គ្រូភ្នំពេញក្រោន និងស្វាយរៀង និយាយអ្វីខ្លះមុនប៉ះគ្នាវគ្គ១/២ផ្តាច់ព្រ័ត្រថ្ងៃនេះ?

ការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ឆ្នាំ២០១៦ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធនេះ ហើយការជួបគ្នារវាងក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង២ ថ្ងៃពុធនេះ វាជាជំនួបសងសឹកដ៏សំខាន់បំផុត។

m1 លោក សែម សំណាង  គ្រូ​បង្វឹក​ក្រុម​ភ្នំពេញក្រោន

គេនៅចាំបានថា ការប្រកួត កាលពីរដូវកាលឆ្នាំ២០១៥ ព្រះខ័នរាជស្វាយរៀង ឬក្រុមស្វាយរៀង បានទម្លាក់ក្រុមភ្នំពេញក្រោន នៅត្រឹមវគ្គ៨ក្រុម តាមរយៈការយកឈ្នះ ៤-១ មុនពេលពួកគេបន្តយកឈ្នះក្រុមត្រាយអាស៊ី(ខេមបូឌានថាយហ្គឺរ) ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ និងឈ្នះក្រុមណាហ្គាវើល នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន។ យ៉ាងណាក៏ដោយ សម្រាប់ការវិលមកជួបគ្នាក្នុងវគ្គនេះគ្រូបង្វឹករបស់ក្រុមទាំង២នេះ បានបង្ហាញពីការបាតរម្ភរៀងៗខ្លួន។

M2 លោក សំ វ៉ាន់ដេត  គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជស្វាយ​រៀង

លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានប្រាប់កាលពីម្សិលមិញថា៖«យើងបានហ្វឹកហាត់ជាធម្មតាដូចសព្វដឹង ហើយយើងតែងតែមានសង្ឃឹមក្នុងការឈ្នះ បើសិនជាយើងលេងបានត្រឹមត្រូវ និងអនុវត្តបានល្អនៅលើទីលានទៅតាមការរៀបចំរបស់យើងនោះ ហើយកីឡាករដែលធ្លាប់រកបានគ្រាប់បាល់កន្លងមក វានៅតែជាក្តីរំពឹងក្នុងការរកបានគ្រាប់បាល់»។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា៖យើងដឹងហើយថា ស្វាយរៀង ជាក្រុមមានសមត្ថភាព និងមានបទពិសោធល្អ ខណៈ ប្រាក់ មុន្នីឧត្តម ធ្លាប់លេងក្នុងក្រុមជម្រើសជាតិរាប់ឆ្នាំមកនោះ ជាកីឡាករដ៏មានឥទ្ធិពលម្នាក់ក្នុងក្រុមនេះ ដែលគេពូកែនៅជាមួយបាល់ និងមានកម្លាំងល្អ ហើយកីឡាករមួយចំនួនទៀតរបស់ស្វាយរៀង ក៏លេងបានល្អផងដែរ អ៊ីចឹងហើយបើសិនជាយើងមិនយើងយកចិត្តទុកដាក់ និងចាប់អារម្មណ៍លើបញ្ហាទាំងអស់នេះ យើងនឹងជួបការលំបាក»។

លោក សែម សំណាង ហាក់មានទំនុកចិត្តទៅលើខ្សែប្រយុទ្ធ កែវ សុខផេង,ធារី ចន្ថាប៊ីន, កែវ សុខង៉ន និងកីឡាករវ័យក្មេង អ៊ិន សុដាវីត ក្នុងការរកបានគ្រាប់បាល់ក្នុងការប្រកួតដ៏សំខាន់នេះ ខណៈព្រះខ័នរាជសស្វាយរៀង រំពឹងថា ប្រាក់ មុន្នីឧត្តម នឹងសហការលេងបានល្អជាមួយ សុក សំណាង និង សំអឿន ពិដោរ ដើម្បីនាំយកជ័យជម្នះជូនក្រុម ក្នុងដំណើរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត»។

ចំណែកលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់ថា៖«បើទោះបីជាយើងមានកម្មវិធីប្រកួតមមាជឹក ប៉ុន្តែយើងនៅតែត្រៀមខ្លួនបានល្អ ដោយយើងតែងតែទុកកម្លាំងកីឡាករល្អៗរបស់យើង សម្រាប់ត្រៀមការប្រកួតដ៏សំខាន់នេះ ព្រោះ៤ក្រុមដែលឡើងមកដល់វគ្គនេះគឺសុទ្ធតែខ្លាំងដូចគ្នា ហេតុនេះយើងមិនអាចមើលស្រាយគេបាននោះទេ»។

លោកបានបញ្ជាក់ថា៖«នៅឆ្នាំនេះ ភ្នំពេញក្រោន មានសន្ទុះឡើងខ្លាំង ដោយកីឡាករខ្មែររបស់ក្រុមនេះលេងបានស៊ីចង្វាក់គ្នាណាស់ ហើយនោះជាធនធានដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍនបាល់ទាត់នៅកម្ពុជា។ ខ្សែប្រយុទ្ធ កែវ សុខផេង និង ធារី ចន្ថាប៊ីន ជាអ្នកនាំលេងយ៉ាងសំខាន់របស់ភ្នំពេញក្រោន ហើយកីឡាករក្មេងៗមួយចំនួនទៀតដែលខ្ញុំមិនស្គាល់ឈ្មោះនោះក៏លេងបានល្អផងដែរ ហេតុនេះយើងត្រូវតែលេងដោយប្រុងប្រយ័ត្នខ្ពស់បំផុត ប៉ុន្តែខ្ញុំក៏មានការជឿជាក់ផងដែរថា ប្រាក់ មុន្នីឧត្តម សុក សំខាន់ និង សំអឿន ពិដោរ ដែលជាកីឡាករជួរមុខរបស់យើងនោះ នឹងសហការគ្នាលេងបានល្អ ដើម្បីជួយឲ្យក្រុមឡើងទៅការការពាននៅវគ្គផ្តាច់ព្រ័ត្រជាបន្តទៀត»៕