សភាស៊ើបសួរសាលាឧទ្ធរណ៍ កោះហៅលោក កឹម សុខា ឱ្យចូលសវនាការ នៅថ្ងៃទី០៤ ខែកក្កដា

(ភ្នំពេញ)៖ លោក សំ សុគង់ មេធាវីរបស់គណបក្សសង្រ្គោះជាតិ បានប្រាប់ឱ្យដឹងថា សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឱ្យចូលសវនាការនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

លោក សំ សុគង់ មេធាវីការពារក្ដីលោក កឹម សុខា បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៨ ខែមិថុនានេះថា សភាស៊ើបសួរសាលាឧទ្ធរណ៍ បានកោះហៅលោក កឹម សុខា រួមនឹងមេធាវី៥រូប ឲ្យចូលរួមសវនាការ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ។ លោកមេធាវីបញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺក្រុមមេធាវីបានប្តឹងជំទាស់មោឃភាព ចំពោះនីតិវិធីទាំងអស់ ទាំងសមត្ថកិច្ចព្យាយាមចាប់ខ្លួនលោក កឹម សុខា តុលាការចោទប្រកាន់លោក កឹម សុខា និងតុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺជាបន្តបន្ទាប់។

លោកមេធាវីបន្ថែមថា សវនាការនេះដឹកនាំដោយលោក ផូ ពៅស៊ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន អ៊ីម លោក សួស សំអាត ជាសមាជិកក្រុមប្រឹក្សា និងលោក ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ៕

ប្រភពៈ freshnewsasia