តុលាការ​កោះកុង​បើកសវនាការ​សកម្មជន​បរិស្ថាន​ដោយ​មិន​ឲ្យ​សាធារណជន​ចូល​ស្តាប់​ និពន្ធដោយ : ហ៊ុល រស្មី VOA       June-29-2016, 8:59 am         42

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​កោះកុង​បើកសវនាការ​សកម្មជន​បរិស្ថាន​ដោយ​មិន​ឲ្យ​សាធារណជន​ចូល​ស្តាប់​​ភ្នំពេញ​៖ តុលាការ​ខេត្តកោះកុង កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​បើក​អង្គ​សវនាការ​ដោយ​មិន​ឲ្យ​សាធារណជន​ចូល​ស្តាប់​ការជំនុំជម្រះ​ក្តី​សកម្មជន​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​ក្នុង​សំណុំរឿង​ទប់ស្កាត់​ការ​បូម​ខ្សាច់​នៅក្នុង​ខេត្ត ដែល​នៅជាប់​នឹង​ប្រទេស​ថៃ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំខេត្ត​កោះកុង​។​

​សកម្មជន​ទាំងបី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ រួមមាន លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិ​គា និង​លោក ស៊ីម សំណាង​។ ពួកគេ​ត្រូវបាន​ព្រះរាជអាជ្ញា​តុលាការ​ដំបូង​ខេត្តកោះកុង ចោទប្រកាន់​ពីបទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ក្នុងអំឡុងពេល​ពួកគេ​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង ហើយ​ត្រូវ​ចាប់​ដាក់ពន្ធនាគារ​ចាប់តាំងពី​ពាក់កណ្ដាល​ខែសីហា ឆ្នាំ​២០១៥​។​

​លោក អ៊ិន គង់​ជិត មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​ប្រាប់ VOA នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា តុលាការ​បាន​បើកសវនាការ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដោយ​ការសួរដេញដោល​ទៅលើ​សកម្មជន​ទាំងបី​នាក់ មន្ត្រី​អាជ្ញាធរ​ស្រុក​បទុម​សាគរ តំណាង​ក្រុមហ៊ុន Direct Acess និង​មន្ត្រី​ធនធាន​រ៉ែ​។​

​លោក​បន្តថា តុលាការ​បាន​បន្ត​សួរ​សាក្សី​ចំនួន​១៦​នាក់​បន្ថែមទៀត នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ដដែល​នោះ ទាក់ទិន​សំណុំរឿង​ទប់ស្កាត់​ការ​បូម​ខ្សាច់​នេះ​។ លោក​បញ្ជាក់ថា សវនាការ​នេះ​មិនបាន​បើក​ឲ្យ​មានការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះទេ ដោយ​តុលាការ​ប្រាប់ថា បន្ទប់​អង្គ​សវនាការ​មាន​លក្ខណៈ​តូចចង្អៀត​។​

​ទាក់ទង​នឹង​ការបិទបាំង​នេះ លោក អ៊ិន គង់ ជិត​ថ្លែងថា យុវជន​ទាំងបី​នាក់​នេះ​មុខជា​ពិបាក​រកឃើញ​ពន្លឺយុត្តិធម៌​។ «​យើង​មើលទៅ​ការរៀបចំ​ដំណើរការ​នោះ​ហាក់ដូច​ជាមាន​អ្វី​ជា​អាថ៌កំបាំង ហើយ​យើង​រពឹង​ថា យុត្តិធម៌​ប្រហែលជា​មិនអាច​ស្វែង​រកបាន​ចំពោះ​ជនជាប់ចោទ​ទាំងបី​ហ្នឹង​ទេ​»​។​

​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បាន​បន្ថែមថា ប្រជាពលរដ្ឋ​ប្រមាណ​៩០​នាក់ មកពី​សហគមន៍​នានា​ក្នុង​ខេត្តកោះកុង ដែល​រងគ្រោះ​ដោយសារ​ការរំលោភបំពាន​ដីធ្លី បានមក​ចូលរួម​ឃ្លាំមើល​អង្គ​សវនាការ​នេះដែរ​។​

​ការបើក​សវនាការ​ជម្រះ​ក្តី​សកម្មជន​ទាំងបី​នាក់​នេះ​បានកើត​ឡើង នៅក្រោយ​ពេលដែល​លោក Alejandro Gonzalez-Davidson ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ បាន​ប្តឹងទៅ​អង្គការសហប្រជាជាតិ​កាលពី​ខែមេសា ឆ្នាំ​២០១៦ ដើម្បី​សុំ​ឲ្យ​មានការ​បញ្ឈប់​ការធ្វើ​បាប​ដោយ​អំណាចតុលាការ​មកលើ​ស​កម្ម​ជន​ការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​ខេត្តកោះកុង​។​

VOA ព្យាយាម​ទាក់ទង​លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង​នៃ​តុលាការខេត្ត​កោះកុង​ដើម្បី​សុំ​ការអធិប្បាយ​ទាក់ទិន​ការបើក​សវនាការ​នេះ តែ​មិនទាន់​អាចទាក់ទង​បានទេ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​។​

​ចលនា​មាតា​ធម្មជាតិ​បានធ្វើការ​យ៉ាងសកម្ម​នៅក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅក្នុង​ខេត្តកោះកុង​។ ក្រៅពី​ការតវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ ក្រុម​ការពារ​បរិស្ថាន​នេះ​ក៏បាន​ទប់ស្កាត់​មិន​ឲ្យ​មានការ​វិនិយោគ​ទំនប់​វា​រី​អគ្គិសនី​លើ​ស្ទឹង​អា​រ៉ែ​ង​នៃ​ជួរ​ភ្នំ​ក្រវ៉ា​ញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Sinohydro ផងដែរ​។​សកម្មភាព​របស់​ពួកគេ​មិនបាន​ធ្វើឱ្យ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​មួយចំនួន​សប្បាយចិត្ត​នោះទេ​។​

​បន្ទាប់ពី​ការសាកសួរ​ដេញដោល​អ​ស់​រយៈពេល​មួយថ្ងៃ​ពេញ​នោះ តុលាការ​ខេត្តកោះកុង​បានប្រកាស​ផ្អាក​អង្គ​សវនាការ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ហើយ​តុលាការ​នឹង​បន្ត​អង្គ​សវនាការ​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​៕