សម្ដេច ហ៊ុន សែន ចាត់ទុក​ការប្រកាស​ថា កម្ពុ​ជាមាន​វិបត្តិ​នយោបាយ ជា​ឧបាយកល​ទុច្ចរិត​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       June-28-2016, 9:19 pm         45

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ចាត់ទុក​ការប្រកាស​ថា កម្ពុ​ជាមាន​វិបត្តិ​នយោបាយ ជា​ឧបាយកល​ទុច្ចរិត​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​អ្នក​ប្រកាសថា កម្ពុជា​កើន​កម្ដៅ​នយោបាយ ជា​ឧបាយកល​ទុច្ចរិត បំភាន់​សាធារណៈជន​។​

​ថ្លែង​ចំពោះមុខ​សមាជិក សមាជិកា​ខ្លួន​រាប់ពាន់នាក់​នោះ សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋា​ភិ​បា​លោក​បាន​ធានា​សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​បង្កលក្ខណៈ​អំណោយផល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ដំណើរការ​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិ សេរីភាព​ប្រជាពលរដ្ឋ ហើយ​នីតិរដ្ឋ​កំពុង​ស្ថិតនៅលើ​គន្លង​ដ៏​ត្រឹមត្រូវ​។

​ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​នៅក្នុង​ខួប​លើក​ទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដូច្នេះ​ថា​៖«​នៅ​កម្ពុជា​ពុំមាន​វិបត្តិ​អ្វី​ឡើយ ឯ​ការខិតខំ​ប្រកូក​ប្រកាស​របស់​មនុស្ស​ខ្លះ​ថា​កម្ពុជា​កំពុងមាន​វិបត្តិ​ឬ​កម្តៅ​នយោបាយ​នោះ គឺ​ក្នុង​ឧបាយកល​ទុច្ចរិត ប៉ុនប៉ង​បំភាន់​សាធារណមតិ​ប៉ុណ្ណោះ ធាតុ​ពិតជា​វិបត្តិ​ផ្ទាល់ខ្លួន​របស់​មនុស្ស​មួយចំនួន​តូច ដែល​បាន​ប្រព្រឹត្ត​ខុស បំពាន​លើ​ច្បាប់​ហើយ​ត្រូវ​ចោទប្រកាន់​តាមផ្លូវ​តុលាការ គឺ​មិនមែនជា​បញ្ហានយោបាយ​នោះទេ​។ ដូច្នេះ​គណបក្ស ក៏​ដូច​អង្គការ​សង្គម​មួយចំនួន​មិន​គប្បី​ភ្ជាប់​ខ្លួន​ជាមួយ​បុគ្គល​ដែល​ប្រព្រឹត្តិ​ខុសច្បាប់​នោះឡើយ​»​។​

​កន្លងមក​គណបក្ស​ស​ង្គ្រោះ​ជាតិ អង្គការសហប្រជាជាតិ និង​បណ្ដា​អង្គទូត​នានា ចាត់ទុក​ករណី​ឃុំខ្លួន​តំណាងរាស្ត្រ សកម្មជន និង​ករណី​ឯកឧត្តម កឹម សុខា ជាការ​កើនឡើង​កម្ដៅ​នយោបាយ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ដល់​ការរាំងស្ទះ​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។​

​តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន បាន​អះអាងថា គ្មាន​គណបក្ស ឬ​អង្គការ​ណាមួយ​អាច​ស្ថិត​នៅក្រៅ​រង្វង់​ច្បាប់​ឡើយ ហើយ​អ្នកប្រព្រឹត្តិ​កំហុស ទោះជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ត្រូវតែ​ទទួលទោស​តាមច្បាប់ ព្រោះ​កម្ពុជា ជា​រដ្ឋ​មាន​អធិបតេយ្យភាព​ពេញលេញ​។ ដូច្នេះ​មិនត្រូវ​កាឡៃ​រឿង​ឯកជន​បុគ្គល​ដែល​ប្រព្រឹត្តិ​ខុសច្បាប់ ថា​ជា​រឿង​នយោបាយ​នោះទេ​។​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន សកម្មភាព​នយោបាយរ​បស់​បណ្ដា​គណបក្ស​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ក៏​កំពុង​ស្ដែងឡើង​យ៉ាង​រស់​រវើក​ដែរ​៕