ក្មេង​ប្រុស​ពីរ​នាក់​ពូក្មួយ ​ណាត់គ្នា​ទៅ​លេង​ទឹក​ត្រពាំង​ លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ក្មេង​ប្រុស​ពីរ​នាក់​ពូក្មួយ ​ណាត់គ្នា​ទៅ​លេង​ទឹក​ត្រពាំង​ លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម



មណ្ឌលគិរី ៖ ក្មេង​ប្រុស​ចំនួន​២​នាក់​ លង់ទឹក​ស្លាប់​នៅ​ក្នុង​ទឹក​ត្រពាំង​មួយ​នៅ​ក្រោយ​បន្ទាយ​ទាហាន​ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥និង៤០​នាទី ព្រលប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ២០១៦។

លោក អន សា​រ៉ា អធិការរង​ស្រុក​កែវ​សីមា​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ម៉ោង៨និង៣០នាទី​ថ្ងៃទី២៨ ខែនេះ​ថា ក្មេង​ប្រុស​ទាំង​២​នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​នេះ​ ទី​១.​ឈ្មោះ ង​ន់ សៀង​លី ភេទ​ប្រុស​ អាយុ​៨ឆ្នាំ ​ជនជាតិ​ខ្មែរ​ ទី២.ឈ្មោះ​បាំង ម៉េង​ហ៊ាង​ ភេទ​ប្រុស អាយុ​៦ឆ្នាំ​ ជនជាតិ​ខ្មែរ។ ​អ្នក​ទាំង២​នាក់​ ត្រូវជា​ពូ​និង​ក្មួយ​ រស់នៅ​ភូមិ​អូរ​អាម ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​។

មុន​កើតហេតុ​ក្មេង​ទាំង​២​នាក់​បាន​នាំ​គ្នា​មក​សុំ​លុយ​ជីដូន​ចំនួន​៥០០​រៀល ​ដើម្បី​យក​ទៅ​ទិញ​នំ​ញាំ​ ជីដូន​ឲ្យ​ប្រាក់​ចៅ​រួច​ក៏​មិនបាន​ចាប់​អារម្មណ៍​ដល់​ពួកគេ​ឡើយ។ នៅ​ពេល​ដែល​បាត់​ចៅ​យូរ​ពេក​ក៏​នាំគ្នា​ដើរ​រក​ចៅ​ តែ​អ្វីៗ​បាន​ហួសពេល​ទៅ​ហើយ​ ដោយសារ​ពួក​គេ​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ក្នុង​ទឹក​ត្រពាំង​បាត់​ទៅ​ហើយ​។ តាម​ការ​អះអាង​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​ទាំងពីរ​នាក់​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​មែន​ ព្រោះ​ពួកគេ​បាន​នាំ​គ្នា​លេង​ទឹក​ត្រពាំង ហើយ​នៅ​ក្នុង​ត្រពាំង​នោះ​មាន​គេ​ជីក​ស្រះ​មួយ​មាន​ជម្រៅ​ជ្រៅ​ទៀត​ផង​ នៅ​ពេល​ក្មេង​នោះ​នាំគ្នា​លេង​ទឹក​ចំ​ចំណុច​ស្រះ​នោះ​ក៏​រអិល​ជើង​ចូល​ទៅ​ក្នុង​ស្រះ​ហែល​មិន​រួច​ក៏​លង់​ស្លាប់​ទាំង​២នាក់​តែ​ម្តង​ទៅ ដោយ​ក្រុម​គ្រួសារ​ពុំអាចជួយ​សង្គ្រោះទាន់ពេល​នោះ​ទេ​។ ក្រុម​គ្រួសារ​សព​កំពុង​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​៕