របាំ​សហ​សម័យ​ឆ្លុះបញ្ចាំង​អំពី​តថភាព​សង្គម​បច្ចុប្បន្ន​ និពន្ធដោយ : ផន បុប្ផា VOA       June-29-2016, 7:59 am         53

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132របាំ​សហ​សម័យ​ឆ្លុះបញ្ចាំង​អំពី​តថភាព​សង្គម​បច្ចុប្បន្ន​​ភ្នំពេញ​៖ របាំ​សហ​សម័យ​គឺជា​របាំ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​២០​នេះ​។ វា​ជា​ប្រភេទ​របាំ​ម្យ៉ាង​ដែល​កើតចេញពី​គំនិត​ច្នៃប្រឌិត​របស់​អ្នកសិល្បៈ​។ របាំ​នេះ​អាច​បង្ហាញ​ពី​កង្វល់ ឬ​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម​ដែល​អ្នកសិល្បៈ​ចង់បង្ហាញ​ឲ្យ​សង្គម​បានដឹង​។ ទោះជា​យ៉ាងនេះ​ក៏ដោយ អ្នករាំ​របាំ​សហ​សម័យ​បាន​និយាយថា ពួកគេ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ទស្សនិកជន​ឲ្យ​ទស្សនា​របាំ​នេះ​។ កញ្ញា ជី លី​ណា បាន​ថ្លែងថា​៖ «​របាំ​សហ​សម័យ​គឺជា​របាំ​នៅក្នុង​ទម្រង់​ថ្មី​មួយ​។ វា​គឺជា​របាំ​មួយ​ដែល​អ្នក​ត្រូវ​ស្វែងរក​ផ្លូវ​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុងការ​បង្កើត​ក្បាច់​រាំ​»​។​

​អ្នករបាំ​នៅក្នុង​ការសម្តែង​ចំនួន​ពីរ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ក្រុងភ្នំពេញ​និយាយថា ពួកគេ​សង្ឃឹមថា ទស្សនិកជន​អាច​យល់ដឹង និង​ឲ្យ​តម្លៃ​ទៅលើ​ទម្រង់​សិល្បៈ​ថ្មី​មួយ ដែល​ប្រកបដោយ​ការលំបាក គឺ​របាំ​សហ​សម័យ​ដែលជា​ការសម្តែង​របាំ​ដែល​រួមបញ្ចូល​នូវ​ចង្វាក់រាំ​ខ្មែរ​ជាមួយនឹង​ចង្វាក់រាំ​ថ្មី​ទំនើប​។​

​ការសម្តែង​របាំ​ដែលមាន​ឈ្មោះថា​៖«​ដំណើរ​ចាកចេញ​» ដែល​ត្រូវបាន​ដឹកនាំ​សម្តែង​ដោយ​អ្នកស្រី ជ័យ ចន្ទ​កិ​ត្យា ដែលជា​អ្នកដឹកនាំ​សិល្បៈ​របស់​អង្គការក្រៅរដ្ឋាភិបាល​អ​ម្រឹ​តា​សិល្បៈ​នោះ ឆ្លុះបញ្ចាំង​ពី​វិបត្តិ​នៃ​ភាពមិនប្រាកដប្រជា និង​បទពិសោធន៍​ជា​ជនភៀសខ្លួន ការធ្វើ​អន្តោប្រវេសន៍ ការព្រាត់ប្រាស់​គ្នា និង​ការស្លាប់​។​

​ការសម្តែង​របាំ​មួយទៀត​ដែលមាន​ឈ្មោះថា​«​កន្លែង​មួយ​» ដែល​ត្រូវបាន​ដឹកនាំ​សម្តែង​ដោយ​លោក ជី រតនា បង្ហាញ​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស និង​រវាង​មនុស្ស និង​សត្វ​។ ការសម្តែង​នេះ​ក៏​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍​បំផុសបំផុល ដោយ​ការជួប​ប្រទះ​ជា​លើកដំបូង និង​ប្រតិកម្ម​ពី​រាងកាយ និង​អារម្មណ៍ ដែល​មនុស្ស​ម្នាក់​មាននៅ​ក្នុង​បរិស្ថាន​ថ្មី​មួយ​។​

​អ្នកដឹកនាំ​សម្តែង​ទាំងពីរ​រូប​បាន​និយាយ​អំពី​ការងារ​របស់​ពួកគាត់​នៅ​អំឡុងពេល​ពិភាក្សាគ្នា​មួយ​នៅឯ​ហាង​កាហ្វេ Java ក្នុង​ក្រុងភ្នំពេញ​កាលពី​ពីរ​សប្តាហ៍​មុន ដោយបាន​ផ្តល់នូវ​ការបកស្រាយ​មួយ​អំពី​ទម្រង់​សិល្បៈ ដែល​មនុស្ស​មួយចំនួន​នៅ​កម្ពុជា មិនដែល​បាន​ជួបប្រទះ​។​

