យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​បាញ់​ធ្លាក់​ប្រធានាធិបតី​តួ​ក​គី​សុខចិត្ត​សុំ​ទោស

បន្ទាប់​ពី​ការ​បង្រួបបង្រួម​ជាមួយ​អីុ​ស្រា​អែ​ល ប្រទេស​តួ​ក​គី​នា​ពេល​នេះ​ងាក​មក​ចាប់ដៃ​ជាមួយ​រុ​ស្ស៊ី ហើយ​ក៏​គ្រោង​ឱ្យ​មានការ​បោះ​ប្រជាមតិ​មួយ​លើ​ការ​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង​ដែរ ក្រោយ​អង់គ្លេស​សម្រេច​ចាក​ចេញពី​ប្លុក​អឺរ៉ុប​នោះ​មក ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​ធ្វើការ​សុំ​ទោស​ចំពោះ​ការ​បាញ់​ធ្លាក់​យន្តហោះ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំពោះ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូទីន​។ វិមាន​ក្រឹម​ឡាំង​អះអាង​នា​ថ្ងៃ​ទី​២៧ មិថុនា ថា លោក​អ័​រ​ដូ​ហ្គា​ន អំពាវនាវ​ឱ្យ​ស្តារ​ឡើង​វិញ ទំនាក់ទំនង​រវាង​តួ​ក​គី និង​រុ​ស្ស៊ី ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ទ្រី បេ​ស្កូវ ថ្លែង​ថា មេដឹកនាំ​តួ​ក​គី​បាន​សម្តែង​សមានចិត្ត និង​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​គ្រួសារ​អ្នក​បើក​យន្តហោះ​រុ​ស្ស៊ី ដែល​ស្លាប់ ហើយ​បាន​សុំ​ទោស ។ លោក​បន្ត​ថា ប្រធានាធិបតី​តួ​ក​គី មាន​បំណង​ចង់​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ស្តារ​ទំនាក់​ទំនងជា​ប្រពៃណី​មិត្តភាព​ឡើង​វិញ​រវាង​តួ​ក​គី និង​រុ​ស្ស៊ី ។

ក្នុង​សេចក្តី​ប្រកាស​មួយ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​បាន​ទទួល​សារលិខិត​មួយ​ច្បាប់​របស់​លោក​អ័​រ​ដូ​ហ្គា​ន ដែល​ក្នុង​សារលិខិត​នេះ ប្រធានាធិបតី​តួ​ក​គី គូសបញ្ជាក់​ថា ក្រុង​អង់កា​រ៉ា ពុំ​មាន​បំណង ឬ​ចេតនា​បាញ់​ទម្លាក់​យន្តហោះ​យោធា​រុ​ស្ស៊ី​ឡើយ ។ រុ​ស្ស៊ី​សម្រាប់​តួ​ក​គី​ជា​មិត្ត​មួយ ព្រមទាំង​ជា​ដៃគូ​យុទ្ធសាស្ត្រ ។

កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៥ យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​ធុន SU-24 មួយ​គ្រឿង​ត្រូវ​យន្តហោះ​ប្រដេញ​តួ​ក​គី​បាញ់​ធ្លាក់​ជិត​ព្រំដែន​ស៊ី​រី បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​ម្នាក់​ពេល​លោតឆ័ត្រ​យោង​មក​ដល់​ដី ។ ឧប្បត្តិ​ហេតុនេះ ញ៉ាំង​ឱ្យ​មាន​វិបត្តិ​យ៉ាង​ខ្លាំងក្លា​មួយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ រួច​រុ​ស្ស៊ី​បាន​ចាត់វិធានការ​នានា​ប្រឆាំង​ក្រុង​អង់កា​រ៉ា ៕