មិន​គួរ​សោះ ! ស្ត្រី​ម្នាក់​ត្រូវ​រថភ្លើង​កៀរ​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទៅ​អង្គុយ​លេង​នៅ​លើ​ផ្លូវដែក​មួយ​កន្លែង ពេល​រថយន្ត​ភ្លើង​មក​មិន​បាន​លោត​ចេញ​ភ្លាម​ៗ​ទេ លុះ​រថភ្លើង​ទៅ​ជិត​ដល់​ទើប​លោត​ចេញ ប៉ុ​ន្ត​មិន​ផុត​ក៏​ត្រូវ​បាន​រថភ្លើង​កៀរ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ដុំ​ថ្ម រង​របួស​បាក់ជើង​ស្ដាំ​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវដែក ខ្សែ​ភ្នំពេញ​-​កំពត ត្រង់​ចំណុច​ផ្លូវ​បេតុង​ឆ្លងកាត់ ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ អ៊ិ​ន សិរី​ម៉ា​លី​នី អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ម្នាក់ អាយុ​ទើប​ជាង​១​ខួប​ប៉ុណ្ណោះ នាង​បាន​លែងលះ​គ្នា​ជាមួយ​ប្ដី​យូរ​មក​ហើយ និង​មាន​សតិ​ស្មារតី​មិន​ប្រក្រតី​នោះ​ឡើយ ។ កន្លង​មក​នាង​តែងតែ​ដើរ​គ្មាន​គោលដៅ​នោះ​ទេ មាន​ពេល​ខ្លះទៅ​រហូត​ដល់​ខេត្តកំពង់ចាម​ក៏​មាន​ដែរ ។ ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ នាង​បាន​ទៅ​អង្គុយ​លេង​នៅ​លើ​ផ្លូវដែក​ខាងលើ ខណៈនោះ​មាន​រថភ្លើង​១​ខ្សែ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ខេត្តកំពត​ចូល​មក​ភ្នំពេញ ឆ្លងកាត់​ទីនោះ ខណៈនោះ​ភ្លាម​ៗ​នាង​មិន​បាន​លោត​ចេញ​ភ្លាម​នោះ​ឡើយ រហូត​រថភ្លើង​ទៅ​ជិត​ដល់​ទើប​លោត​ចេញ ប៉ុ​ន្ត​មិន​ផុត​ក៏​ត្រូវ​បាន​រថភ្លើង​កៀរ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ដុំ​ថ្ម រង​របួស​បាក់ជើង​ស្ដាំ​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ហើយ​រថភ្លើង​មិន​បាន​ឈប់​ទេ បាន​បន្តដំណើរ​ទៅ​បាត់ ។

ក្រោយ​ពេល​កើត ហេតុ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​និង​ភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​រុំ​របួស​ឲ្យ និង ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ៕