ឃាត់ខ្លួន​បុរស​ម្នាក់ ប៉ុនប៉ង​រំលោភ​អ្នកគ្រូ​ពេទ្យ​មិន​បាន​សម្រេច

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​រំលោភ​អ្នកគ្រូ​ពេទ្យ​តែ​មិន​បាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុង​ឃុំ​ត្បែង​២ ស្រុក​គូ​លេ​ន ។ ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ ហូរ សា​រ៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ បុត្រ ស៊ី​សុភា អាយុ​២៨​ឆ្នាំ ជា​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ត្បែង​២ ស្រុក​គូ​លេ​ន ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណី​នេះ​កើតឡើង ខណៈ​សាច់ញាតិ​ជន​រង​គ្រោះ​មិន​នៅផ្ទះ ឆ្លៀត​ឳ​កាស​ល្អ​ជនសង្ស័យ​ដែល​នៅផ្ទះ​ក្បែរ​គ្នា​ដែល​ប៉ុនប៉ង​រំលោភ​នោះ ក៏​បាន​កាន់​កូនកាំបិត​រួច​ឡើង​រក​នារី​រង​គ្រោះ​នៅ​លើ​ផ្ទះ ហើយ​គំរាម​រំលោភ ។

តែ​សភាពការណ៍​ពេល​នោះ​កំពុង​តែ​ប្រវាយប្រតប់ នារី​រង​គ្រោះ​ក៏​បាន​ធាក់​ជនសង្ស័យ​ត្រូវ​ដើមទ្រូង​មួយ​ជើង  ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​ជនសង្ស័យ​បាន​ផាយ លោត​ចុះ​តម្រង់​ទៅ​ផ្ទះ​ខ្លួន​បាត់​ទៅ ។ បន្ទាប់​ពី​កើតហេតុ ភ្លាម​នោះ​ដែរ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ជនសង្ស័យ នៅ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ត្បែង ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​គូ​លេ​ន ។ ក្រោយ​ពី​ធ្វើការ​សួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ នារី​រង​គ្រោះ​ពិតមែន តែ​មិន​បាន​សម្រេច​ឡើយ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បន្ត ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