សហព័ន្ធស្រូវអង្ករកម្ពុជា៖ ក្រសួងសេដ្ឋកិច្ច ជួយដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា៖ ក្រសួងសេដ្ឋកិច្ច ជួយដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ



ភ្នំពេញ៖ នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានចេញ​ផ្សាយ​ខ្លឹមសារ​ព័ត៌មាន​មួយ ដែល​លើក​ពី​ការសន្យា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដែល​បាន​សន្យា​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​វិស័យ​ស្រូវ​អង្ករ។

ទាក់ទង​នឹង​ការសន្យា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ស្រូវ​អង្ករ​សម្រាប់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​សន្យា​ជួយ​ដោះស្រាយ​ការលំបាក​មួយចំនួន និង​ការអន្តរាគមន៍​លើ​បញ្ហា​ប្រឈម​ខ្លះ ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានស្នើ​ឡើង។

សហព័ន្ធស្រូវអង្ករកម្ពុជា៖ ក្រសួងសេដ្ឋកិច្ច ជួយដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ

តាមរយៈ​ជំនួប​កំពូល​រយៈពេល​ពីរ​ម៉ោង រវាង​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ដោយ លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ លោក​ទេសរដ្ឋមន្ត្រី បាន​បើកឱកាស​យ៉ាង​ទូលាយ ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យ​រាយការណ៍​យ៉ាង​លម្អិត ពី​បញ្ហា​ប្រឈមនីមួយៗ ហើយក៏​បានផ្តល់​ការបកស្រាយ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ មាន​ថ្នាក់ដឹកនាំ​អគ្គនាយក​គយ និង​រដ្ឋាករ អគ្គនាយក​ពន្ធដារ និង ធនាគារ​អភិវឌ្ឍ­­­ជនបទ​ផងដែរ។ បន្ទាប់ពី​ការជជែក​លម្អិត ទៅលើ​ចំណុចនីមួយៗ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ពន្យល់​និង​សម្រេច​ថា ពន្ធ​កាត់​ទុក ១% ដែល​បាន​អនុវត្តតាម​ប្រកាស​ចេញ ក្នុង​ឆ្នាំ ២០១១ នឹងមាន​សុពលភាព​រហូតដល់ ៩ ឆ្នាំ។ ដូចនេះ​សហព័ន្ធ​ស្រូវ​អង្ករ មិនត្រូវ​ព្រួយបារម្ភ​ចំពោះ​រឿងនេះ​នាពេលនេះ​ទេ។  ចំពោះ​ពន្ធ​កាត់​ទុក ១៥% នៃ​ការជួល​កម្លាំង​ពលកម្ម ខាងក្រៅ លោក​ទេសរដ្ឋមន្ត្រី ជំរុញ​ឲ្យ​មន្ត្រី​ពន្ធដារ​សិក្សា​ឡើងវិញ ដើម្បី​រក​លទ្ធភាព​លើកលែង​ទាំងស្រុង ដើម្បី​លើកទឹកចិត្ត​កម្មករ​ឲ្យ​ធ្វើ​ការងារ​ក្នុងស្រុក តាមរយៈ​ការលើកលែង​ពន្ធ​នេះ  ព្រោះ​កាលណា​យកពន្ធ​ពី​ពួកគាត់ ១៥%  គឺ​ច្បាស់​ណាស់ គាត់​នឹងត្រូវ​សម្រេចចិត្ត​ចំណាកស្រុក។ លោក បាន​ទទួលស្គាល់ថា កម្មករ​មាន​ចំណូល​តិច ធ្វើការ​ងារ​តាម​រដូវ​កាល និង ស្ថានភាព​ការងារ​ជាក់ស្តែង ដូចនេះ ម្ចាស់​រោង​ម៉ាស៊ីន មិនអាច​ជួល​គាត់​ជា​បុគ្គលិក​ពេញសិទ្ធិ​នោះទេ។

