អ៊ឺរ៉ូ២០១៦៖ ទម្លាក់​អតីត​ជើង​ឯក ដើម្បី​ឡើង​ទៅ​ជួប​ជើង​ឯក​ពិភពលោក

ក្រុមជម្រើសជាតិអេស្ប៉ាញ អតីតជើងឯកពិភពលោកពីរជំនាន់ បាន«ហាលអាវ» រៀបខ្ចប់ខោអាវ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​យប់​ម៉ិញ​នេះ បន្ទាប់ពីបានប្រកួតចាញ់ក្រុមអ៊ីតាលី ក្នុងពិន្ទុ២ទល់នឹងសូន្យ។ ក្រុមអ៊ីតាលី នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​អាល្លឺម៉ង់ ជើងឯក​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ក្នុង​វគ្គ១ភាគ៤​ផ្ដាច់​ព្រ័ត្រ។
អ៊ឺរ៉ូ២០១៦៖ ទម្លាក់​អតីត​ជើង​ឯក ដើម្បី​ឡើង​ទៅ​ជួប​ជើង​ឯក​ពិភពលោក

កីឡាករ «Giorgio Chiellini» លោតឡើង នៅបន្ទាប់ពីរកគ្រាប់បាល់ដំបូង នៅនាទីទី៣៣ ឲ្យក្រុមជម្រើសជាតិ​របស់ខ្លួនរួច។ (រូបថត UEFA)

ក្រុមយក្ស និងយក្សជួបប្រយុទ្ធគ្នា តើនឹងមានរឿងអ្វីកើតឡើង? មិនមានអ្វីចម្លែកទេ ព្រោះយក្សដែលចាញ់ មាន​តែ​ការសោកស្ដាយ និងយំមិនចេញ​ ហើយដើរត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯងប៉ុណ្ណោះ។ គូប្រកួតខ្លាំងៗ បាន​ប៉ះ​គ្នា​នៅ​ក្នុង«អ៊ឺរ៉ូ២០១៦» ហើយគូប្រកួតដែលទន់ជាង ឬរៀបក្បួនយុទ្ធសាស្ត្រមិនបានល្អ បានខ្ទាតចេញ​ជាបន្តបន្ទាប់ ពីជំនួបរៀងរាល់​៤ឆ្នាំម្ដងនេះ។ ពីក្នុងចំណោមនោះ មានក្រុមអេស្ប៉ាញមួយផង ដែលធ្លាប់ជាប់​ជា​ម្ចាស់​ជើង​ឯកពិភពលោក-អ៊ឺរ៉ុប ២ជំនាន់ តែត្រូវបានក្រុមជម្រើសជាតិអ៊ីតាលី បំបាក់ដោយពិន្ទុ២ទល់នឹងសូន្យ កាល​ពី​យប់​ថ្ងៃទី២៧ ខែមិថុនានេះ។

អាចនិយាយបានថា ការប្រកួតនាយប់ម្សិលម៉ិញនេះ ជាការវិលមកសងសឹក របស់ក្រុមអ៊ីតាលី ទល់នឹងក្រុម​អេស្ប៉ាញ ដែលធ្លាប់បំបាក់ខ្លួន ដោយពិន្ទុ៤ទល់នឹងសូន្យ កាលពីការប្រកួតផ្ដាច់ព្រ័ត្រ នៃ«អ៊ឺរ៉ូ២០១៤» នាទី​ក្រុង​គៀវ (ប្រទេសអ៊ុយក្រែន) កាលពីបួនឆ្នាំមុន។

គ្រូបង្វឹករបស់ក្រុមអ៊ីតាលី លោក «Antonio Conte» បានព្រមានជាមុនហើយ នៅមុនការប្រកួត ជាមួយ​ក្រុម​អេស្ប៉ាញ នា​ឆ្នាំ​នេះ​ថា៖ «យើងទាំងអស់គ្នា មិនបានកំណត់ថា នឹងត្រូវឈប់នៅពេលណានោះឡើយ»។

ក្រោមតំណក់ទឹកភ្លៀង នាពហុកីឡាដ្ឋានដ៏ស្កឹមស្កៃ នៃក្រុង «Saint-Denis» (ស្ថិតនៅជាប់ខាងជើង រដ្ឋធានី​ប៉ារីស)  ក្រុមអ៊ីតាលីបានរកបានគ្រាប់បាល់ នៅនាទីទី៣៣ ក្នុងពាក់កណ្ដាលម៉ោងដំបូង ដោយកីឡាករ​ខ្សែ​ការពារ «Giorgio Chiellini»។ បន្ទាប់មក ក្រុមអ៊ីតាលីដដែលនេះ បានឆ្លៀតឱកាស នៃការវាយសន្ធាប់​ភ្លេចខ្លួន​ដើម្បី​យក​ស្មើរ របស់ក្រុមអេស្ប៉ាញ នៅក្នុងពាក់កណ្ដាលម៉ោងទីពីរ ដោយបានវាយបកមកវិញ យកបាន​មួយ​គ្រាប់​ទៀត នៅនាទីទី 89 ដោយកីឡាករ «Pellè»។

អ៊ឺរ៉ូ២០១៦៖ ទម្លាក់​អតីត​ជើង​ឯក ដើម្បី​ឡើង​ទៅ​ជួប​ជើង​ឯក​ពិភពលោក

ក្រុមអេស្ប៉ាញមានឱកាសទាត់បញ្ចូលទី របស់ក្រុមអ៊ីតាលីជាច្រើនដង តែនៅចំពោះបទពិសោធន៍ ដែល​កីឡាករ​ចាំទីជាតិអ៊ីតាលី «Buffon» មានរាប់សិបឆ្នាំមកនោះ មិនមានអ្វីគួរជាគ្រោះថ្នាក់ឡើយ។ យ៉ាងណា ក្រុម​អេស្ប៉ាញ នៅមានឱកាសសងសឹក ទៅលើក្រុមអ៊ីតាលីវិញ នៅថ្ងៃទី៦ ខែតុលាខាងមុខ ខណៈក្រុម​ទាំងពីរ​ស្ថិត​ក្នុង​ពូល​ជា​មួយ​គ្នា នៃការប្រកួតជម្រុះ សម្រាប់ឆ្ពោះទៅដណ្ដើមជើងឯកពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេស​រ៉ូស្ស៊ី។

សម្រាប់«អ៊ឺរ៉ូ២០១៦» នាពេលនេះ ក្រុមអេស្ប៉ាញត្រូវវិលត្រឡប់ ទៅស្រុកខ្លួនវិញជាស្ថាពរហើយ ខណៈ​ក្រុម​អ៊ីតាលី នឹងត្រូវទៅជួបជាមួយក្រុមអាល្លឺម៉ង់ ដែលជាក្រុម«យក្ស»មួយទៀត នៅក្នុងពិភពបាល់ទាត់ ហើយ​កំពុង​កាន់​តំណែង ជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃនៅឡើយ។ ក្រុមអាល្លឺម៉ង់វិញ ក៏បាន​បង្ហាញ​ពី​មហិទ្ធិរិទ្ធិ​របស់​ខ្លួន កាលពីម្សិលម្ងៃដែរ ដោយលត់ក្រុមស្លូវាគី ក្នុងពិន្ទុ៣ទល់នឹងសូន្យ៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