ធនាគារពិភពលោក​ស​រ​សើរ​កម្ពុជា​ពី​វិស័យ​ដឹកជញ្ជូន​ល្អ និង​ការលើកដាក់​ទំនិញ​រហ័ស​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-28-2016, 8:30 pm         44

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ធនាគារពិភពលោក​ស​រ​សើរ​កម្ពុជា​ពី​វិស័យ​ដឹកជញ្ជូន​ល្អ និង​ការលើកដាក់​ទំនិញ​រហ័ស​​ភ្នំពេញ​៖ របាយការណ៍​ស​ន្ទ​ស្សន៍​វិស័យ​ដឹកជញ្ជូន និង​ការលើកដាក់​ទំនិញ​ប្រចាំឆ្នាំ​២០១៦ របស់​ធនាគារពិភពលោក​បាន​បង្ហាញថា កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​៤ ក្នុងចំណោម​ប្រទេស​ចំណូល​ទាប​ដែលមាន​វិស័យ​ដឹកជញ្ជូន និង​ការលើកដាក់​ទំនិញ​ប្រសើរ​ជាងគេ​លើ​ពិភពលោក​។ ក្នុងចំណោម​សមាជិក​អាស៊ាន ស​ន្ទ​ស្សន៍​ការដឹកជញ្ជូន​កម្ពុជា​ស្ថិតនៅ​កម្រិត​មួយ​ប្រហាក់ប្រហែល​ហ្វីលីពីន និង​ព្រុយ​ណេ ហើយ​នៅ​ខ្ពស់​ឆ្ងាយ​ពី​មី​យ៉ាន់​ម៉ា និង​ឡាវ​ថែម​ទៀតផង​។

​វិស័យ​ដឹកជញ្ជូន និង​ការលើកដាក់​ទំនិញ​នៅ​កម្ពុជា​មានការ​រីកចម្រើន និង​កាន់តែ​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ហើយ​កម្ពុជា​ក៏ត្រូវ​បាន​គេ​ចាត់​ចំណាត់ថ្នាក់​នៅ​លេខ​រៀង​ទី ៧៣ ក្នុងចំណោម​ប្រទេស ១៦៧ ទូទាំង​ពិភពលោក​។  នេះ​បើ​យោងតាម​បាយ​ការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​វិស័យ​ដឹកជញ្ជូន និង​ការលើកដាក់​ទំនិញ​ប្រចាំឆ្នាំ​២០១៦ របស់​ធនាគារពិភពលោក​។

​បើ​យោង​របាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​ថ្ងៃ ២៨ មិថុនា​នេះ ស​ន្ទ​ស្សន៍​នៃ​ការដឹកជញ្ជូន​និង​ការលើកដាក់​ទំនិញ​របស់​កម្ពុជា​រំកិល​ឡើង ១០ លេខ បើ​ប្រៀបធៀប​ជាមួយ​ស​ន្ទ​ស្សន៍​ឆ្នាំ ២០១៤ ។  អ្វីដែល​សំខាន់ កម្ពុជា​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំណូល​ទាប​ចំនួន ១០ លើ​ពិភពលោក​ដែលមាន​វិស័យ​ដឹកជញ្ជូន និង​លើកដាក់​ទំនិញ​ប្រសើរ​ជាងគេ​ថែម​ទៀតផង​។​

​តាមពិតទៅ របាយការណ៍​ធនាគារ​ពិភពលោក​នេះ ចង្អុលបង្ហាញ​ពី​ការវិវត្ត​នៃ​ការដឹកជញ្ជូន​និង​ការនាំចេញ នាំចូល​ជារួម​របស់​ប្រទេស​នីមួយៗ​។ ហើយ​វា​ត្រូវបាន​គេ​ចងក្រង គណនា  និង​វាយតម្លៃ​ដោយ​ពឹងផ្អែក​ដោយ​សូចនាករ​ចំនួន​៦ ។ សូចនាករ​ទាំងនោះ​រួមមាន​៖ ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ពន្ធគយ និង​ត្រួតពិនិត្យ​និង​ឆែកឆេរ​ទំនិញ​តាម​ព្រំដែន​, គុណភាព​នៃ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការដឹកជញ្ជូន​, ភាពងាយស្រួល​ក្នុង​ការរៀបចំ​ការប្រកួត​ប្រជែង​តម្លៃ​ការដឹកជញ្ជូន​, គុណភាព​និង​សមត្ថភាព​នៃ​សេវា​ដឹកជញ្ជូន​, សមត្ថភាព​ក្នុងការ​តាមដាន​ការ​ចែកចាយ​ទំនិញ​, និង​ការដឹក​នា​ជញ្ជូន​និង​ចែកចាយ​ទំនិញ​ទៅដល់​គោលដៅ​បាន​ទាន់ពេលវេលា​ផង​។​

