ក្រសួង​ការងារ​ស្នើសុំ​ឲ្យ​សហជីព​និង​សមាគម​និយោជក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​សហជីព

ក្រសួង​ការងារ​ស្នើសុំ​ឲ្យ​សហជីព​និង​សមាគម​និយោជក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​សហជីព



ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ឲ្យ​សហជីព​និង​សមាគម​និយោជក​ដែល​មាន​ចុះ​បញ្ជិកា​រួច​ក៏ដូចជា​សហជីព​ និង ​សហគមន៍​និយោជក​ដែល​កំពុង​ស្នើ​សុំ​បញ្ជិកា​បំពេញ​តាម​លក្ខខណ្ឌ​ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កាតព្វកិច្ច​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​សហជីព។

ច្បាប់​ស្តី​ពី​សហជីព​ដែល​មាន​១៧​ជំពូក ​និង ​១០០​មាត្រា​ត្រូវ​បាន​រដ្ឋសភា​នៃ​កម្ពុជា បាន​អនុម័ត​ដោយ​ទទួល​បាន សំឡេង​គាំទ្រ​ភាគច្រើន​ដាច់ខាត​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦​ហើយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​នស​/​រកម​/០៥១៦/០០៧​ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦។

អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​បាន​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​ច្បាប់​សហជីព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ចាត់​ទុក​ការ​អនុម័ត​ច្បាប់​នេះ​ជា​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការអនុវត្ត​សេរីភាព​សហជីព​ និង​អង្គការ​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​សុខដុម​រមនីយ​កម្ម​ដ​ល់​ទំនាក់ទំនង​វិជ្ជាជីវៈ​កាត់បន្ថយ​រាល់​ភាព​អសកម្ម​ផ្សេងៗ​។

អង្គការ ILO បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់ដៃ​គូ សន្ទនា​សង្គម​នានា ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ខ្លឹមសារ ច្បាប់​ស្ដីពី​សហជីព និង​សិទ្ធិ​សេរីភាព​នៃ​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ដែល​ចុះហត្ថលេខា​ដោយ​លោក​អ៊ិត ​សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​ធានា​នូវ​ការ​ការពារ​សិទ្ធិ​ និង ​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយ​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​ច្បាប់​ស្តី​ពី​បុគ្គលិក​ធ្វើការ​តាម​អាកាស​ និង​ ផ្លូវ​សមុទ្រ​ និង​ធានា​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព​រវាង​កម្មករ​និយោជិក​ និង ​និ​យោជន​ព្រមទាំង​ជំរុញ​ឲ្យ​មាន​សុ​ខុ​ដមរ​មនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ការងារ​សមរម្យ​សំដៅ​បង្កើន​ផលិតភាព​និង​ការ​វិនិយោគ​ដើម្បី​បង្កើត​ការងារ​ថ្មីៗ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​ក្រសួង​សូម​ឲ្យ​សហជីព​និង​សមាគម​និយោជក​ដែល​មាន​ចុះ​បញ្ជិកា​រួច​ក៏ដូចជា​សហជីព​ និង ​សហគមន៍​ដែល​កំពុង​ស្នើសុំ​បញ្ជិកា​បំពេញ​តាម​លក្ខខណ្ឌ​ និង ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កាតព្វកិច្ច​ដូច​មាន​ចែង​ក្នុង​សហជីព។

សេចក្តី​ជូន​ដំណឹង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម​សហជីព​សមាគម​និយោជក​គ្រប់​ជាន់ថ្នាក់​កម្មករ​និយោជិត​ និង ​និយោជក​ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​ច្បាប់​ស្តី​ពី​បុគ្គលិក​ធ្វើការ​តាម​អាកាស​ និង ​ផ្លូវ​សមុទ្រ​ព្រម​ទាំង​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​និង​អនុវត្ត​តាម​សមត្ថកិច្ច​រៀងៗ​ខ្លួន។

លោក​អ៊ិត ​សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​អះអាង​ថា «​ការ​អនុម័ត​ច្បាប់​នេះ​ គឺជា​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការអនុវត្ត​សេរីភាព​សហជីព​ និង​ អង្គការ​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​សុខដុម​រមនីយ​កម្ម​ដ​ល់​ទំនាក់ទំនង​វិជ្ជាជីវៈ​កាត់បន្ថយ​រាល់​ភាព​អសកម្ម​ផ្សេងៗ​។ អាយ​ឡូ​សន្យា​ថា ​នឹង​រួម​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ឲ្យ​បាន​ត្រឹមត្រូវ​»។

លោក​រដ្ឋមន្ត្រី​ថា ​ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដោយ​ស្មើមុខ​គ្នា ​និង​គ្មាន​ការរើសអើង​និង​ជួយ​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា៕