ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៣)

ភាគ​ទី​១៣
ក្មេង​ទាំង​នោះ គឺ​សុទ្ធ​ជា​កូន​សេនា​ជន​ជាតិ​ម៉ុងហ្គោលី​ទាំង​អស់ ពិត​មែន​តែ​គេ​មាន​វ័យ​នៅ​ក្មេង តែ​ពួក​វា​ចេះ​រក្សា​ចរិយា​ដ៏​ថ្លៃថ្នូរ​របស់​វា ​ពុំ​មាន​ក្មេង​ណា​ម្នាក់​ទៅ​អើពើ​នឹង​កាក់​មាស​នោះ​សោះ។
ទ្រង់​វានយានយុងជី​ទត​ឃើញ​ដូច្នោះ ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​សោះ ទ្រង់​ចាប់​កាក់​មាស​មួយ​ក្ដាប់​ទៀត​បោះ​ទៅ​ឱ្យ​ក្មេង​ទាំង​នោះ ព្រម​ទាំង​បាន​បន្លឺ​ព្រះ​សូរសៀង​ថា៖
«នាំ​គ្នា​ដណ្ដើម​ទៅ​អា​ចោល​ម្សៀត!»

 

ពពួក​ជន​ជាតិ​ម៉ុងហ្គោលី​ស្ដាប់​ហើយ ក៏​កើត​មាន​កំហឹង​​ក្ដៅ​ក្រហាយ​គ្រប់​ៗ​គ្នា។ ព្រោះ​ជនជាតិ​ម៉ុងហ្គោលី​នា​សម័យ​នោះ ​ពិត​មែន​តែ​មាន​វប្បធម៌​មិន​សូវ​ខ្ពង់ខ្ពស់ តែ​ពួក​គេ​មាន​សុជីវធម៌​ល្អ​ណាស់ ហើយ​ពួក​គេ​គោរព​ភ្ញៀវ​ជានិច្ច ពួក​គេ​មិន​ដែល​ពោល​ពាក្យ​ទ្រគោះ​ដាក់​គ្នា​ឡើយ សូម្បី​តែ​ជន​ជា​សត្រូវ​នឹង​គ្នា​ក៏​មិន​ដែល​ជេរ​ប្រទេច​គ្នា​ដែរ។

 

ភ្ញៀវ​ដែល​បាន​មក​ដល់​ជំរំ​ជនជាតិ​ម៉ុងហ្គោលី ហើយ​ទុក​ជា​ស្គាល់​ឬ​មិន​ស្គាល់​គ្នា​ក៏​ដោយ គេ​តែងតែ​ទទួល​ភ្ញៀវ​ទាំង​នោះ​ដោយ​រាក់ទាក់​ជា​ទី​បំផុត ប្រសិន​បើ​ភ្ញៀវ​មិន​គោរព​ម្ចាស់ ឬ​មួយ​ម្ចាស់​មិន​គោរព​ភ្ញៀវ​តាម​ប្រពៃណី​ទេ​នោះ ពួក​គេ​យល់​ថា​ជា​កំហុស​មួយ​យ៉ាង​ធំ​ក្នុង​សីលធម៌។

 

កួកឆេង​តែងតែ​ឮ​ម្ដាយ​ដំណាល​ពី​អំពើ​ឃោរឃៅ​របស់​ជនជាតិ​ជិនកួក ជនជាតិ​នេះ​ធ្វើ​ទុក្ខ​បុក​ម្នេញ កាប់​សម្លាប់​ប្រជាជន​ចិន​ដោយ​ឥត​ត្រាប្រណី ហើយ​ពួក​វា​បាន​ទាំង​រួម​គំនិត​ជា​មួយ​ជន​ក្បត់​សម្លាប់​អ្នក​ស្នេហា​ជាតិ​ឈ្មោះ​ង៉ាកហ៊ុយ ដោយ​ប្រើ​កលល្បិច​យ៉ាង​ថោក​តាំង​ពី​វា​ទើប​ដឹង​ក្ដី​មក​ម្ល៉េះ។
ពេល​នេះ​វា​ឃើញ​ព្រះ​រាជ​បុត្រ​នគរ​ជិនកួក​មាន​ឥរិយាបថ​ច្រឡើសបើស​ដូច្នោះ ក៏​រើស​យក​កាក់​មាស​ពីរ​បី​ពី​ដី​ឡើង រត់​សំដៅ​ទៅ​រក​ទ្រង់​វានយានយុងជី​ រួច​ចោល​ចំ​ព្រះ​ភក្ត្រ​ទ្រង់​វានយានយុងជី​ ព្រម​ទាំង​បន្លឺ​វាចា​ឡើង​ថា៖
«គ្មាន​អ្នក​ណា​គេ​ត្រូវ​ការ​ប្រាក់​សំអុយ​នេះ​ទេ!»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៣)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