អង់គ្លេស ត្រូវអនុវត្ត​មាត្រា​៥០​សន្ធិសញ្ញា​Lisbon សិន បើ​ចង់​ចរចា​ជាមួយ​អឺរ៉ុប​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-28-2016, 8:19 pm         156

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង់គ្លេស ត្រូវអនុវត្ត​មាត្រា​៥០​សន្ធិសញ្ញា​Lisbon សិន បើ​ចង់​ចរចា​ជាមួយ​អឺរ៉ុប​​បន្ទាប់ពី​ធ្វើ​ប្រជាមតិ ថ្ងៃទី​២៣ ខែមិថុនា រួចមក ចក្រភព​អង់គ្លេស នៅ​មិនទាន់​ប្រកាស​បំណង​របស់ខ្លួន ក្នុងការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​នៅឡើយ​ទេ​។ អង់គ្លេស ទំនង​ចង់​ទុកពេល​យូរ​បន្តិច ដើម្បី​ចរចា​ពី​អនាគត​របស់ខ្លួន​ឲ្យ​ច្បាស់លាស់​សិន ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប បញ្ជាក់ថា ចក្រភព​អង់គ្លេស ត្រូវ​ប្រកាស​ចាកចេញ​ជាមុន ទើប​មានការ​សន្ទនា​គ្នា​តាម​ក្រោយ​។ 

សូមស្ដាប់ព័ត៌មានលម្អិត៖

​មេដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី បាន​ប្រាប់​ឲ្យ​ចក្រភព​អង់គ្លេស ត្រូវ​ប្រកាស​ចាកចេញ​ជា​ផ្លូវការ តាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ជាមុនសិន ប្រសិនបើ​ចង់​ចរចា​បញ្ហា​ផ្សេងទៀត​។ មកទល់ពេលនេះ ចក្រភព​អង់គ្លេស ហាក់​នៅ​អល់អែក​ក្នុងការ​ប្រកាស​ផ្លូវការ​របស់ខ្លួន បើទោះជា​សហភាព​អឺរ៉ុប ទទូច​ឲ្យ​ចាកចេញ​ឆាប់ៗ​ក៏ដោយ​។​

​ក្នុងជំនួប នៅ​ទីក្រុង​បែរ​ឡាំង ជាមួយ​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី Matteo Renzi អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថា បារាំង អ៊ីតាលី និង​អាល្លឺម៉ង់ ឯកភាពគ្នា ឲ្យ​ចក្រភព​អង់គ្លេស ត្រូវដាក់​ពាក្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប បើ​មិន​ដូច្នោះ​ទេ នឹង​គ្មាន​ការចរចា​ណាមួយ​នោះទេ​។ ហើយ​ប្រទេស​ទាំងបី នឹង​រួបរួមគ្នា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សន្តិសុខ និង​ការប្រកួតប្រជែង នៅក្នុង​អឺរ៉ុប​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី​២៧ ខែមិថុនា លោកស្រី​អធិការបតី បញ្ជាក់ទៀតថា ប្រទេស​អឺរ៉ុប​ទាំង​២៧ នឹង​ជំរុញ​ឲ្យ​អឺរ៉ុប​ទៅមុខ ជាមួយនឹង​ផែនការ​ថ្មីៗ​ទៀត​។ លោកស្រី សង្កត់ធ្ងន់ថា ពេលនេះ​គ្មាន​ស្ថាន​ភាពមិនច្បាស់លាស់​អ្វី​នោះទេ ហើយ​សហភាព​អឺរ៉ុប ត្រូវ​ជម្នះ​នឹង​រាល់​ការប៉ុនប៉ង ចាក​ចេញពី​អឺរ៉ុប ពី​សំណាក់​រដ្ឋ​ជា​សមាជិក​ដទៃទៀត​។​

​ជាមួយគ្នានេះដែរ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​ប្រធានាធិបតី ហូ​ឡង់ ក៏បាន​ទទូច​ឲ្យ​ចក្រភព​អង់គ្លេស មិនត្រូវ​ខ្ជះខ្ជាយ​ពេលវេលា ក្នុង​ដំណើការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​នោះទេ​។ លោក​បន្តថា គ្មាន​អ្វីដែល​អាក្រក់ ជាង​ភាពមិនច្បាស់លាស់​នោះទេ ព្រោះ​វា នឹងធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ រង​ផលប៉ះពាល់​មិន​ខាន​។   

​ក្នុងជំនួប ដែល​ធ្វើ​មួយ​ថ្ងៃមុន​កិច្ចប្រជុំ​សហភាព​អឺរ៉ុប នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Matteo Renzi បានលើកឡើង​ដែរ​ថា ការសម្រេចចិត្ត​របស់​ប្រជាជន​ចក្រភព​អង់គ្លេស ត្រូវតែ​ត្រូវបាន​គោរព​។ ប៉ុន្តែ​ទន្ទឹមនឹង​គ្នា​នោះ សហភាព​អឺរ៉ុប គួរ​មាន​យុទ្ធសាស្ត្រ សម្រាប់​រយៈពេល​ខាងមុខ​ផងដែរ​។ លោក​ពន្យល់ថា អឺរ៉ុប ជា​គ្រួសារ​ធំ​មួយ ហើយ​សមាជិកគ្រួសារ​ទាំ​ង​អស់ ត្រូវការ​ការធានា​មួយ ដោយ​អឺរ៉ុប ត្រូវតែមាន​ការកែប្រែ សម្រាប់​ពេលអនាគត​។

​សូមបញ្ជាក់ថា ក្រោយ​ការធ្វើប្រជាមតិ​រួចមក រដ្ឋាភិបាល​លោក ដេវីដ ខេ​មេ​រ៉ូ​ន នៅ​មិនទាន់​ប្រកាស​ពី​ការចាកចេញ​ផ្លូវការ​នៅឡើយ​ទេ ហើយ​លោក​អះអាង លោក​នឹង​ទុក​រឿងនេះ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី ជា​អ្នកទទួលខុសត្រូវ​។ ប៉ុន្តែ​មេដឹកនាំ​អឺរ៉ុប ទាមទារ​ឲ្យ​អង់គ្លេស មិនត្រូវ​ពន្យារពេល​នោះទេ និង​ត្រូវ​ធ្វើតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ឲ្យ​បាន​ឆាប់​បំផុត​៕