​សិល្បការិនី ជី លី​ណា ពន្យល់ថា របាំ​នេះ​បាន​នាំ​ឲ្យ​កញ្ញា​ស្គាល់​ពី​ខ្លួនឯង និង​បញ្ចេញ​គំនិត​របស់ខ្លួន​ផ្ទាល់​។ កញ្ញា ជី លី​ណា បាន​ថ្លែងថា​៖ «​របាំ​សហ​សម័យ​គឺជា​របាំ​នៅក្នុង​ទម្រង់​ថ្មី​មួយ​។ វា​គឺជា​របាំ​មួយ​ដែល​អ្នក​ត្រូវ​ស្វែងរក​ផ្លូវ​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុងការ​បង្កើត​ក្បាច់​រាំ​»​។​

​ការពិភាក្សា​នៅ​ហាង​កាហ្វេ​នោះបាន​ធ្វើឡើង ក្រោយពី​ការសម្តែង​របាំ​ទាំងពីរ​នៅឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដោយ​របាំ​ទាំងពីរ​មានការ​រួមបញ្ចូល​របាំ​ខ្មែរ​បុរាណ​ជាមួយនឹង​ចង្វាក់រាំ​ថ្មី​មិន​ធ្លាប់​បានឃើញ​ពីមុនមក​។​

​កញ្ញា លី​ណា បាន​បន្ថែមថា​៖ «​របាំ​សហ​សម័យ​គឺ​ខុសប្លែក​ពី​របាំ​ប្រពៃណី ប៉ុន្តែ​ក៏មាន​ចំណុច​ស្រដៀង​គ្នា​មួយចំនួន​ផងដែរ​។ នៅពេលដែល​យើង​ធ្វើការ​សម្តែង​របាំ​សហ​សម័យ យើង​ត្រូវ​ដឹង​ពី​មូលដ្ឋានគ្រឹះ ហើយ​យើង​ត្រូវ​ស្គា​ល់ពី​ខ្លួន​យើង​។ វា​ដូចគ្នា​ទៅនឹង​របាំ​ប្រពៃណី ដែល​យើង​ត្រូវការ​មូលដ្ឋានគ្រឹះ​ដែរ​»​។​

​កញ្ញា ចន្ទ​កិ​ត្យា ដែល​ទទួលបាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ពី​កម្មវិធី​វិចិត្រសិល្បៈ​ផ្នែក​របាំ និង​ចង្វាក់រាំ​នៅ​មហាវិទ្យាល័យ កាលី​ហ្វ​ញ៉ា បាន​និយាយថា​៖

«​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ចំណេះដឹង​ពី​ការមើល​ការសម្តែង​របាំ​សហ​សម័យនេះ​។ ខ្ញុំ​គិតថា ផលប្រយោជន៍​គឺ​យើង​បានឃើញ​អ្វីដែល​ថ្មី​។ មនុស្ស បើកាលណា​មិនដែល​ឃើញ​អ្វី​ថ្មី យើង​គ្មាន​ការរីកចម្រើន​នោះទេ​។ នេះ​ទីមួយ​។ ទី​ពីរ​ទៀត ទស្សនិកជន​អាច​ចាប់ផ្តើម​សួរ​សំណួរ ហើយ​ខ្ញុំ​ជឿថា ជានិច្ចកាល សង្គម​មួយ ឬ​ក្រុម​មួយ ឬ​មនុស្ស​ម្នាក់​អាច​អភិវឌ្ឍ​ខ្លួនឯង​ទៅបាន លុះត្រាតែ​មនុស្ស​នោះ​ចេះ​សួរ​សំណួរ​។ សំណួរ​ទៅកាន់​ខ្លួនឯង សំណួរ​ទៅកាន់​អ្នកដទៃ និង​បរិយាកាស​នៅ​ជុំវិញខ្លួន​»​។​

​កញ្ញា កិ​ត្យា បាន​បន្ថែមថា​៖ «​របាំ​សហ​សម័យនេះ គឺ​អនុញ្ញាត​ឲ្យ​មនុ​ស្សមាន​សេចក្តីក្លាហាន​ក្នុងការ​បញ្ចេញ​នូវ​ទស្សនៈ​ខ្លួនឯង​»​។​

