ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​ចោទ​ក្រុមហ៊ុន​ចិន​ថា​ធ្វើ​អោយ​ខូច​ផ្លូវ

ក្រុមហ៊ុន​ចិន មួយ​ដែល​កំពុង​ធ្វើ​ផ្លូវ​ក្រវាត់​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​លំ​ឆ្លង​កាត់​ភូមិ​របស់​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​ឧត្តរមានជ័យ ក្នុង​រដូវ​វស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​នេះ។

ក្រុមហ៊ុន​ចិន ដែល​អ្នក​ភូមិ​មិន​ស្គាល់​ឈ្មោះ​កំពុងតែ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ថ្នល់​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ការ​ធ្វើ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ ចម្ងាយ​ច្រើន​រយ​គីឡូម៉ែត្រ ចាប់​ពី​ខេត្ត​ព្រះវិហារ រហូត​ទៅ​ដល់​ខេត្ត​បន្ទាយមានជ័យ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង សំដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្រុមហ៊ុន​ចិន មួយ​ថា កំពុង​ប្រើ​រថយន្ត​ធំៗ​ដឹក​ជញ្ជូន​ថ្ម​ឆ្លង​កាត់​តំបន់​ដែល​ពួកគេ​រស់​នៅ​ហើយ​បំផ្លាញ​ផ្លូវលំ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​ភូមិ​ទាំង​នោះ​អំពាវនាវ​សុំ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​ចាត់​វិធានការ​ទប់ស្កាត់​រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​ចិន ទាំង​នោះ កុំ​ឱ្យ​បើកបរ​បំផ្លាញ​ផ្លូវលំ​ឆ្លង​កាត់​ភូមិ​របស់​គេ​ត​ទៅ​ទៀត។

បុរស​អ្នក​ភូមិ​អូរបាត់ដាវ ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែ​មិថុនា ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន ដែល​គាត់​មិន​ស្គាល់​ឈ្មោះ​បាន​ប្រើ​រថយន្ត​ធំៗ​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​ថ្មភ្នំ ឆ្លង​កាត់​តាម​ផ្លូវ​លំ​នៃ​ភូមិ​របស់​គាត់​ធ្វើ​ឱ្យ​ផ្លូវ​ស្រុត និង​ផុល​ជា​ច្រើន​កន្លែង។ បុរស​ដដែល​បញ្ជាក់​ថា រយៈពេល ៣-​៤​ថ្ងៃ​មក​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​គឺ​ប្រជាពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ ដូចជា​បើក​ម៉ូតូ​រអិល ឯ​ឡាន​តូចៗ​ត្រូវ​ស្លុះ​ជាប់​ផុង​ជាដើម៖ «សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​យ៉ាង​ណា​កុំ​ឱ្យ​ឡាន​ចិន បើកបរ​ពេល​ដែល​កំពុង​ធ្លាក់​ភ្លៀង។ អា​ពេល​ភ្លៀង​ប៉ុន្មាន​ថ្ងៃ ឡាន​ក្រុមហ៊ុន​ចិន សម្រុក​ដឹក​ថ្ម​មក ឥឡូវ​ខ្ទេចខ្ទី​អស់​ផ្លូវ»

​ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន គឺ​ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ក្នុង​ភូមិ​ចំនួន​៤ នៃ​សង្កាត់​បន្សាយរក្ស កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ផ្លូវ​ខូចខាត ពិបាក​ធ្វើ​ដំណើរ។

ភូមិ​ទាំង​៤​នោះ មាន​ភូមិ​អូរបាត់ដាវ ភូមិ​បន្សាយរក្ស ភូមិ​តាវ៉ាន និង​ភូមិ​ត្រពាំងត្រាវ ជាដើម។

ចៅ​សង្កាត់​បន្សាយរក្ស លោក ហែម សេដា ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​ខ្មែរ-​ថៃ ពិត​ជា​កំពុង​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម នៅ​ក្នុង​សង្កាត់​របស់​លោក​នោះ​មែន។ លោក​ចៅសង្កាត់​បញ្ជាក់​ថា ក្រុមហ៊ុន​នោះ​បាន​ធ្វើ​ផ្លូវ​ក្រវាត់​តាម​បណ្ដោយ​ព្រំដែន ក៏​ប៉ុន្តែ​បាន​ប្រើ​រថយន្ត​ធំៗ​ដឹក​ថ្ម មិន​ដឹង​យក​មក​ពី​ណា​ឆ្លង​កាត់​ផ្លូវលំ​បណ្ដាល​ឱ្យ​ខូចខាត និង​មាន​គ្រលុក​ធំៗ ហើយ​លោក​គ្មាន​មធ្យោបាយ​ណា​ការពារ​ផ្លូវ​នោះ​បាន​ទេ៖ «ប្រសិនបើ​គាត់​ដឹក​ជញ្ជូន​ក៏​ដឹក​ទៅ​ចុះ ប៉ុន្តែ​ឱ្យ​ជួយ​ដឹក​ដី​ចាក់​ផ្លូវ​ខូចខាត​អី​ខ្លះ​មក ក៏ប៉ុន្តែ​ពិបាក​និយាយ​គ្នា​ណាស់ ពីព្រោះ​ក្រុមហ៊ុន​នោះ​មិន​មាន​អ្នក​បកប្រែ​ភាសា​ឱ្យ​ស្ដាប់​គ្នា​បាន​សោះ»

​ទោះជា​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ក្រុង​សំរោង លោក អ៊ុន សុភក្ត្រ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ខ្លះ​បាន​ទូរស័ព្ទ​មក​ប្ដឹង​រូប​លោក​ជុំវិញ​រឿង​ដែល​ក្រុមហ៊ុន​ចិន បើក​រថយន្ត​ធំៗ​ដឹក​ជញ្ជូន​ថ្ម​បណ្ដាល​ឱ្យ​ខូច​ផ្លូវ​លំ​នោះ។

លោក ស្រី ណារ៉េន បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​នោះ មិន​ត្រឹមតែ​បើកឡាន​ធំៗ​បណ្ដាល​ឱ្យ​ខូច​ផ្លូវ​ប៉ុណ្ណោះ​ទេ គឺ​កន្លែង​ខ្លះ​បាន​ទាំង​ប្រើ​គ្រឿងចក្រ​ជីក​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដើម្បី​យក​អាចម៍​ដី​ទៅ​ប្រើប្រាស់​ដោយ​មិន​បាន​សុំ​ម្ចាស់​ដី ព្រមទាំង​មិន​ដោះស្រាយ​ការ​ប៉ះពាល់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។