ទើបទិញឡាន​ជិះ​បង្អួតអ្នក​ផ្ទះ ​មិនទាន់ដល់ផង ឆេះ​ខ្ទេច

ម្ចាស់​ឡាន​​​ម៉ាក ​Lamborghini ​ដែល​កំពុង​ឆាបឆេះ​​នេះត្រូវគេដឹងថា គឺ​ទើបតែ​ទិញ​ឡាន​ជជុស ​​​ហើយ​ធ្វើ​ដំណើរ​មក​បង្អួត​អ្នក​ផ្ទះ ស្រាប់តែ​មិន​ទាន់​បានដល់ផ្ទះ​ផង ​​ក៏​​មាន​រឿង​គួរឱ្យភ្ញាក់​ផ្អើល​កើត​ឡើង​ ។

ឡាន​ដែល​មាន​ល្បឿន​លឿន​បំផុត​ដល់​៣៤០​គីឡូ​ម៉ែ​ត ​ក្នុង​មួយ​ម៉ោង​ អាចមាន​តម្លៃ​ស្មើនឹង៥០០,០០០​ផោន (Pound) ប្រសិនបើ​ទិញ​ថ្មី​ ។ ប៉ុន្តែ​សម្រាប់​ឡាន​ដែល​នៅ​ក្នុង​រូប​នេះ ​ត្រូវ​បានទិញ​ក្នុង​តម្លៃ១០០,០០០​យ័ន (Yuan) ឬ១០,០០០​ផោនប៉ុណ្ណោះ​ ។

បើ​តាម​សេចក្តីរាយការណ៍​បាន​ប្រាប់​ឱ្យដឹង​ថា មាន​អ្នក​ជិះ​ម៉ូតូ​​​ឃើញ​មាន​ផ្សែងដ៏​ខ្មៅក្រឹប​ហុយ​ចេញពី​គូទឡាន ហើយ​រាលដាល​ដល់​ក្បាល​ឡាន​ ។ បន្ទាប់​ពី​ឈប់​ឡាន​រួច​ហើយ ម្ចាស់​ឡាន​ដ៏​កម្សត់​ម្នាក់​នោះ​ ធ្វើ​អ្វី​មិន​បាន​ក្រៅពី​ឈរ​មើល​ឡាន​ដ៏​ថ្មី​របស់​ខ្លួន ​កំពុង​ត្រូវ​បាន​ឆាបឆេះនោះទេ ​។ បើ​តាម​អ្នក​យកព័​ត៌​មាននៅទីនោះ​អះអាង​ថា ​ឡាន​មាន​ចំហេះ​មិន​ឈប់​​សោះ​ ។

ប៉ូ​លី​ស​ចរាចរណ៍ និង​កងពល​កូ​ល​អគ្គី​ភ័យ​បាន​មក​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ​។ ចំណែក​បុរស​ដែល​ជា​ម្ចាស់​ឡាន​មិន​ត្រូវ​បាន​រង​របួស​ឡើយ​ ។ ពេល​មក​ដល់​កន្លែង​កើតហេតុ ប៉ូលិស​ស៊ី​វិល​ បាន​ព្យាយាម​ប្រើ​ឧបករណ៍​ពន្លត់អគ្គិភ័យ​ទៅ​លើឡាន​នោះ​ដែរ​ ប៉ុន្តែ​ឡាន​នោះ​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង​ ​រហូត​ខាងអគ្គិភ័យ​មក​ដល់​​ ទើប​ហេតុការណ៍​ត្រូវ​បាន​សម្រួល​​មក​វិញ ​។ ប៉ុន្តែ​ភ្លើង​ដ៏​ខ្លាំងក្លា​បាន​នាំ​យក​រូបរាង​ដ៏​ឡូយ​សង្ហា​របស់​ឡាន Lamborghini ទៅ​បាត់​ទៅ​ហើយ បន្សល់​ទុក​តែ​គំនរ​ផេះ និង​កំទេចកម្ទីមួយ​ចំនួន​​ប៉ុណ្ណោះ​។

ម្ចាស់​ឡាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ត្រឹមតែ​ទិញ​ធានា​រ៉ាប់រង​ធម្មតា​តែ​ប៉ុណ្ណោះ លោក​មិនបាន​គិត​ទៅ​លើ​ចំហេះ​ដ៏​ចម្លែក​ពី​ឡាន​ថ្មី​របស់​គាត់​ឡើយ​។ ដូច្នេះ​ ហើយ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង អាច​នឹង​មិនឱ្យ​សំណង​ទៅ​គាត់​ឡើយ​។