​អ្នក​សម្តែង​របាំ​សហ​សម័យ​នៅ​កម្ពុជា​តែងតែ​ប្រឈម​នឹង​ការលំបាក​ជាមួយនឹង​ការផ្គត់ផ្គង់​មូលនិធិ ទីតាំង​ហាត់​សម និង​កន្លែង​សម្រាប់​ការសម្តែង​។ ប៉ុន្តែ​ក៏មាន​ជំនួយ​មួយចំនួន​ពី​គម្រោង Trojan Women Project ដែលជា​បណ្តាញ​មួយ​នៃ​មហោស្រព La MaMa ក្នុង​ក្រុង​ញូវយ៉ក ដែល​ធ្វើការ​ជាមួយ​សិល្បករ ដែល​ធ្វើការ​សម្តែង​ជុំវិញ​ពិភពលោក​។​

របាំ​សហ​សម័យ​ឆ្លុះបញ្ចាំង​អំពី​តថភាព​សង្គម​បច្ចុប្បន្ន​ និពន្ធដោយ : ផន បុប្ផា VOA       June-29-2016,  7:59 am         53

​អ្នកស្រី គីម អ៊ី​ម៉ា (Kim Ima) សមាជិក​ម្នាក់​នៃ​សមាជិក​ប្រាំ​នាក់​នៃ​គម្រោង Trojan Women Project បាន​បកស្រាយ​ថា គម្រោង​នេះ​បានចាប់ផ្តើម​សហការ​ជាមួយនឹង​អង្គការ​អ​ម្រឹ​តា​សិល្បៈ ដើម្បី​បង្កើត​ការសម្តែង​របាំ​មួយ​ពី​សោកនាដកម្ម​សម័យកាល​ក្រិ​ក​បុរាណ​ស្តីអំពី​ផលវិបាក​នៃ​ជម្លោះ​មួយ​។​

«​វា​គឺជា​ការសម្តែង​សិល្បៈ​ដែលមាន​អ្នករាំ អ្នក​ច្រៀង និង​អ្នកលេង​តន្ត្រី​។ អ្នក​ទាំងអស់នោះ​រៀន​ជាមួយគ្នា ហើយ​យើង​នាំ​អ្នកទស្សនា​ឲ្យ​ចូលរួម​ជាមួយ​យើង​។ យើង​ប្រាប់​ពួកគាត់​អំពី​រឿង​របស់ Trojan Women»​។​

​អ្នកស្រី​បាន​បន្ថែមថា ការសម្តែង​នេះ​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​កញ្ញា ចន្ទ កិ​ត្យា បាន​និយាយថា បញ្ហា​ប្រឈម​មួយទៀត​គឺ​ការនាំ​ប្រជាជន​កម្ពុជា​ឲ្យ​ផ្តល់​តម្លៃ​ដល់​ការសម្តែង​ដ៏​លំបាក​នានា​។ ប្រជាជន​ក្រុងភ្នំពេញ​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ មិនសូវ​ចាប់អារម្មណ៍​នឹង​ការ​ចេញទៅ​ក្រៅ ដើម្បី​ទស្សនា​កម្មវិធី​វប្បធម៌​ផ្សេងៗ​ឡើយ​។ អ្នកស្រី​បកស្រាយ​ថា ក្រុម​អ្នករៀបចំ​បាន​ខិតខំ​រក្សា​តម្លៃ​សំបុត្រ​ឲ្យ​ទាប​។​

«​អញ្ចឹង​ដើម្បី​បំបែក​ឧបសគ្គ​នេះ​អញ្ជើញ​ចេញមក​។ ទីក្រុង​ភ្នំពេញ​មាន​របស់​ច្រើន​មែនទែន​សម្រាប់​អ្នក​ទាំងអស់គ្នា​ទៅ​ទស្សនា​។ មាន​សារមន្ទីរ មានការ​តាំង​ពិ​ព​ណ៏ មានការ​ប្រគុំ​តន្ត្រី​។ មិនមែន​មានតែ​កន្លែង​ញ៉ាំ​នោះទេ​។ ឧបសគ្គ​ទី​ពីរ​ខ្ញុំ​គិតថា យើង​មិនទាន់​ចេះ​មើល​ទម្រង់​បែប​សហ​សម័យនេះ​ទេ​។ អញ្ចឹង​ប្រជាជន​មានការ​អល់អែក​ថា មិនដឹង​ជា​ទៅ​មើល​ធ្វើ​អ្វី បើ​ខ្លួនឯង​អត់​យល់​ផង​។ តាមពិត​យើង​ទៅ​មើល​មិនមែន​ដើម្បី​យល់​នោះទេ តែ​គឺ​ដើម្បី​សួរ​ខ្លួនឯង​ឲ្យ​បាន​កាន់តែច្រើន​»​។​

​ទោះបីយ៉ាងណា​ក៏ដោយ គោលបំណង​នៃ​ការសម្តែង​របាំ​នេះ គឺ​ដើម្បី​បំផុស​នូវ​គំនិត​ថ្មីៗ​នៅក្នុង​ចំណោម​ទស្សនិកជន​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