​ថ្ងៃទី​៤ កក្កដា សាលាឧទ្ធរណ៍​បើកសវនាការ​រឿង​លោក​កឹម សុខា បដិសេធ​មិន​ចូលខ្លួន

ភ្នំពេញ​:
សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខនេះ ពាក់ព័ន្ធ​ការបដិសេធ​មិន​ចូលខ្លួន​ឆ្លើយបំភ្លឺ​ក្នុងនាម​ជា​សាក្សី​រឿង​សញ្ចារកម្ម ដែលមាន​កញ្ញា ខុម ច័ន្ទដារ៉ា​ទី ជា​ជនរងគ្រោះ​។

​លោក​ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ បាន​កោះហៅ​លោក​កឹម សុខា ឲ្យ​ចូលខ្លួន​ក្នុង​សវនាការ​នៅ​ថ្ងៃទី​៤ ខែកក្កដា វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ជំនុំជម្រះ​ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន​។​
​សមាសភាព​ចៅក្រម​ជំនុំជម្រះ នៅ​ថ្ងៃទី​៤ ខែកក្កដា មានដូចជាៈ លោក​ផូ ពៅ​ស៊ុន លោក​ងួន អ៊ី​ម លោក​សួស សំអាត និង​លោក​ហ៊ឹង ប៊ុន​ជា ព្រះរាជអាជ្ញា​។​

​លោក​សំ សុ​គង់ មេធាវី​ការពារ​លោក​កឹម សុខា បាន​ថ្លែងប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា នេះ​ថា ទាក់ទង​សវនាការ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​៤ ខែកក្កដា ខាងមុខនេះ គឺ​ទាក់ទង​ករណី​ក្រុម​មេធាវី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​ឲ្យ​លោក​កឹម សុខា ប្តឹងទៅ​សភា​ស៊ើបសួរ​នៅ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​សំណុំរឿង​មោ​ឃៈ​នីតិវិធី គឺ​នៅ​ក្នុងករណី​មិន​ចូលខ្លួន​តាម​ការកោះហៅ និង​ប្តឹង​សុំ​មិន​ទទួលយក និង​សុំ​ឲ្យ​លុបចោល​កិច្ចការ​របស់​សមត្ថកិច្ច​ធ្វើ​កន្លងមក ក៏ដូចជា​តុលាការ​ក្រុងភ្នំពេញ​។​

​លោក​សំ សុ​គង់​បាន​បញ្ជាក់ថា ចំពោះ​ការចូល​ខ្លួន ឬ​មិន​ចូលខ្លួន​របស់លោក​កឹម សុខា គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕s​/t