បុរស​ម្នាក់​រង​របួសធ្ងន់ ដោយសារ​ផ្ទុះ​មីនតោន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រាប់​មីនតោន​ផ្ទុះ​ត្រូវ ខណៈ​ដែល​ជន​រង​គ្រោះ​រូប​នោះ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ ឲ្យ​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​វ៉ា​រិ​ន ខេត្ដសៀមរាប​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ដៃ​អាវ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ​ណុ​ប សា​រ៉ា​ក់ អធិការ នគរបាល ស្រុក​វ៉ា​រិ​ន បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែមិថុនា ថា ហេតុការណ៍​ដែល​ជន​រង​គ្រោះ​បាន​ត្រូវ​មីនតោន​ផ្ទុះ បណ្តាល​ឱ្យ​របួសធ្ងន់​នោះ បាន​កើតឡើង នៅ​ចំណុច ខាងកើត​ត្រពាំង ក្នុងភូមិ​ដៃ​អាវ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន​ប្រហែល​២​ពាន់​ម៉ែត្រ ពី​ភូមិ​។

លោក​បន្ត​ថា​៖​គ្រោះថ្នាក់​នេះ​គឺ​ដោយសារ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​។ លោក​វរសេនីយ៍ទោ​ណុ​ប សា​រ៉ា​ក់ បាន​បន្ថែម​ថា ជន​រង​គ្រោះ​មាន ឈ្មោះ​ស៊ន់ ដា​នី ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។ ជន​រង​គ្រោះ​រង​របួស​ដៃ ខាងឆ្វេង និង​ជើង​ខាងឆ្វេង មុត​រយះ​បាក់ឆ្អឹង​ទាំង​ដៃ ទាំង​ជើង ចំណែក​ត្រាក់ទ័រ​ម៉ាក​គូ​ប៊ូ​តា ខូច​ផ្នែក​ខាង​មុខ និង​ខាងឆ្វេង ខណៈ​ដែល​ជន​រង​គ្រោះ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ស៊ីឈ្នួល​គេ ប្រភេទ​ដី​បុស្ស​ព្រិច  ដើម្បី​យក​លុយ​មក​ចិញ្ចឹម​បីបាច់​ក្នុង​ក្រុម​គ្រួសារ​៕ ​