មភាព​វាយដំ​អ្នក​ជាប់ឃុំ​ទៀត​នោះ មណ្ឌល​អប់រំ​កែប្រែ​ពុំ​មែន​ជា​កន្លែង​កែប្រែ​មនុស្ស​ទៀត​ឡើយ ប៉ុន្តែ​ជា​កន្លែង​សម្រាប់​ធ្វើ​ទារុណកម្ម និង​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​រង​ទុក្ខវេទនា​ទៅ​វិញ។

សាច់​ញាតិ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម រស់​នៅ​ខេត្ត​កំពង់ចាម ស្នើ​មិន​ឱ្យ​បញ្ចេញ​អត្តសញ្ញាណ លើក​ឡើង​ថា សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​ជាប់​ឃុំ​ត្រូវ​បាន​មន្ត្រី​នៅ​ពន្ធនាគារ​វាយ​ដំ​របួស​ធ្ងន់ធ្ងរ រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី ហើយ​ទុក​ចោល​ជា​ច្រើន​ម៉ោង​ទើប​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត។ ពួកគាត់​លើក​ហេតុផល​ស្រដៀង​គ្នា​ថា មូលហេតុ​មន្ត្រី​នៅ​ទី​នោះ​វាយ​ដំ​សាច់ញាតិ​របស់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​ទូរស័ព្ទ។

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​នោះ​យល់​ថា ការ​វាយ​ធ្វើ​បាប​អ្នក​ជាប់​ឃុំ​ដូច្នេះ មិនមែន​ជា​ការ​អប់រំ​ឡើយ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា អត់​ត្រឹមត្រូវ​ទេ ព្រោះ​ថា គ្រាន់តែ​ប្រើ​ទូរស័ព្ទ​ហ្នឹង​មិន​អាច​ឈាន​ដល់​ថ្នាក់​វ៉ៃ​ប្អូន​ខ្ញុំ​រហូត​ដល់​សន្លប់​ស្ដូកស្ដឹង​ដល់​ថ្នាក់​បញ្ជូន​មក​ពេទ្យ​ខេត្ត​អ៊ីចឹង​ទេ។ ខ្ញុំ​ចង់​កុំ​ឱ្យ​គេ​ធ្វើ​អ៊ីចឹង យក​ទៅ​កែប្រែ ហើយ​ហេតុ​អី​បាន​យក​មនុស្ស​ទៅ​ធ្វើ​អ៊ីចឹង ហើយ​លុយ​កាក់​ទៅ​មើល​ម្តងៗ កន្លែង​នេះ​បី​ពាន់ កន្លែង​នោះ​បី​ពាន់ ហើយ​បើ​ចង់​ជួប​កូន ២៥.០០០​រៀល​បាន​ជួប»

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​បញ្ជាក់​ថា ស្ថានភាព​អ្នក​រង​របួស​នៅ​មិន​ទាន់​បាន​ប្រសើរ​ឡើយ ដោយសារ​ការ​វាយដំ​នោះ​ធ្ងន់ធ្ងរ​ពេក ហើយ​អាច​គ្រាំ​ក្នុង​ទៀត​ផង។

បន្ថែម​ពី​នេះ​ទៀត ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម អះអាង​ថា នៅ​ក្នុង​ពន្ធនាគារ​មួយ​នេះ គឺ​មាន​អំពើ​ពុករលួយ​ទៀត​ផង។ ពួកគាត់​ថា ប្រសិនបើ​មិន​បាន​បង់​ប្រាក់​ជូន​មន្ត្រី​ពន្ធនាគារ​ទាំង​នោះ​ទេ ម្ហូប​ចំណី​ដែល​បម្រុង​ឱ្យ​អ្នក​ជាប់​ឃុំ​នោះ នឹង​ត្រូវ​គេ​ទុក​ចោល​តែម្ដង។ មិនតែប៉ុណ្ណោះ សាច់ញាតិ​ជាប់​ឃុំ​តែង​ហៅ​ទូរស័ព្ទ​ផ្តាំ​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ​ផ្ញើ​លុយ​ឱ្យ​ពួកគាត់ ដោយ​មាន​ស្ថាប័ន​វេរ​លុយ​មួយ​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​ជា​ថ្លៃ​បន្ទប់​គេង សម្លៀក​បំពាក់ សម្ភារៈ​មួយ​ចំនួន​ទៀត។ រូបភាព​ទាំង​នេះ ពួកគាត់​យល់​ថា គឺ​ជា​អំពើពុករលួយ ដែល​ទាមទារ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចុះ​ស៊ើបអង្កេត។

