តើ​គួរ​ដាក់​ទាន​ដល់​ក្មេង​ៗ​នៅ​តាម​ដងផ្លូវ​ដែរ​ឬទេ?

នៅ​តាម​ដងផ្លូវ​ទីក្រុង​ភ្នំពេញ ហាក់ដូចជា​មាន​អ្នក​សុំទាន​ជា​ច្រើន​នៅ​ពេល​នេះ​។ អ្នក​សុំទាន​ខ្លះ​ជា​ក្មេង​តូច ហើយ​មាន​ពរ​ប្អូន​តូច​ថែម​ទៀត​ក៏​មាន​។ មើលទៅ​ពិតជា​គួរ​អោយ​អាណិត​ខ្លាំង​ណាស់​។ ដូច្នេះ​តើ​យើង​គួរតែ​ដាក់​ទាន​ដល់​ពួក​គេ​ឬ​យ៉ាងណា?

កុមារ​តូច​ៗ​ទាំងនោះ ស្ថិត​នៅ​ក្នុង​អាយុ​ដែល​សម​នឹង​ទទួល​បានការ​សិក្សា ដើម្បី​អនាគត​ប្រសើរ​ជាង​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​ស្ថានភាព​ក្រីក្រ​អាច​នឹង​ធ្វើ​អោយ​ឪពុក​ម្តាយ​របស់​ពួក​គេ​មិន​អាច​ផ្គត់ផ្គង់​ពួក​គេ​បាន​រៀនសូត្រ​ដូច​ក្មេង​ឯទៀត​ទេ​។ ជាង​នេះ​ទៀត​នោះ ឪពុក​ម្តាយ​របស់​ពួក​គេ​អាច​នឹង​ប្រាប់​ពួក​គេ​អោយមក​ដើរ​សុំទាន ដើម្បី​ជួយ​ដល់​ការ​រក​ចំណូល​ចិញ្ចឹមជីវិត​។

ខណ​:​ដែល​ការ​ដើរ​សុំទាន​អាច​ធ្វើ​អោយ​កុមារ​តូច​ៗ​ទាំងនោះ​បាន​ចំណូល​ចិញ្ចឹម​ក្រពះ នោះ​អនាគត​ដ៏​វែង​ឆ្ងាយ​ទាំងមូល​របស់​ពួក​គេ​នឹង​ត្រូវ​បាត់បង់ កាលបើ​ពួក​គេ​មិន​បាន​រៀនសូត្រ​អោយ​បាន​ជ្រៅជ្រះ​។ ដូច្នេះ​ជីវិត​ទាំងមូល​នឹង​ត្រូវ​លិចលង់​។

ការ​ដាក់​ទាន​ដល់​ពួក​គេ​នឹង​ជំរុញ​អោយ​មានការ​កេងប្រវ័ញ្ច​ទៅ​លើ​កុមារ​កាន់តែ​ច្រើន​តែ​ប៉ុណ្ណោះ ដោយ​ធ្វើ​អោយ​ឪពុក​ម្តាយ​ក្រីក្រ​ខ្លះ​ភ្លេច​គិត​អំពី​អនាគត​វែង​ឆ្ងាយ​របស់​កូន​។ នេះ​មាន​ន័យ​ថា ទាន​ដែល​ជា​អំពើ​ល្អ​អាច​នឹង​បំផ្លាញ​ដល់​អនាគត​របស់​ក្មេង​ទៅ​វិញ​។

ការ​រក​ប្រាក់​ចិញ្ចឹមជីវិត ឬ​ក៏​ចិញ្ចឹម​គ្រួសារ​មិនមែន​ជា​ភារកិច្ច​របស់​ក្មេង​តូច​ៗ​នោះ​ឡើយ​។ វា​ជា​ការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​ឪពុក​ម្តាយ​។

ដូច្នេះ​បើសិនជា​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​អាណិត​ដល់​ក្មេង​ទាំងនោះ គេ​មិន​ត្រូវ​ដាក់​ទាន​ដល់​ក្មេង​ទាំងនោះ​ឡើយ​។ ជា​បណ្តើរ​ៗ​ឪពុក​ម្តាយ​ក្រីក្រ​នឹង​លែង​ប្រើប្រាស់​កូន​ដើម្បី​សុំទាន​រក​លុយ​ចិញ្ចឹមជីវិត​ដែរ ។

ការ​បន្ត​ដាក់​ទាន​ដល់​ក្មេង​ៗ​តាម​ដងផ្លូវ​នឹង​លើកទឹកចិត្ត​អោយ​មានការ​កេងប្រវ័ញ្ច​លើ​កុមារ​កាន់តែ​ច្រើន​។ ដូច្នេះ​ការ​បញ្ឈប់​ការ​ដាក់​ទាន​ដល់​ក្មេង​តូច​ៗ​តាម​ដងផ្លូវ​នឹង​អាច​ជួយ​ទប់ស្កាត់​ដល់​ការ​កេងប្រវ័ញ្ច​លើ​កុមារ​៕