មន្ត្រី​ប៉េអឹម​គេច​ខ្លួន​បាត់​ ក្រោយពីបើក​រថយន្ត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់

មន្ត្រី​ប៉េអឹម​គេច​ខ្លួន​បាត់​ ក្រោយពីបើក​រថយន្ត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់



កណ្ដាល ៖ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​ថ្លែង​ថា​ មន្ត្រី​អាវុធហត្ថ​បាន​គេច​ខ្លួនបាត់​ ដោយ​បន្សល់​នូវ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​ខណៈ​ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។

លោក​ សោម ​ហាក់ ​អធិការ​នគរបាល​ស្រុក​មុខកំពូល​ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នោះ​កើតឡើង​នៅ​ថ្ងៃទី២៧ ​ខែមិថុនា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៨និង៤០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​ភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ​ និង​រថយន្ត​ ដោយ​ម៉ូតូ​ម៉ាក​ហុងដា​C50ពណ៌​ទឹក​ប៊ិច​ពាក់ស្លាក​លេខ ម​7512 ភ ព 1បើកបរ​ដោយ​ឈ្មោះ រឿន ថុល ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​(​បើក​បញ្ច្រាស​ទិស​) ហើយ​
បាន​មក​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ពណ៌​ ទឹក​ប៊ិច ពាក់​ស្លាកលេខ ខេមរភូមិន្ទ 09.2.1084
បើកបរ​ដោយ​ឈ្មោះ រស់ តឿ ភេទ ប្រុស​អាយុ​៤៥​ឆ្នាំ​ជា​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​បណ្ដាល​ឲ្យ​របួសធ្ងន់​ដល់​អ្នកបើកបរ​ម៉ូតូ​ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។

ចំពោះ​ម៉ូតូ ​និង​រថយន្ត​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល។ លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​គេច​ខ្លួន​បាត់​ខណៈ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​របួស​ធ្ងន់។ តែ​យ៉ាងណា​ក៏​ដោយ​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕
មន្ត្រី​ប៉េអឹម​គេច​ខ្លួន​បាត់​ ក្រោយពីបើក​រថយន្ត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់