ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យដេញថ្លៃឈើរឹបអូសបានជាង ៦ម៉ឹនម៉ែត្រគូប នៅក្នុងខេត្តមណ្ឌលគិរី

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ដេញថ្លៃឈើ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើជាង ៦ម៉ឺនម៉ែត្រគូប ដែលកំពុងរក្សាទុកនៅតាមក្រុមហ៊ុន ទទួលបានដីសម្បទានសេដ្ឋកិច្ចនានា នៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីជូនដំណឹងដាក់ឲ្យដេញថ្លៃជាលើកទី២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៧ ខែមិថុនា ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ឈើ ដែលដាក់ឲ្យដេញថ្លៃនេះមានចំនួនសរុប ៦១,៨០៧.៣៩ម៉ែត្រគូប។ បើតាមការជូនដំណឹងបានឲ្យដឹងថា តម្លៃមូលដ្ឋានសម្រាប់ការដេញថ្លៃឈើទាំងនេះ មានតម្លៃសរុបជាង ១២លានដុល្លារអាមេរិក ស្មើនិងជិត ៥ម៉ឺនលានរៀល (៤៨,៨២៨,៣៤៣,៨៧៩រៀល)។

សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា ឈើទាំងអស់កំពុងរក្សាទុក នៅតាមបណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ក្នុងខេត្តមណ្ឌលគិរី។ ពាក្យសុំដេញថ្លៃនឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ម៉ោងធ្វើការ។

ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងផងដែរថា ការដេញថ្លៃឈើទាំងអស់នេះ នឹងធ្វើនៅសាលាខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី១៨ ដល់២២ ខែកក្កដា ឆ្នាំ២០១៦នេះ៕

ប្រភពៈ freshnewsasia