ជោគវាសនារបស់អ្នកបើករថយន្ត ដែលត្រូវអ្នកជិះម៉ូតូ​បើកបុកស្លាប់ខ្លួន​ឯងនោះ មិនទាន់ដឹងនៅឡើយ

ជោគវាសនារបស់អ្នកបើករថយន្ត ដែលត្រូវអ្នកជិះម៉ូតូ​បើកបុកស្លាប់ខ្លួន​ឯងនោះ មិនទាន់ដឹងនៅឡើយ



ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​វ៉ា​រថយន្ត​មិន​ផុត​ក៏​ជ្រុល​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​នឹង​កន្លែង។

ទោះបី​យ៉ាង​ណា ម្ចាស់​រថយន្ត​ដែល​អ្នក​ជិះ​ម៉ូតូ​ជ្រុល​ជិះ​បុក​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់។ ប៉ុន្តែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ដដែល លោក ចែ សុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ ២០ អា ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ។

សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មានឈ្មោះ រុល វិ​ន​ដា ភេទ​ប្រុស អាយុ២៦ឆ្នាំ រីឯ ជនរងគ្រោះ​ឈ្មោះ សំ រតនៈ ភេទ​ប្រុស អាយុ​២៦ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-5300 ជិះ​ចេញពី​លំនៅ​ដ្ឋាន តាម​បណ្តោយ​ផ្លូវ​លេខ ២០​អា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ឆ្ពោះ​មក​រង្វង់​ដីក្រហម។ លុះ​មកដល់​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជាមួយ​រថយន្ត ម៉ាក ហ៊ី​យ៉ាន​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1307 ដែល​កំពុង​បើក​របរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ពី​កើ​តទៅ​លិច បណ្តាល​ជនរងគ្រោះ​បោក​ក្បាល​នឹង​ក្បាល​រថយន្ត ធ្លាក់​ចេញពី​ម៉ូតូ ត្រូវ​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាម​។ ចំណែក​រថយន្ត​បន្ត​អូស​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ជាង​២០​ម៉ែត្រ​ទើប​ទៅមុខ​លែង​រួច៕