​ដូច្នេះ​មានន័យថា ការកើនឡើង​នៃ​ស​ន្ទ​ស្សន៍​នេះ បង្ហាញថា គុណភាព​នៃ​ការដឹកជញ្ជូន និង​ការលើកដាក់​ទំនិញ​របស់​កម្ពុជា​កាន់​តែ​ប្រសើរឡើង ហើយ​វា​ក៏​ជួយ​លើកស្ទួយ​ការដឹកជញ្ជូន​ផលិតផល​សម្រាប់​ការនាំចេញ និង​ការផ្គត់ផ្គង់​ទំនិញ​នៅក្នុង​តំបន់​និង​ទីផ្សារ​ពិភពលោក​។

​ត្រលប់​មកវិញ ក្នុងចំណោម​ប្រទេស​មាន​ចំណូល​ទាប​ចំនួន ១០ ដែលមាន​សេវា​ដឹកជញ្ជូន និង ការលើកដាក់​ទំនិញ​ប្រសើរ​ជាងគេ​លើ​ពិ​ភ​លោក កម្ពុជា​ស្ថិត​លំដាប់​លេខ​រៀង​ទី​៤ ។  ក្រៅពីនេះ ប្រទេស អ៊ូ​ហ្ក​ង់​ដា ស្ថិតនៅ​លេខ​រៀង​ទី ១, តង់​ហ្សា​នី នៅ​លេខ​រៀង​ទី ២,  រ​វ៉ាន់ដា ស្ថិតនៅ​លេខ​រៀង​ទី​៣, ប៊ួ​គី​ណា​ហ្វា​សូ លេខ​រៀង​ទី​៥, មូ​សំ​ប៊ិក លេខ​រៀង​ទី​៦​ល​ល​, តូ​ហ្គោ នៅ​លេខ​រៀង​ទី ៧, កូ​ម័​រ លេខ​រៀង​ទី​៨, នី​ហ្សេ​លេខ​រៀង​ទី​៩ និង​ប៊ូ​រុន​ឌី លេខ​រៀង​ទី​១០ ។  

​បើ​ប្រៀបធៀប​ជាមួយ​សមាជិក​អាស៊ាន​វិញ​នោះ ស​ន្ទ​ស្សន៍​កម្ពុជា​ស្ថិតនៅ​ខ្ពស់ជាង​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ហើយ​ស្ថិតនៅ​កម្រិត​ប្រហាក់ប្រហែល​ជាមួយ​ឬ​ក្រោម​ប្រទេស​ហ្វីលីពីន និង​ព្រុយ​ណេ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ យោងតាម​របាយការណ៍​ខាងលើ ខណៈដែល​កម្ពុជា​សិ្ថ​ត​នៅ​លេខ​រៀង​ទី ៧៣  ហ្វីលីពីន​ស្ថិតនៅ​លេខ​រៀង​ទី ៧១ ហើយ​ប្រ៊ុយណេ លេខ​រៀង​ទី ៧០ ។ ចំណែក ប្រទេស​ដែលមាន​ស​ន្ទ​ស្សន៍​ប្រសើរ​ជាង​កម្ពុជា​នោះ មាន  សិង្ហ​បុរី​មាន​លេខ​រៀង​ទី ៥,​ម៉ាឡេស៊ី ៣២, ថៃ លេខ​រៀង ៤៥, ឥណ្ឌូនេស៊ី​លេខ​រៀង ៦៣,  និង​វៀតណាម ស្ថិតនៅ​លេខ ៦៤​។ ចំណែក​មី​យ៉ាន់​ម៉ា និង​ឡាវ ស្ថិតនៅ​លេខ​រៀង​ទាប​ជាង​កម្ពុជា​ឆ្ងាយ​ពោលគឺ មី​យ៉ាន់​ម៉ា​ស្ថិតនៅ​លេខ​រៀង​ទី ១១៣ ខណៈដែល​ឡាវ ស្ថិតនៅ​លេខ​រៀង ១៥២ ។​

​ជារួម អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស​ន្ទ​ស្សន៍​នៃ​ការដឹកជញ្ជូន និង​ការលើកដាក់​ទំនិញ​របស់​កម្ពុជា​ស្ថិតនៅ​កម្រិត​មួយ​ខ្ពស់​ឆ្ងាយ​ពី ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ត្រូវបាន​គេ​ចាត់ទុកជា​គូប្រជែង​របស់​កម្ពុជា​ក្នុង​ទីផ្សារ​ផលិតផល​កាត់ដេរ​នាពេល​អនាគត​។ ហើយ​ស​ន្ទ​ស្សន៍​កម្ពុ​ជានា​ឆ្នាំ ២០១៦​នេះ ក៏​ស្ថិតនៅ​ខ្ពស់​ឆ្ងាយ​ពី​បង់​ក្លា​ដែ​ស​ដែលជា​គូប្រជែង​ដ៏​ធំ​មួយ​របស់​កម្ពុជា​ក្នុង​វិស័យ​កាត់ដេរ​ថែមទៀត​ផង​៕