កម្ពុជា​គាំទ្រ​បេក្ខភាព​ប្រទេស​ស៊ុយ​អ៊ែត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ

កម្ពុជា​គាំទ្រ​បេក្ខភាព​ប្រទេស​ស៊ុយ​អ៊ែត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ



ភ្នំពេញ ៖ ការប្រកាស​គាំទ្រ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី Anna Maj Hulgard ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ស៊ុយ​ អ៊ែត​ ប្រចាំ​កម្ពុជា​ចប់​អាណត្តិ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​ការ​ជួយឧបត្ថម្ភ​របស់​ប្រទេស​ស៊ុយ​អ៊ែត ចំពោះ​ប្រទេស​កម្ពុជា ដែល​ចាប់ផ្តើម​មាននៅ​ដើម​ទសវត្ស​ទី​៨០ ក្នុងពេលនោះ​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ហ៊ុម​ព័ន្ធ​សេដ្ឋកិច្ច​របស់​លោក​ខាងលិច ដែល​នៅ​ពេល​នោះ​រដ្ឋាភិបាល​នៃ​ប្រ​ទេស​ស៊ុយ​អ៊ែត មាន​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ហើយក៏​បាន​ផ្តល់​ការ​ជួយឧបត្ថម្ភ និង​គាំទ្រ​មកដល់​កម្ពុជា តាំងពី​ពេលនោះ​មក ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​លោកស្រី Anna Maj Hulgard ឯកអគ្គរដ្ឋទូត ដែល​បាន​ខិត​ខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការ​ពង្រឹង និង​ពង្រីក និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ផ្នែក​របស់​ប្រទេស​ទាំងពីរ។

លោកស្រី Anna Maj Hulgard បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សក្ដានុភាព​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដ៏​ខ្លាំងក្លា​របស់​កម្ពុជា គឺជា​ការ​រីកចម្រើន​មួយ​គួរ​ឲ្យ​កោតសរសើរ​។ ហើយ​លោកស្រី​មានការ​ចាប់អារម្មណ៍​ចំពោះ​បរិយាកាស​ទាក់ទាញ​វិនិយោគទុន​នៅ​កម្ពុជា ហើយ​លោកស្រី​នឹង​ជំរុញ​ឲ្យ​មានការ​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។

លោកស្រី Anna Maj Hulgard បាន​បន្ត​ថា អ្នក​ដែល​មក​ទទួល​បន្ត​ជា​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត ប្រចាំ​កម្ពុជា នឹង​ទទួល​បាន​ការ​ជួយឧបត្ថម្ភ​ពី​ក្រសួងការបរទេស និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​និង​ពង្រីក​រវាង​ប្រទេស​ទាំងពីរ​បន្ត​ទៅ​ទៀត​។ ហើយ​នៅក្នុងពេល​ការងារ​នៅ​កម្ពុជា លោកស្រី​បាន​ខិតខំ​ឲ្យ​មានការ​វាយតម្លៃ​មួយ​ដែល​ត្រឹមត្រូវ​ចំពោះ​កម្ពុជា ដោយមាន​ការ​ថ្លឹងថ្លែង​អំពី​ទិដ្ឋភាព​អវិជ្ជមាន​មួយ​ចំនួន ជាមួយនឹង​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ដ៏​គួរ​ឲ្យ​កោតសរសើរ​នៅ​កម្ពុជា ហើយ​លោកស្រី​ខិតខំ​រក្សា​នូវ​ការវាយតម្លៃ​មួយ​ដែល​មាន​ភាព​ត្រឹមត្រូវ​ចំពោះ​កម្ពុជា និង​ប្រជាជន​កម្ពុជា។
លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Anna Maj Hulgard ដែល​បាន​រក្សា​នូវ​ការវាយតម្លៃ​ដ៏​ត្រឹមត្រូវ​មួយ​ចំពោះ​ប្រទេស​កម្ពុជា និង​អរគុណ​ចំពោះ​ការ​ជំរុញ​អ្នកវិនិយោគទុន​មក​កម្ពុជា ពិសេស​គឺ​ការ​សរសេរ​អត្ថបទ​របស់​លោក​ស្រី ស្តី​ពី​កម្ពុជា​ជា​គោលដៅ​សម្រាប់​ធុរកិច្ច​មក​រក​ស៊ី​នៅ​កម្ពុជា ដែល​នេះ​គឺជា​ការ​រួមចំណែក​មួយ​ដ៏​សកម្ម​របស់​លោកស្រី ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។

លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត​ថ្មី នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នៅ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​គូស​បញ្ជាក់​ជូន​លោកស្រី Anna Maj Hulgard អំពី​ការសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​បេក្ខភាព​ប្រទេស​ស៊ុយ​អ៊ែត ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៧-២០១៨ ហើយ​ដែល​ការបោះឆ្នោត​ប្រព្រឹត្តទៅ​នៅ​ទៅ​ក្រុង​ញូវយ៉ក នា​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​កម្ពុជា​បោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់​ស៊ុយ​អ៊ែត​៕