សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​មោទនភាព​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង

សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​មោទនភាព​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េ បើ​ទោះ​បី​មាន​រយៈពេល​ខ្លី​ក៏​ពិតមែន ក៏ប៉ុន្តែ​ទំនាក់ទំនង​នេះ​បាន​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស៊ីជម្រៅ។ ជាមួយ​ការ​លើក​ឡើង​នេះ​ សម្តេច​ក៏បាន​ជំរុញ​បន្ថែមទៀត​ថា ប្រទេស​ទាំងពីរ​គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត មិន​ត្រឹមតែ​វិស័យ​ការពារ​ជាតិ​នោះ​ទេ ត្រូវ​ជំរុញ​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង ពាណិជ្ជកម្ម​ផង​ដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ទៅកាន់ លោក វ៉ាង អ៊ី​ន​មូ (Hwang Inmoo) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការគួរសម នា​ល្ងាច​ថ្ងៃទី ២៨ ខែ មិថុនា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ ហ៊ុនសែន ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ​លោក វ៉ាង អ៊ី​ន​មូ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា លោក​បាន​មើល​ឃើញ​ពី​ភាព​សកម្ម​របស់​ប្រជាជន​កម្ពុជា​ និង​ រីកចម្រើន ​នៃ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា លោក​សង្ឃឹមថា​ប្រទេស​កម្ពុជា​និង​មានការ​អភិវឌ្ឍ ឈានទៅ​មុខ​យ៉ាង​ឆាប់រហ័ស​បំផុត។

លោក វ៉ាង អ៊ី​ន​មូ ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​នេះ​ គឺ​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ឲ្យ​បាន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ថែមទៀត។ លោក វ៉ាង អ៊ី​ន​មូ ក៏បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​អំពី​លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​រូបលោក និង លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ដែល​ក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ន័យ​ជា​បងប្អូន។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ។ សម្តេច​បាន​បន្ត​ថា សម្តេច​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ទោះបីជា​ទំនាក់ទំនង​នេះ​មាន​រយៈពេល​ខ្លី​ក៏​ពិតមែន​ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​យ៉ាង​ស៊ីជម្រៅ។ លើសពី​នេះ​ទៅ​ទៀត​សម្តេច​តេ​ជោ​បាន​ធ្វើ​ការណែនាំ​ផ្តល់​អនុសាសន៍ បន្ថែម​ទៅលើ​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​ការពារ​ជាតិ​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ក៏ដូចជា​ចារកម្ម​ដែរនោះ គប្បី​ពិនិត្យមើល​ស្វែងរក​នូវ​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត ដូចជា​វិស័យ​វិនិយោគ ទេសចរណ៍ និង ការ​នាំ​ផលិតផល​កម្ពុជា ចេញទៅ​កាន់​ទីផ្សារ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ៕