ពលករ​គ្មាន​ច្បាប់​ចំនួន​១៥០​នាក់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ

ពលករ​គ្មាន​ច្បាប់​ចំនួន​១៥០​នាក់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ



បាត់ដំបង ៖ ពលករ​ខ្មែរ​ចំនួន​១៥០​នាក់ ដែល​ពួកគេ​បាន​លប​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ភាគី​ថៃ​ចាប់ និង​ប្រមូល​ដោយ​បាន​បញ្ជូន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ដូង ក្នុង​ទឹកដី​ស្រុក​កំរៀង ខេត្តបាត់ដំបង​។

យោង​តាម​ប្រភព​ពី​ជាយដែន​កម្ពុ​ជា ថៃ បាន​ឲ្យ​ដឹង​ថា កន្លងមក​គេ​តែង​ស​ង្កេ​ត​ឃើញ​ថា​ មាន​ពលករ​ខ្មែរ​មួយ​ភាគ​ធំ បាន​នាំ​គ្នា​លួច​ឆ្លងដែន​តាម​ច្រក​របៀង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីនោះ ដោយ​ខ្លះ​ក៏​ត្រូវ​បាន​ភាគី​ថៃ​ឃាត់ខ្លួន​បាន ឯ​ខ្លះ​ទៀត​ក៏បាន​ជួប​នឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដោយសារតែ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​គេច​ពី​ក្រុម​តម្រួត​ថៃ។

នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ដែរ នៅ​ត្រង់​ចំណុច​ច្រក​អន្តរជាតិ​ដូង ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង គឺ​ភាគី​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ១៥០នាក់ ដែល​ជា​ពលករ​ឆ្លងដែន​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​ទីនោះ​ឡើយ។

ប្រភព​ពី​ផ្ទៃក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ពលករ​ទាំងអស់​នេះ​គឺ​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ក្នុង​ទឹកដី​ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ ដោយសារតែ​ពួកគេ​បាន​លប​លួច​ឆ្លងដែនចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ខុសច្បាប់ ដូច្នេះ​ហើយ ដោយសារតែ​មានការ​យោគយល់​គ្នា​តាម​អនុស្សរណៈ MOU ទើប​ភាគី​ថៃ​បាន​រៀបចំ​ចាត់​បញ្ជូន​ពលករ​ទាំង ១៥០​នាក់ ​មក​តាម​ច្រក​អន្តរជាតិ​ដូង ដើម្បី​ឲ្យ​ពួកគេ​វិល​ទៅកាន់​ស្រុកកំណើត​វិញ ហើយ​ត្រូវ​ទៅ​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ។

នៅ​ពេល​នោះ​ដែរ​គេ​សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​មួយ​ចំនួន​បាននិង​កំពុង​នាំគ្នា​រក​មធ្យោបាយ​ដើម្បី​ធ្វើដំណើរ​វិលត្រឡប់​ទៅកាន់​លំនៅ​ដ្ឋាន​វិញ៕

ពលករ​គ្មាន​ច្បាប់​ចំនួន​១៥០​នាក់ ត្រូវ​បាន​ភាគី​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