ចំពោះ​កញ្ចប់​ថវិកា​ពិសេស ២០ ទៅ ៣០ លាន​ដុល្លារ ដែល​សហព័ន្ធ​ធ្លាប់​ស្នើ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​បន្ទាន់ នៅ​រដូវ​ប្រមូល​ផល​ខាងមុខនេះ លោក​ទេសរដ្ឋមន្ត្រី បាន​សន្យា​ជួយ​ដោះស្រាយ ក្នុង​គ្រា​បន្ទាន់​ក្នុងឆ្នាំនេះ តែ​លោក បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ ត្រូវធ្វើ​ផែនការ​លម្អិត ដើម្បី​ជជែក​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ធានា​ដល់ ការសង​ត្រឡប់​នូវ​កញ្ចប់​ថវិកា​ទាំងនោះ។ ការអនុវត្ត បាន​របៀបនេះ គឺ​ដើម្បី​ធានា​ដល់​ការ​បង្វិល​សាច់ប្រាក់​របស់​រដ្ឋ ព្រោះ​ថវិកា​ទាំងនេះ ជា​កញ្ចប់​ថវិកា​របស់​រដ្ឋ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សន្យា​ធ្វើការ​ងារ​នេះ ដោយ​លម្អិត ជាមួយ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ ដើម្បី​បញ្ជាក់​ពី​គោលដៅ​ប្រើប្រាស់​ប្រាក់កម្ចី​ឲ្យ​បានច្បាស់លាស់។ យន្ត​ការធានា​ប្រាក់កម្ចី នឹងត្រូវ​ធ្វើឡើង​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ។

ពាក់ព័ន្ធ​ការ​បន្តឹង​កម្ចី​របស់​ធ​នាគារ​ពាណិជ្ជ ដល់​វិស័យ​ស្រូវ​អង្ករ ដើម្បី​បន្ធូរ​ការ​បន្តឹង​នេះ លោក​នឹង​លើក​ករណីនេះ ទៅ​គណ:ក​ម្មា​ធិ​ការ​ឥណទាន​ជនបទ។ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឧកញ៉ា គឹម សាវុធ បាន​រាយការណ៍​ថា ការផ្តល់​ប្រាក់កម្ចី ពី​ធនាគារពាណិជ្ជ ក្នុងដំណាក់កាល​ដំបូង គឺអាច​មានការ​គ្រប់គ្រង​មិន​ច្បាស់លាស់ ហើយ​អ្នកប្រើប្រាស់​កម្ចី អាច​ប្រើ​ខុស​ទិសដៅ ដូចជា​ការយកទៅ​ប្រើប្រាស់ ក្នុង​រោង​ម៉ាស៊ីន តែ​គាត់​យកទៅ​ទិញ​ដី ពង្រីក​រោង​ម៉ាស៊ីន តែ​អត់​បាន​ទុក​លុយ ដើម្បី​ទិញស្រូវ​កែច្នៃ​ដើម្បី​ជា​ទុន​បង្វិល​ទេ។

សហព័ន្ធស្រូវអង្ករកម្ពុជា៖ ក្រសួងសេដ្ឋកិច្ច ជួយដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យស្រូវអង្ករ

ចំពោះ​បញ្ហា​ក្តៅគគុក គឺ​ការ​លូច​នាំចូល​អង្ករ ពី​ប្រទេស​វៀតណាម។ ខាង​ក្រសួង នឹង​បន្តឹង​ការនាំ​ចូល​តាម​ច្រករបៀង​បន្ថែមទៀត។ ក្រសួង​ត្រូវការ​បង្កើន​ប្រាក់ចំណូល​ពន្ធគយ ក្រសួង​មិនអាច​បិទ​ការ​នាំចូល​បាន​នោះទេ តែ​ក្រសួង​បាន​បង្កើន​ប្រាក់​ពន្ធ​អប្បបរមា ពី ៣០០ ទៅ ៦០០ ដុល្លារ​ក្នុង​មួយ​តោន តាម​ប្រភេទ​អង្ក​រស និង​អង្ករ​ក្រអូប។ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​ដទៃទៀត មាន​ក្រសួងពាណិជ្ជកម្ម​ជាដើម ពាក់ព័ន្ធ​ការដាក់​ស្លាក​សញ្ញា​លើ​សំបកបាវ និង អាសយដ្ឋាន​ជាក់លាក់ មុន​អនុញ្ញាត​ឲ្យ​នាំចូល​ជាដើម៕