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ចាម លោក យន់ ពៅ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក​បញ្ជាក់​ថា គ្មាន​ឡើយ​សកម្មភាព​វាយ​ដំ​អ្នក​ជាប់​ឃុំ ឬ​ធ្វើ​ទារុណកម្ម​អ្នកទោស​ពី​សំណាក់​មន្ត្រី​ពន្ធនាគារ ប៉ុន្តែ​អាច​មាន​ករណី​ខ្លះ គឺ​កើត​ឡើង​ដោយ​អ្នក​ជាប់​ឃុំ​វាយ​គ្នា​ទៅវិញទៅមក​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ លោក​ថា គ្មាន​មន្ត្រី​ណា​ម្នាក់​តម្រូវ​ឱ្យ​យក​ប្រាក់​ពី​សាច់ញាតិ​អ្នក​ជាប់​ឃុំ ខណៈ​ពួកគេ​ចូល​ទៅ​​សួរសុខទុក្ខ​អ្នក​ទាំង​នោះ​ឡើយ ប៉ុន្តែ​អាច​មាន​សាច់ញាតិ​អ្នក​ជាប់ឃុំ​ខ្លះ​គេ​ឱ្យ​ប្រាក់​តិចតួច​ទៅ​មន្ត្រី​ពន្ធនាគារ​ដោយ​ទឹក​ចិត្ត​ប៉ុណ្ណោះ៖ «ប៉ុន្តែ​មាន​ករណី​ខ្លះ​ដែរ គ្រួសារ​គេ​មក​ទៅ គេ​ឱ្យ​ខ្លះ​ដែរ ១​ពាន់ ២​ពាន់។ អា​ហ្នឹង​អត់​មាន​ជា​ផ្លូវការ​ទេ ព្រោះ​ខ្ញុំ​បាន​ដាក់​ផែនការ​មិន​ឱ្យ​មាន​យក​លុយ​យក​កាក់​អី​ផង»

ពន្ធនាគារ​ខេត្ត​កំពង់ចាម បច្ចុប្បន្ន​មាន​អ្នក​ជាប់ឃុំ​ជាង ៩០០​នាក់ ក្នុង​នោះ​ស្រី​ជិត ១០០​នាក់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍​ថា ប្រសិនបើ​ដូច​អ្វី​ដែល​សាច់ញាតិ​អ្នក​ជាប់​ឃុំ​អះអាង​នោះ គឺ​ជា​រឿង​ខុស​ច្បាប់។ អ្នកស្រី​ថា បញ្ហា​នេះ​សាច់​ញាតិ​អ្នក​ជាប់ឃុំ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ពន្ធនាគារ​ទាំង​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់​ទៀត​ផង៖ «ព្រោះ​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​បាន​ចែង​ហើយ​ថា អំពើ​ធ្វើ​ទារុណកម្ម​គ្រប់​រូបភាព​ណា​មួយ​មិន​ឱ្យ​មាន​ទេ ជាពិសេស​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទៀត»

ចំណែក​បញ្ហា​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​ពន្ធនាគារ​វិញ កន្លង​មក​តែងតែ​មាន​ការ​ត្អូញត្អែរ​ពី​សំណាក់​សាច់ញាតិ​អ្នក​ជាប់​ឃុំ ពិសេស​ជន​ដែល​ត្រូវ​បាន​គេ​ដោះលែង​រួច។ បញ្ហា​នេះ អ្នកស្រី ធីម ណារីន ថា កើត​មាន​ស្ទើរ​តែ​គ្រប់​ពន្ធនាគារ។ អ្នកស្រី​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​តាម​គ្រប់​រូបភាព និង​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ស្ថាប័ន​មួយ​នេះ ពីព្រោះ​អំពើ​ពុករលួយ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង​អស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។